សមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃសុក្រនេះបានប្រកាសថាខ្លួនសម្រេចឈប់ផ្តល់មេធាវីការពារសម្រាប់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយថាមានទំនាក់ទំនងសេ្នហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
ការសម្រេចឈប់ផ្តល់មេធាវីនេះ ធ្វើឡើងក្រោយពេលដែលកញ្ញាស្រីមុំ អមដោយមេធាវីរបស់សមាគមអាដហុក អ្នកស្រី ទី្រ ឈូន បានទៅតុលាការ ដោយបានឆ្លើយទទួលស្គាល់នៅចំពោះមុខព្រះរាជអាជ្ញាថាមានទំនាក់ទំនងជាមួយលោក កឹម សុខា និងថាធ្លាប់បានទៅទីក្រុងបាងកក ប្រទេសថៃទៀតផង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ សមាគមអាដហុកសម្រេចឈប់ផ្តល់មេធាវី ដោយថាស្រីមុំអាចជាសាក្សីតែប៉ុណ្ណោះ។ អាដហុកបញ្ជាក់ថាករណីស្រីមុំ ក្រោយពេលចូលបំភ្លឺ គឺមិនមែនស្ថិតក្នុងស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរនិងគួរឲ្យព្រួយបារម្ភ ដូចដែលសមាគមយល់ឃើញកាលពីមុននោះទេ។ អាដហុកយល់ថា៖ “ករណីបណ្តឹងបរិហាកេរិ៍្ត វាគ្រាន់តែជារឿងវិវាទធម្មតារវាងបុគ្គលសាមញ្ញនិងបុគ្គលសាមញ្ញដែលមិនស្ថិតនៅក្នុងអាណតិ្តរបស់សមាគមអាដហុក។ ចំពោះករណីផ្តល់សក្ខីកម្មក្លែងនិងមានអំពើពេស្យាចារ អាដហុកយល់ថានីតិវិធីបន្ត កញ្ញា ស្រីមុំ អាចគ្រាន់តែជាសាក្សីតែប៉ុណ្ណោះ”។
សមាគមបញ្ជាក់ថាសមាគមនឹងមិនមានភាពចំាបាច់ត្រូវបន្តមេធាវីសម្រាប់ការពារក្តីជូនកញ្ញាស្រីមុំនោះទេ។
ក្រោយពីការសាកសួរកញ្ញាស្រីមុំ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់តាមចម្លើយរបស់កញ្ញាស្រីមុំ លោក កឹម សុខា បានណែនាំនាងមិនឲ្យនិយាយការពិតពីទំនាក់ទំនងស្នេហាដែលត្រូវគេទម្លាយតាមខ្សែអាត់សំឡេង។ កន្លងទៅ ស្រីមុំបានបដិសេធទាំងស្រុងលើសំឡេងបែកធ្លាយថាមិនមែនជាសំឡេងរបស់នាង ដែលគេអះអាងថាសន្ទនាជាមួយមួយលោក កឹម សុខា នោះទេ។
តុលាការបានកោះហៅកញ្ញា ស្រីមុំ ឲ្យចូលបំភ្លឺម្តងទៀតនៅថ្ងៃទី២៩ខែកញ្ញា តាមពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធសង្គមហ្វេសប៊ុក។ ចំណែកកញ្ញាសុវណ្ណថា ត្រូវបានតុលាការកោះឲ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែមេសា។
គួរបញ្ជាក់ថាកាលពីខែមីនា កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យប្តឹងចង់ឲ្យសមត្ថកិច្ចស្រាវជ្រាវពីសំឡេងសន្ទនាស្នេហាដែលត្រូវគេអះអាងថាជាការសន្ទនារវាងលោក កឹម សុខា និងកញ្ញាស្រីមុំ ដោយថាចំណែកមួយនៃការសន្ទនាមានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង៕