ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដូររូបប្រធានាធិបតីលើផ្នែកខាងមុខនៃក្រដាសប្រាក់២០ដុល្លារ ដោយដាក់រូបស្រ្តីស្បែកខ្មៅម្នាក់ដែលមានប្រវត្តិតស៊ូដើម្បីសេរីភាព។
នៅលើហ្វេសប៊ុករបស់ស្ថានទូតអាមេរិក ក្រសួងរតនាគារអាមេរិកបានឲ្យដឹងថានៅពេលខាងមុខ អាមេរិកនឹងដូររូបលោកប្រធានាធិបតីAndrew Jacksonលើក្រដាសប្រាក់២០ដុល្លារ ដោយដាក់ជំនួសរូបលោកស្រីHarriet Tubmanដែលជាស្រ្តីតស៊ូដើម្បីសេរីភាព។ បើតាមរតនាអាមេរិក រូបលោកប្រធានាធិបតីJacksonនិងរូបសេតវិមាននឹងស្ថិតនៅផ្នែកខាងក្រោយនៃក្រដាសប្រាក់២០ដុល្លារថ្មីនេះ។
លោកស្រី Harriet Tubman កើតជាទាសករនិងបានក្លាយជាអ្នកតស៊ូដើម្បីលុបបំបាត់ទាសភាព ហើយបានជួយអ្នកដទៃឲ្យគេចចេញទៅរកសេរីភាពនៅចុងទសវត្សរ៍ឆ្នាំ១៨០០។ លោកស្រីគឺជាស្រ្តីទី១ដែលមានរូបនៅលើរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក គិតតាំងពីចុងសតវត្សរ៍ទី១៩មក។
ក្រសួងរតនាគារអាមេរិកបន្តថាក៏នឹងមានការផ្លាស់ប្តូរផងដែរសម្រាប់ក្រដាសប្រាក់៥ដុល្លារនិង១០ដុល្លារ ដែលជាផ្នែកមួយនៃគម្រោងធ្វើឲ្យអត្ថន័យនៃលទ្ធិប្រជាធិបតេយ្យភាពចម្រុះនិងសមភាពត្រូវបានបង្ហាញបានកាន់តែល្អនៅលើរូបបិយប័ណ្ណរបស់សហរដ្ឋអាមេរិក៕