មន្ត្រីក្រសួងធម្មការ និងសាសនាបានឲ្យដឹងថា មេគណខេត្តកំពង់ស្ពឺព្រះនាម ឌូ វណ្ណឌឿន បានលាលែងពីតំណែងមេគណខេត្ត បន្ទាប់ពីមានការចែកចាយខ្សែវីដេអូឃ្លីបបង្ហាញពីសកម្មភាពច្រៀងរាំរបស់ព្រះអង្គនៅលើឆាកតន្ត្រីពេលបុណ្យចូលឆ្នាំ។
អ្នកនាំពាក្យក្រសួងធម្មការលោក សុះ មុះសិន បានឲ្យវីអូឌីដឹងថា ក្រោយបែកធ្លាយវីដេអូឃ្លីបនៅតាមបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន កាលពីម្សិលមិញ ក្រសួងបានបង្កើតក្រុមការងារដើម្បីពិនិត្យមើលករណីនេះ។ លោកថា ក្រោយការស៊ើបអង្កេត ព្រះសង្ឃ ឌូ វណ្ណឌឿន យល់ព្រមទទួលកំហុស និងលាលែងពីតំណែងជាមេគណខេត្ត។
លោក សុះ មុះសិន មានប្រសាសន៍ថា៖ “ដោះស្រាយយប់មិញម៉ោង៩យប់គាត់បានលាលែងពីតំណែងហើយ គឺជាការស្ម័គ្រចិត្ដរបស់គាត់”។
ទោះយ៉ាងណា លោក សុះ មុះសិន មិនទាន់អាចបញ្ជាក់បានថា នឹងមានពិន័យអ្វីបន្ថែមទៀតទៅលើព្រះតេជគុណ ឌូ វណ្ណឌឿន ឬយ៉ាងណានោះទេដោយលោកថា ក្រសួង និងមន្ត្រីសង្ឃកំពុងបន្តធ្វើការលើករណីនេះ។
វីអូឌីមិនទាន់អាចទាក់ទងព្រះសង្ឃ ឌូ វណ្ណឌឿន ដើម្បីសុំការអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេ។
នៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែកចាយវីដេអូឃ្លីបមួយចំនួនបង្ហាញពីសកម្មភាពរបស់ព្រះសង្ឃ ឌូ វណ្ណឌឿន ឡើងច្រៀងនៅលើឆាកប្រគំតន្ត្រីមួយ ដែលការប្រគំតន្ត្រីនោះត្រូវគេអះអាងថាធ្វើឡើងនៅក្នុងវត្តដែលព្រះអង្គគង្គនៅ។ ការប្រគំតន្ត្រីនោះផងដែរត្រូវគេបញ្ជាក់ថាធ្វើឡើងពេលពិធីបុណ្យចូលឆ្នាំថ្មីដែលទើបកន្លងទៅថ្មីៗ។
យោងតាមវីដេអូឃ្លីបនានាដែលត្រូវបានបង្ហោះ ព្រះសង្ឃ ឌូ វណ្ណឌឿន បានច្រៀងចម្រៀងមួយចំនួនដូចជា អង្សាវតាខ្មែរ ស្រអែមផល្លា និងមើលផ្កាក្នុងសួន ជាដើម៕