លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងថាលោកនឹងបោះឆ្នោតគាំទ្រឲ្យរដ្ឋសភាអនុញ្ញាតតុលាការបន្តនីតិវិធីលើតំណាងបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារនៅរសៀលថ្ងៃត្រង់នេះ។
រដ្ឋសភានឹងបើកកិច្ចប្រជុំសភាពេញអង្គមួយជាបន្ទាន់ នៅរសៀលម៉ោង៤ថ្ងៃអង្គារនេះ ដោយនឹងពិភាក្សាពីករណីតំណាងរាស្រ្ត លោក អ៊ុំ សំអាន។ តំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រកាសមិនចូលរួមកិច្ចប្រជុំនេះ។
ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនយោធិនពិការក្នុងខេត្តសៀមរាប លោក ហ៊ុន សែន បានថ្លែងថាលោកបានស្នើឲ្យរដ្ឋសភាពន្យារពេលប្រជុំដែលគ្រោងនៅពេលព្រឹក មកនៅរសៀលថ្ងៃអង្គារនេះ ដើម្បីលោកអាចចូលរួមកិច្ចប្រជុំនេះ។ លោកបញ្ជាក់ថាកិច្ចប្រជុំនេះមិនមែនពិភាក្សាពីការដកអភ័យឯកសិទ្ធិរបស់លោក អ៊ុំ សំអាន នោះទេ គឺពិភាក្សាថាតើសមាជិកសភាគាំទ្រឬមិនគាំទ្រដំណើរការនីតិវិធីរបស់តុលាការប្រឆាំង លោក អ៊ុំ សំអាន។
លោកមានប្រសាសន៍ថា៖ “ព្រោះអ្នកចាប់ គឺខាងអាជ្ញាធរអ្នកចាប់ ប៉ុន្តែត្រូវដោះស្រាយក្នុងសភា។ ចាប់ដោយបទល្មើសជាក់ស្តែង អត់មានដកអភ័យឯកសិទ្ធិទេ មានតែសួរសភាថាទៅមុខទៀតឬអត់? ទៅមុខឬថយក្រោយ? បើចង់ថយក្រោយ ត្រូវរកសំឡេង៣ភាគ៤។ ជំហររបស់ខ្ញុំ ខ្ញុំមិនដឹងថាសមាជិកសភាដទៃទៀតយ៉ាងម៉េចទេ ជំហររបស់ខ្ញុំក្នុងឋានៈជាសមាជិកសភាម្នាក់ បោះឆ្នោតប្រឆាំងនឹងការដករឿងក្តីនេះចេញ គឺឲ្យរឿងក្តីនេះទៅមុខ”។ លោកបញ្ជាក់ថាការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អ៊ុំ សំអាន បង្ហាញថានេះជាបទល្មើសជាក់ស្តែង។ លោក ហ៊ុន សែន ចាត់ទុកករណីលោក អ៊ុំ សំអាន ជា“ការញុះញង់ធំណាស់ដែលបង្កមហន្តរាយដល់ប្រទេសជាតិ”។
លោក ហ៊ុន សែន ក៏បានប្រកាសចាប់ខ្លួនអ្នកដែលហ៊ាននិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកមានប្រសាសន៍ថា៖ “ម៉ោងនេះហើយនៅមានផែនទីក្លែងក្លាយនិងមិនក្លែងក្លាយ។ ខ្ញុំសូមប្រកាសដាច់ណាត់ អ្នកណានិយាយពីផែនទីក្លែងក្លាយ គឺត្រូវចាប់ខ្លួនភ្លាម មិនថាអ្នកហ្នឹងជាអ្នកណាទេ”។
លោកនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថារដ្ឋាភិបាលបានប្រើប្រាស់ផែនទីស្របតាមរដ្ឋធម្មនុញ្ញនិងផែនទីតាមសន្ធិសញ្ញាបំពេញបន្ថែមដែលលោកថាព្រះមហាក្សត្របានឡាយព្រហស្តនិងរដ្ឋសភាបានផ្តល់សច្ចាប័ន។ លោកក៏បានព្រមានសង្គមស៊ីវិលនិងអ្នកច្បាប់មួយចំនួនក្នុងការនិយាយរិះគន់រដ្ឋាភិបាលរឿងការដកអភ័យឯកសិទ្ធិនេះ។ លោកបញ្ជាក់ថា៖ “សូមអ្នកសង្គមស៊ីវិលនិងពួកអ្នកនិយាយមើលឲ្យច្បាស់ រឿងចាប់ខ្លួនបទល្មើសជាក់ស្តែង”។
លោក ហ៊ុន សែន ឲ្យដឹងទៀតថារដ្ឋាភិបាលធ្លាប់បានផ្ទៀងផ្ទាត់ផែនទីជាមួយអង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចផ្សេងៗ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ មានប្រសាសន៍ថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមិនចូលរួមបោះឆ្នោតក្នុងសភានោះទេ។ លោកបញ្ជាក់ថាប្រសិនបើរដ្ឋសភាសម្រេចថាការចាប់ខ្លួនតំណាងរាស្រ្តស្របច្បាប់ វានឹងធ្វើឲ្យខូចមុខមាត់របស់ប្រធានរដ្ឋសភា លោក ហេង សំរិន និងស្ថាប័នរដ្ឋសភា។
លោក សុន ឆ័យ ក៏បានលើកឡើងពីការបកស្រាយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញពីបទល្មើសជាក់ស្តែងនិងការដកអភ័យឯកសិទ្ធិ។ លោកចាត់ទុកថាការសម្តែងមតិរបស់លោក អ៊ុំ សំអាន ជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងជាការបញ្ចេញសកម្មភាព ទៅលើបញ្ហាធំៗរបស់ជាតិ រួមមានអំពើពុករលួយ បញ្ហារំលោភដីធ្លីនិងបញ្ហាបូរណភាពទឹកដីជាដើម។ លោកបន្តថាកម្ពុជាមិនទាន់មានស្ថាប័នជាតិណាមួយដែលអាចបកស្រាយពីពាក្យនៃបទល្មើសជាក់ស្តែងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីកាលពីថ្ងៃចន្ទថាការចាប់ខ្លួនតំណាងរាស្រ្តបានលុះត្រាតែមានបទល្មើសជាក់ស្តែង។ លោកបានប្រៀបធៀបករណីលោក អ៊ុំ សំអាន ទៅនឹងករណីលោក ហុង សុខហួរ ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ឯកសារក្លែងក្លាយ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម។ លោកបញ្ជាក់ថា៖ “អាហ្នឹងវាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”។
ដីកាបង្គាប់ឲ្យឃុំខ្លួនចេញផ្សាយនៅថ្ងៃអង្គារនេះ ចៅក្រមស៊ើបសួរលោក តុប ឈុនហេង បានដាក់លោក អ៊ុំ សំអាន ស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។ ជាមួយបទចោទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ លោក អ៊ុំ សំអាន អាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។ ចំពោះបទល្មើសញុះញង់ឲ្យមានការរើសអើង លោកអាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ៦លានរៀល។
លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ៕