វិភាគ៖ ហេតុអ្វីរដ្ឋាភិបាលបន្តចាប់ខ្លួនអ្នករិះគន់បញ្ហាព្រំដែន?

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ពេលត្រូវបាន​បញ្ជូន​មកក្រសួងមហាផ្ទៃ(រូបថតពីបណ្តាញសង្គមហ្វេសប៊ុក​)

ច្រើនជំនាន់មកនេះជម្លោះផ្ទៃក្នុងរបស់កម្ពុជាបានកើតឡើងជាបន្តបន្ទាប់ក្រោយពីរបបរាជានិយម​​​ស​ម្តេ​ច​​ ​ព្រះ​នរោត្តមសីហនុ បា​ន​ដួលរលំទៅដោយសារការធ្វើរដ្ឋប្រហារបស់លោកសេនាប្រមុខ លុន ន​ល់​។

ពេលនោះភ្លើងសង្គ្រាមផ្ទៃក្នុងដែលបង្កឡើងដោយអ្នកនយោបាយខ្មែរបានផ្ទុះឡើងជាហូរហែដូចជាការ​ផ្តួលរំ​លំរបប​ លន់​ នល់ ដោយរបបកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហម។

ការផ្តូលរំលំរបបខ្មែរក្រហមតាមរយៈការចូលលុកលុយរបស់កងទ័ពវៀតណាមមកកម្ពុជា ពេល​នោះរ​ប​បថ្មី​មួយទៀត​ត្រូវបានលើកបន្តុបឡើងឲ្យឡើងកាន់អំណាចគឺរបបសាធារណរដ្ឋប្រជា​មានិតកម្ពុ​ជាដែល​មេដឹកនាំខ្លះបានបន្តកាន់​អំណាច​មក​ដល់បច្ចុប្ប​ន្ន។

ការ​​ដែលកម្ពុជាធ្លាក់ក្នុងអណ្តាតភ្លើងសង្គ្រាមនោះ អ្នកតាមដានសង្គមមើលឃើញថាប្រ​ទេ​ស​ជិតខាងមា​ន​​​ថៃនិងវៀតណាមជា​ដើមនោះបានលួចរំកិលខ្សែបន្ទាប់ព្រំដែនរំលោភយកដីខ្មែរ។

ថ្វីត្បិ​តតែពេលនេះកម្ពុជាបានពន្លត់ភ្លើងសង្គ្រាមផ្ទៃក្នុងក៏​ដោយ ប៉ុន្តែភាពចម្រូង​សម្រាសនៃ​ការកំណ​ត់ខ្សែ​ប​ន្ទា​ត់ព្រំដែនបាន​បន្តផ្ទុះឡើង ពិសេស​​ការ​បោះ​បង្គោលជាមួយប្រទេសវៀតណាម។

ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនៅតែជាចំណុចសំខាន់របស់គណបក្សប្រឆាំង​វាយបកទៅ​លើបក្ស​កាន់អំណាច ខណៈ​ពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនអះអាងថាដីស្រែចំការ​ដែល​ពួកគេ​អាស្រ័យផលតាំងពី​ដូនតាមកពេ​ល​​នេះត្រូវបាត់បង់ទៅប្រទេសវៀតណាមតាមរយៈ​ការ​បោះ​បង្គោលថ្មីៗដែលដឹ​កនាំ​ដោ​យលោក ហ៊ុន សែន។

ការមិនទុកចិត្តលើការកំណត់ព្រំដែននេះធ្វើឲ្យគណបក្សកាន់អំណាចជិត៤០មកនេះបានស្វះស្វែងរក​ផែនទី​ពីអ​ង្គ​ការសហ​ប្រជាជាតិពីប្រទេស​បារាំងមកផ្ទៀងផ្ទាត់ដោយអះអាងថាដើម្បីជម្រះ​មន្ទិល​សង្ស័យ​ដូចការលើកឡើងរបស់គណបក្សប្រឆាំង និងស្របពេលបក្សកាន់​អំណាចបាត់បង់២២អសនៈ។

ប៉ុន្តែសម្រាប់មន្ត្រីបក្សប្រឆាំងវិញបានរិះគន់ថាការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនេះ ពួកគេថារដ្ឋាភិបាលរ​បស់លោក ហ៊ុន សែន ធ្វើឲ្យដីខ្មែរបានរួមតូចធ្វើឲ្យវៀត​​ណាម​ជាអ្នកចំណេញ។

ការបន្តរិះគន់បញ្ហាព្រំដែននេះធ្វើឲ្យសកម្មជននិងតំណាងរាស្ត្របក្សប្រឆាំងមួយចំនួនត្រូវរដ្ឋាភិបាល​ចាប់ខ្លួនរួមទាំងស​មា​ជិក​​ព្រឹទ្ធសភាលោក ហុង សុខហួរ ផងដែរ។

ក្រោយមានការចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំង ការចុះទៅ​ពិនិត្យបង្គោលព្រំដែនកម្ពុ​ជាវៀត​ណាមដោយតំណាងរាស្ត្រ​បក្សប្រឆាំងបានស្ងប់ទៅវិញ។

ប៉ុន្តែពេលនេះ តំណាងរាស្ត្រមួយរូបទៀតរបស់បក្សប្រឆាំងដែលសកម្មក្នុងការរិះគន់រឿងព្រំដែននិង​ជា​​​អ្ន​ក​​ធ្លាប់​ចុះពិនិត្យបង្គោលព្រំដែនផងនោះគឺលោក អ៊ុំ សំអាន ត្រូ​​វបានសមត្ថកិច្ចចាប់​ខ្លួនប​​ន្ថែម​ទៀត​។

តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យរដ្ឋាភិបាលចាប់ខ្លួនអ្នកហ៊ានរិះគន់រឿងព្រំដែន?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថាបញ្ហាព្រំដែនជាចំណុចរសើបរ​បស់​​រដ្ឋាភិបាល។ លោកថាបញ្ហានេះទាំងបក្សប្រឆាំងទាំងបក្សកា​ន់អំណាចកំពុងទាញយ​កប្រជាប្រិ​យ​ភាព​រៀងៗខ្លួន។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថាអ្វីដែលជាការព្រួយបារម្ភពីការបាត់បង់ប្រជាប្រិយភាពរបស់​​ប​​ក្សកា​ន់​​អំ​ណាចនោះ លោកថាមកពីបក្សកាន់អំណាចខ្លួនឯងមិនបានប​ង្ហាញតម្លាភាពឲ្យពលរ​ដ្ឋទូ​ទៅ​​អាច​ជឿទុកចិត្តទៅលើយន្តការ​កំណត់ខ្សែ​បន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម។ លោកថាចំណុច​ខ្សោ​​យ​មួ​យ​នេះដែលធ្វើឲ្យបក្ស​ប្រឆាំងចេះតែយកឱកាសនេះវាយលុក។

លោកថា៖ “នាយករដ្ឋមន្ត្រីគាត់ថ្លែងនៅក្នុងមន្ទីររដ្ឋសភាកាលពីឆ្នាំ២០១២ថាដីដែលកម្ពុជាដោះដូរ លោក អ៊ុំ សំអានក៏បានលើកឡើងដែរថាកម្ពុជាចូលវៀតណាម៩០០ហិកតា ចំណែកវៀតណាមចូល​កម្ពុជាវិញជាង​២០០០ហិ​កតា។ អញ្ចឹងអាការដោះដូរហ្នឹងគេត្រូវឲ្យមានតម្លាភាពឲ្យប្រជាពលរដ្ឋដឹង អ្នកដែលអត់ដី​​គាត់អាចទទួ​លដីដែល​នៅសល់ហ្នឹងបាន បើយើងដោះដូរហើយយើងអត់ឃើញ កាលណាដីដែលដោះដូរជាមួយវៀតណាមនឹងត្រូ​វអាជ្ញាធរ​ព្រំដែនកាន់​កាប់​បាត់ទៅ​ហើយហ្នឹង អញ្ចឹងអាដីថាចំណេញ​ពីវៀតណាមនេះវានៅត្រ​ង់ណា? ​បានន័​យថាពលរដ្ឋបាត់ដីនៅតែរងគ្រោះ អញ្ចឹងធ្វើពលរដ្ឋពិបាក​ជឿណាស់​មានន័យថាពល​រដ្ឋរងគ្រោះ​នៅតែ​រងគ្រោះ”។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា ថាការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន ដែលរិះគន់រឿ​ងបញ្ហាព្រំដែ​នពេលនេះ លោកថាបក្សកាន់អំណាចបានរំលោភរដ្ឋធម្មនុញ្ញធ្វើឲ្យពលរដ្ឋដកសេចក្តីទុក្ខ​ចិត្តពី​ការអនុវត្ត​​ច្បាប់របស់រដ្ឋាភិបាល។

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀតគឺលោក សូ ចន្ថា វិភាគថាការចាប់ខ្លួនលោក អ៊ុំ សំអា​ន ពេ​លនេះ លោកថា ជា​រូបភាពគំរាមកំហែងដល់បក្សប្រឆាំងនិងជាការបំភិតបំ​ភ័យដល់សង្គម​ស៊ី​វិលទាំ​ង​​ឡាយណាដែលហ៊ាន​និយាយ​បញ្ហា​ព្រំដែន​។

លោក សូ ចន្ថា វិភាគទៀតថាវិធានការរបស់លោក ហ៊ុន សែន មេដឹកនាំបក្សកាន់អំណាចនេះ លោកថាអាចជា​ការទប់​ស្កាត់​កុំ​ឲ្យ​ព័ត៌មានពីភាពចម្រូងចម្រា​សនៃការបោះប​ង្គោលព្រំដែ​នជាមួយ​ប្រទេសវៀតណា​ម​នេះ​ក​ក្រើកឡើងវិញធ្វើឲ្យពលរដ្ឋដ​ក​សេចក្តីទុកចិត្តបន្ថែមទៀត។

លោកបន្ថែមថា៖ “ពីព្រោះយើងឃើញហើយលទ្ធផលឆ្នាំ២០១៣គណបក្សប្រជាជនបាត់អស់២២អសនៈរួចទៅហើយ អញ្ចឹងអ្វីដែលជាការប៉ុនប៉ងរបស់បក្សកាន់អំណាចបន្ថែមទៀតគឺការព្យាយាមបិទមាត់បក្សប្រឆាំងកុំឲ្យ​និយាយបញ្ហាព្រំដែន បញ្ហាបូរណភាពទឹកដី ព្រោះអានេះជាបញ្ហាស្លាប់រស់របស់គណ​បក្សប្រ​ជាជនបាទ”។

ប៉ុ​ន្តែលោក សូ ចន្ថា គិតថាវិធានការបិទមាត់បក្សប្រឆាំងកុំឲ្យនិយាយពីបញ្ហាព្រំដែនេះ លោកថានឹងធ្វើឲ្យបក្សកាន់អំ​ណាច​ទេដែលកាន់តែបន្តធ្លាក់ចុះប្រជាប្រិយ ដោយលោកថាមជ្ឈដ្ឋាននានានឹងមើលឃើ​ញថាវិ​ធានការ​នោះរំលោ​​ភសិទ្ធិអ្នក​តំណាង​រាស្ត្រ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថាវិធានការរបស់​មេដឹកនាំបក្ស​កាន់អំ​​ណា​ចបច្ចុប្បន្នហាក់​បង្ហាញថាបក្សនេះកាន់តែភ័យខ្លាចរត់មិនទាន់បក្សប្រឆាំងនិងមួយវិញទៀត​ប្រឹងអូស​មន្ត្រីរ​ប​ស់ខ្លួនឲ្យរត់ឲ្យទាន់ការ​កំណែទម្រង់របស់ខ្លួន។

លោកបន្តថា៖ “បើគូរជារូបតុក្កតាគឺដៃម្ខាងទាញបោចសក់គណបក្សប្រឆាំងមិនឲ្យដើរទៅមុខឲ្យដួលបា​ស់​ជើងទៅ​ ហើយដៃ​ម្ខាងទៀតគឺក្របួចសក់រដ្ឋាភិបាលខ្លួនឯងដើម្បីឲ្យទៅ​ជាមួយកំណែទម្រ​ង់ឲ្យទាន់ពេល ហើយ​ក្នុងការ​អូសហ្នឹងដែល​ម្ខាងដែល​កំពុងអូសហ្នឹងពេលខ្លះត្រូវអូសបញ្ច្រាស”។

ទាំងអ្នកវិភាគទាំងអ្នកស្រាវជ្រាវយល់ឃើញថាគន្លឺះសំខាន់ក្នុងការស្តាប្រជាប្រិយភាពឡើងវិញរបស់ប​ក្សកា​ន់អំណាច ពួក​គេ​ថា​គឺត្រូវដោះលែងសកម្មជនបក្សប្រឆាំងទាំងអស់ ហើយងាក​មកពង្រឹងវប្ប​ធម៌ស​ន្ទនាបង្កើតឲ្យមានក្រុមការងារចម្រុះមួយ ស្រាវជ្រាវរាល់ឯកសាពាក់ព័ន្ធដែ​លបាន​បន្សល់ទុក​ពីស​ម័យ​មុនៗ រួចចុះពិនិត្យព្រំដែនទាំងអស់គ្នាបង្ហាញពីឯកភាពជាតិ នោះ​ទើបអា​ចទទួល​បានកា​រគាំ​ទ្រពី​ម្ចា​ស់​ឆ្នោត។

បើពុំ​នោះទេពួកគេព្រមានថាបក្សកាន់អំណាចដ៏យូរមួយនេះនឹងជួបបញ្ហាធ្ងន់ធ្ងរជាងឆ្នាំ២០១៣ទៀតនៅ​ពេល​បោះ​ឆ្នោ​តឆ្នាំ​២០១៧​និ​ង២០១៨ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ