សពកវី គង្គ ប៊ុនឈឿន ​​​​​ដល់កំណត់​បូជា

បុណ្យសពលោក គង្គ ប៊ុនឈឿន នៅខេត្តបាត់ដំបង(រូបថតដោយSBN)

បន្ទាប់ពីបានតម្កល់សពទុកឲ្យសាច់ញាតិ និងអ្នកស្រឡាញ់រាប់អានគោរពបូជាអស់ច្រើនថ្ងៃ នៅទីបំផុតសពរបស់កវីនិពន្ធល្បីឈ្មោះ លោកគង្គ ប៊ុនឈឿន ត្រូវកំណត់បូជាហើយនៅរសៀលថ្ងៃទី២៣ មេសានេះ នៅប្រទេសន័រវេស។ ពិធីនេះត្រូវបានចូលរួមតែកូនចៅសាច់ញាតិរស់នៅក្រៅប្រទេសប៉ុណ្ណោះ ខណៈដែលនៅស្រុកខ្មែរក៏មានពិធី៧ថ្ងៃឧទ្ទិសកុសលឲ្យលោកដល់ទៅ២កន្លែងផ្សេងគ្នា។

លោក មុត ថារី ជាទីប្រឹក្សាក្រសួងព័ត៌មាន និងជាកូនប្រសារបស់លោកគង្គ ប៊ុនឈឿន បាន អះអាងថា តំាងពីទទួលមរណភាពរកាលពីថ្ងៃទី១៧ មេសា សពរបស់លោកមិនត្រូវបានអនុញ្ញាតឲ្យយកចេញពីមន្ទីរពេទ្យនោះទេ ដោយខាងមន្ទីរពេទ្យនៅក្នុងប្រទេសន័រវេសគេរៀបចំឲ្យតម្កល់នៅក្នុងសាលមួយ ហើយតម្រូវឲ្យសាច់ញាតិចូលទៅគោរពបូជាជាធម្មតា រហូតដល់ថ្ងៃបូជាដែលនឹងធ្វើឡើងថ្ងៃនេះទើបគេឲ្យយកចេញ។ លោកមានប្រសាសន៍៖ “ច្បាប់នៅស្រុកគេហ្នឹង គេអត់ឲ្យយកសពមកធ្វើបុណ្យតាមផ្ទះអីទេ គេតម្រូវឲ្យយើងតម្កល់ប៉ុន្មានថ្ងៃក៏បានដែរ យើងកូនចៅញាតិមិត្តចូលទៅអុជធូបនិងសែនម្ហូបអាហារអីបានដូចនៅស្រុកខ្មែរអញ្ចឹង ហើយរហូតទាល់តែយើងថាដល់ថ្ងៃបូជា ទើបគេឲ្យយកចេញហើយគេជួយរៀបចំនៅពេលបូជាតែម្ដង”។

លោកថាសពលោកគង្គ ប៊ុនឈឿន នឹងត្រូវបញ្ជូនចេញពីមន្ទីរពេទ្យនៅវេលាពេលព្រឹកក្នុងថ្ងៃទី២៣ មេសានេះ ដោយត្រូវបូជានៅរសៀលម៉ោង៣រសៀលម៉ោងនៅប្រទេសន័រវេស ត្រូវនឹងម៉ោង៨យប់នៅក្នុងប្រទេសកម្ពុជា។ លោកនិយាយថា៖ “សពគាត់បូជាចំ៧ថ្ងៃរបស់គាត់ថ្ងៃហ្នឹងហើយ គឺបូជាក្នុងវត្តខ្មែរមួយនៅវេលាម៉ោង៣រសៀលម៉ោងនៅហ្នុង(ន័រវេស)ហើយការដឹកចេញផ្សេងៗ គឺខាងមន្ទីរពេទ្យគេគេរៀបចំឲ្យយើង គេអត់ចេះតែបណ្ដោយទេ ចំណែកធាតុគាត់ប្រហែលត្រូវបញ្ជូនមកស្រុកខ្មែរមុនធ្វើពេល១០០ថ្ងៃគាត់ ព្រោះយើងចង់មកធ្វើបុណ្យ១០០ថ្ងៃឲ្យធំនៅហ្នឹង(កម្ពុជា)!”។

ក្នុងពេលវេលាដែលសពរបស់លោកនឹងត្រូវបូជានៅក្នុងប្រទេសន័រវេសនៅវេលាយប់នេះ(៨យប់)ម៉ោងនៅប្រទេសកម្ពុជា នៅក្នុងប្រទេសកម្ពុជាក៏ត្រូវគេកត់សម្គាល់ថាមានរៀបចំនូវពិធីបង្សកូល៧ថ្ងៃឧទ្ទិសបុណ្យកុសលឲ្យលោកយ៉ាងធំដុំចំនួន២កន្លែងផងដែរ។ លោកមុត ថារីបញ្ជាក់ថានៅព្រឹកថ្ងៃទី២៣ មេសានេះ គ្រួសាររបស់លោកនឹងធ្វើបុណ្យធំនៅវត្តត្រពាំងកិន ស្ថិតក្នុងខេត្តកំពង់ស្ពឺទីដែលមានអាស្រមទុកសម្រាប់តម្កល់ធាតុរបស់លោកគង្គប៊ុនឈឿន ដោយមានបងប្អូន និងសាច់ញាតិជាច្រើនចូលរួម។ លោកមានប្រសាសន៍ថា៖ “ថ្ងៃនេះនៅន័រវេសគេបូជាគាត់ ចំណែកពួកខ្ញុំដែលទៅអត់បាននឹងនិមន្តព្រះសង្ឃ៩អង្គរាប់បាត្រ និងធ្វើបុណ្យឲ្យគាត់ធំដែរនៅខេត្តកំពង់ស្ពឺ”។ ក្រៅពីពិធីបុណ្យនៅខេត្តកំពង់ស្ពឺ នៅលើទឹកដីខេត្តបាត់ដំបងឯណោះវិញ ក៏មានពិធីគម្រប់៧ថ្ងៃធំមួយត្រូវគេឃើញធ្វើឡើងនៅព្រឹកថ្ងៃទី២៣ មេសានេះផងដែរ។ តារាសិល្បៈជាច្រើនរួមមាន លោកសាវិន ហ្វីលីព លោកហ្សូណូ លោកអៀម វន្នី លោកសាន ផានិត កវីនិពន្ធជាច្រើនរូប និងមន្ត្រីអាជ្ញាធរ បានប្រកាសពីការធ្វើបុណ្យ៧ថ្ងៃឲ្យលោក គង្គ ប៊ុនឈឿន នៅក្នុងវត្តសត្ថារាម ហៅវត្តកណ្ដាល(បាត់ដំបង) ដោយមានការចូលរួមពីព្រះសង្ឃ និងពុទ្ធបរិស័ទច្រើនអង្គ/នាក់។ លោកមុត ថារី បានបង្ហាញពីការសោកស្ដាយដោយសារតែការរៀបចំពិធី៧ថ្ងៃឲ្យឪពុកក្មេកត្រូវបានធ្វើឡើងជាន់គ្នាក្នុងថ្ងៃតែមួយ នឹងស្ថិតនៅនៅឆ្ងាយពីគ្នា។ លោកថាបើកុំតែគ្រួសាររបស់លោកក៏ជាប់ធ្វើបុណ្យនៅខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី២៣ មេសានេះ កុំអីតំណាងរបស់គ្រួសារលោកពិតជាបានចូលរួមក្នុងពិធី៧ថ្ងៃដែលរៀបចំដោយតារាសិល្បៈនិងមន្ត្រីអាជ្ញាធរនៅខេត្តបាត់ដំបង។ លោកនិយាយថា៖ “ការពិតពួកគាត់ធ្វើ៧ថ្ងៃនៅបាត់ដំបងហ្នឹងអត់មានហៅពួកខ្ញុំអីទេ ប៉ុន្តែសម្រាប់ពួកយើងគឺអរគុណគាត់ បើកុំតែនៅកំពង់ស្ពឺយើងធ្វើបុណ្យធំដែរ កុំអីពួកយើងនឹងបាននរណាម្នាក់ទៅចូលរួមជាមួយនៅទីនោះ!”។

យ៉ាងណាក៏ដោយលោកអះអាងថាក្រោយពេលបញ្ជូនធាតុរបស់លោកគង្គ ប៊ុនឈឿន មកដល់ប្រទេសកម្ពុជា ហើយមានការរៀបចំពិធីបុណ្យ១០០ថ្ងៃ គឺពិតជាបានធ្វើរួមគ្នា ដែលមានសភាពអ៊ូអរមិនខ្ញែកទីកន្លែងគ្នាដូចពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered