ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃត្រង់នេះ បានសម្រេចបញ្ជូនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ទៅពន្ធនាគារ ក្រោយការចោទប្រកាន់របស់ព្រះរាជអាជ្ញាចំនួនពីរបទចោទ។
ដីកាបង្គាប់ឲ្យឃុំខ្លួនចេញផ្សាយនៅថ្ងៃអង្គារនេះ ចៅក្រមស៊ើបសួរលោក តុប ឈុនហេង បានសម្រេចឲ្យលោក អ៊ុំ សំអាន ស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។ ជាមួយបទចោទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ លោក អ៊ុំ សំអាន អាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។ ចំពោះបទល្មើសញុះញង់ឲ្យមានការរើសអើង លោកអាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ៦លានរៀល។
លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
គណបក្សសង្រ្គោះជាតិចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំងនេះជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ។
នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានសាជាថ្មីចាប់ខ្លួនមនុស្សដែលហ៊ានចេញមុខនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកមានប្រសាសន៍ថា៖ “សារមុនប្រជុំសភារសៀលនេះ មកដល់ម៉ោងនេះទៅហើយ នៅមានបុគ្គលមួយចំនួននិងសង្គមស៊ីវិលខ្លះបានបន្តនិយាយចោទប្រកាន់ថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ ទោះបីអ្នកណាក៏ដោយ បើបន្តនិយាយពីផែនទីក្លែងក្លាយគឺនឹងត្រូវចាប់ខ្លួន។ កុំអាងលើអភ័យឯកសិទ្ឋិ តែត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា”៕