រោងចក្រផលិតស្ករសតម្លៃជាង៣៦០លានដុល្លារអាមេរិកដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិនត្រូវបានដាក់សម្ពោធឲ្យដំណើរការនៅព្រឹកថ្ងៃអង្គារនេះ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
រោងចក្រផលិតស្ករស កៀបទឹកអំពៅ ស្ថិតក្នុងភូមិ ពោធិទាប ឃុំ ម្លូព្រៃ១ ស្រុក ឆែប ខេត្រព្រះវិហារ នៅលើដីសម្បទានសេដ្ឋកិច្ចជាង២០០ហិកតា។
លោកនាយករដ្ឋមន្រ្តីបានសរសេរនៅលើហ្វេសប៊ុករបស់លោកថារោងចក្រនេះជារោងចក្រធំជាងគេនៅអាស៊ីរបស់ក្រុមហ៊ុនRui Feng Cambodia International Co.,Ltd. លើគម្រោងទឹកប្រាក់ជាង១ពាន់លានដុល្លារ ដែលនៅជំហានទី១គឺចំណាយជាង៣៦០លានដុល្លារហើយត្រូវការពលកម្ម៧០០០នាក់។ លោកបន្តថារោងចក្រនេះនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋជាង១៤០០០នាក់នៅពេលគម្រោងវិនិយោគត្រូវបានសាងសង់ចប់សព្វគ្រប់ ។
លោក ហ៊ុន សែន បន្ថែមថា៖ “ទន្ទឹមនឹងផ្តល់ការងារជាច្រើនដល់ពលរដ្ឋនៅក្នុងខេត្តព្រះវិហារ រោងចក្រដ៏ធំនេះនឹងចូលរួមពង្រឹងសេដ្ឋកិច្ចកម្ពុជាផងដែរ។ ខ្ញុំសូមអរគុណក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជា ជាទីវិនិយោគលើគម្រោងដ៏ធំនេះ។ នេះដោយសារក្រុមហ៊ុនមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទុនជាតិនិងអន្តរជាតិនិងសូមមន្រ្តីនិងជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ជួយសម្របសម្រួលគ្រប់យ៉ាងដើម្បីជំរុញគម្រោងវិនិយោគនៅទូទាំងប្រទេសទទួលបានជោគជ័យ”។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្មនិងសិប្បកម្មប្រាប់វីអូឌីថារោងចក្រនេះអាចសមត្ថភាពផលិតស្ករសបាន២០០០០តោនក្នុងមួយថ្ងៃ។ លោកបន្តថាទីផ្សារសម្រាប់នាំចេញស្ករសពីកម្ពុជាមានសហភាពអ៊ឺរ៉ុបនិងទីផ្សារប្រទេសចិន។ លោកបញ្ជាក់ថារោងចក្រស្ករសនេះនឹងកាត់បន្ថយចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរទៅក្រៅប្រទេសនិងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីផ្សារមួយក្នុងការនាំចេញស្ករសទៅក្រៅប្រទេស៕