តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាននៅក្នុងកិច្ចប្រជុំពេញអង្គ នៅរសៀលថ្ងៃអង្គារនេះ បានសម្រេចបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើតំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន ដែលត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារនៅរសៀលថ្ងៃត្រង់នេះ។
រដ្ឋសភាបានបើកកិច្ចប្រជុំសភាពេញអង្គមួយជាបន្ទាន់ នៅម៉ោងជិត៤រសៀលនេះ ដើម្បីពិភាក្សាករណីតំណាងរាស្រ្ត លោក អ៊ុំ សំអាន។ តំណាងរាស្រ្តបក្សសង្រ្គោះជាតិមិនបានចូលរួមកិច្ចប្រជុំនេះទេ។
ប្រធានរដ្ឋសភា លោក ហេង សំរិន ប្រកាសថាតំណាងរាស្រ្ត៦៣រូបមកពីគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ បានសម្រេចបោះឆ្នោតគាំទ្រចំណាត់ការរបស់តុលាការប្រឆាំងតំណាងរាស្រ្តបក្សប្រឆាំង។
មុនពេលកិច្ចប្រជុំពេញអង្គនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកនឹងបោះឆ្នោតគាំទ្រឲ្យរដ្ឋសភាអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីលើ លោក អ៊ុំ សំអាន ដោយលោកចាត់ទុកថាតំណាងរាស្រ្តរូបនេះបានបង្ក”ការញុះញង់ធំណាស់ដែលបង្កមហន្តរាយដល់ប្រទេសជាតិ”។
ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនយោធិនពិការក្នុងខេត្តសៀមរាប លោក ហ៊ុន សែន បានថ្លែងថាកិច្ចប្រជុំនេះមិនមែនពិភាក្សាពីការដកអភ័យឯកសិទ្ធិរបស់លោក អ៊ុំ សំអាន នោះទេ គឺពិភាក្សាថាតើសមាជិកសភាគាំទ្រឬមិនគាំទ្រដំណើរការនីតិវិធីរបស់តុលាការប្រឆាំង លោក អ៊ុំ សំអាន។
លោកមានប្រសាសន៍ថា៖ “ព្រោះអ្នកចាប់ គឺខាងអាជ្ញាធរអ្នកចាប់ ប៉ុន្តែត្រូវដោះស្រាយក្នុងសភា។ ចាប់ដោយបទល្មើសជាក់ស្តែង អត់មានដកអភ័យឯកសិទ្ធិទេ មានតែសួរសភាថាទៅមុខទៀតឬអត់? ទៅមុខឬថយក្រោយ? បើចង់ថយក្រោយ ត្រូវរកសំឡេង៣ភាគ៤។ ជំហររបស់ខ្ញុំ ខ្ញុំមិនដឹងថាសមាជិកសភាដទៃទៀតយ៉ាងម៉េចទេ ជំហររបស់ខ្ញុំក្នុងឋានៈជាសមាជិកសភាម្នាក់ បោះឆ្នោតប្រឆាំងនឹងការដករឿងក្តីនេះចេញ គឺឲ្យរឿងក្តីនេះទៅមុខ”។ លោកបញ្ជាក់ថាការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អ៊ុំ សំអាន បង្ហាញថានេះជាបទល្មើសជាក់ស្តែង។ លោក ហ៊ុន សែន លោក ហ៊ុន សែន ក៏បានប្រកាសចាប់ខ្លួនអ្នកដែលហ៊ាននិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ មានប្រសាសន៍ថាប្រសិនបើរដ្ឋសភាសម្រេចថាការចាប់ខ្លួនតំណាងរាស្រ្តស្របច្បាប់ វានឹងធ្វើឲ្យខូចមុខមាត់របស់ប្រធានរដ្ឋសភា លោក ហេង សំរិន និងស្ថាប័នរដ្ឋសភា។
លោក សុន ឆ័យ ក៏បានលើកឡើងពីការបកស្រាយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញពីបទល្មើសជាក់ស្តែងនិងការដកអភ័យឯកសិទ្ធិ។ លោកចាត់ទុកថាការសម្តែងមតិរបស់លោក អ៊ុំ សំអាន ជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងជាការបញ្ចេញសកម្មភាព ទៅលើបញ្ហាធំៗរបស់ជាតិ រួមមានអំពើពុករលួយ បញ្ហារំលោភដីធ្លីនិងបញ្ហាបូរណភាពទឹកដីជាដើម។ លោកបន្តថាកម្ពុជាមិនទាន់មានស្ថាប័នជាតិណាមួយដែលអាចបកស្រាយពីពាក្យនៃបទល្មើសជាក់ស្តែងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ។
អង្គការសង្គមស៊ីវិលជាង១០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសការចាប់ខ្លួន លោក អ៊ុំ សំអាន ហើយពួកគេចាត់ទុកថាការចាប់ខ្លួននេះផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងបង្ហាញពីការរួមតូចនៃលំហប្រជាធិបតេយ្យ ព្រមទាំងការមិនទទួលយកនូវនយោបាយបែបពហុបក្សនៅកម្ពុជា។
ដីកាបង្គាប់ឲ្យឃុំខ្លួនចេញផ្សាយនៅថ្ងៃអង្គារនេះ ចៅក្រមស៊ើបសួរលោក តុប ឈុនហេង បានដាក់លោក អ៊ុំ សំអាន ស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។ ជាមួយបទចោទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ លោក អ៊ុំ សំអាន អាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។ ចំពោះបទល្មើសញុះញង់ឲ្យមានការរើសអើង លោកអាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ៦លានរៀល៕ ដោយ កាន់ វិច្ឆិកា និងស៊ុន ណារិន