ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង នៅថ្ងៃចន្ទនេះបានបដិសេធថាមិនមានភាពមិនប្រក្រតីលើករណីដែលលោកចែកស្រោមសំបុត្រទៅឲ្យកងទ័ពកាលពីខែមីនានោះទេ។
កាលពីថ្ងៃទី៨ខែមេសា ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។
ក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថាអង្គភាពនឹងមិនឆ្លើយតបចំពោះលិខិតស្នើសុំបំភ្លឺរបស់គណបក្សអំណាចខ្មែរនោះទេ ដោយលោកថាតាមច្បាប់ គឺមិនអនុញ្ញាត។ លោកពន្យល់ថាអំណាចដែលអាចឲ្យស្ថាប័នណាមួយបំភ្លឺបានគឺមានតែអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។
ទោះជាយ៉ាងណា លោក ឱម យ៉ិនទៀង បានឲ្យដឹងថាគណបក្សអំណាចខ្មែរអាចប្តូរលិខិតស្នើសុំបំភ្លឺទៅជាលិខិតសុំប្តឹងវិញ នោះអង្គភាពនឹងពិចារណាថាតើនឹងអាចស៊ើបអង្កេតលើបញ្ហានេះឬយ៉ាងណា។ លោកចាត់លិខិតរបស់លោក សួន សេរីរដ្ឋា មានលក្ខណៈនយោបាយ។ លោកបានបញ្ជាក់ថាករណីចែកស្រោមសំបុត្រនេះជារឿងតម្លាភាពហើយមិនមានពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។
លោកមានប្រសាសន៍ថា៖ “សូមអរគុណអង្គប្រជុំ យើងខ្ញុំគាំទ្រមតិដែលថាយើងគ្មានអីគួរខ្លាចទេ ព្រោះអីយើងទៅក៏តម្លាភាព លុយកាក់អ្នកណាផ្ញើទៅឲ្យ ប្រគល់ឲ្យក្នុងពិធីដែលយើងទទួល ក៏យើងបានប្រកាស ម្ចាស់លុយក៏គេទៅ អ្នកទទួលក៏នៅ អ្នកសារព័ត៌មានក៏គេផ្សព្វផ្សាយឲ្យអស់ ដូច្នេះគ្មានរឿងអីដែលថាគេមិនដឹងឬលួចលាក់អីនោះទេ”។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនោះមិនបានបញ្ជាក់ថាតើថវិកានោះមានចំនួនប៉ុន្មាន បានមកពីណា ចែកទៅកងទ័ពចំនួនប៉ុន្មាននាក់ និងហេតុអ្វីបានជាអង្គភាពជាអ្នកចែកទៅកងទ័ពនោះទេ។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក សួន សេរីរដ្ឋា ប្រាប់វីអូឌីថាលោកមិនបានចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ ដោយសារអង្គភាពមិនបានជូនដំណឹងជាលិខិតមករូបលោក គឺគ្រាន់តែតាមទូរស័ព្ទ។ លោកបន្តថាលោកនឹងមិនដាក់លិខិតជាពាក្យបណ្តឹងនោះទេ។ លោកបន្ថែមថា៖ “ករណីនេះគឺករណីលោក ឱម យ៉ិនទៀង ខ្លួនឯង ដែលគាត់បាននាំយកស្រោមសំបុត្រហ្នឹងទៅចែក ហើយខ្ញុំអត់បានប្តឹងទេ ខ្ញុំគ្រាន់តែសុំឲ្យគាត់បំភ្លឺក្នុងឋានៈជាប្រធានACU ដូច្នេះខ្ញុំអត់ប្តឹងទេ ដំណាក់កាលនេះគឺដំណាក់កាលសុំឲ្យគាត់បំភ្លឺ ប៉ុន្តែប្រសិនជាគាត់មានលិខិតត្រឹមត្រូវហៅយើងត្រឹមត្រូវទៅស្តាប់ការបំភ្លឺរបស់គាត់ ហើយដ៏ពេលយើងសួរទៅការបំភ្លឺមានចំណុចណាមួយអត់ត្រឹមត្រូវបានយើងពិចារណាដាក់ពាក្យបណ្តឹង”។
លោក សួន សេរីរដ្ឋា ក៏បានរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថាមិនទាន់បានធ្វើកិច្ចអ្វីមួយឲ្យមានប្រសិទ្ធភាពនោះទេ ដោយលោកថាអង្គភាពមិនបានចាប់បានត្រីឆ្តោនិងត្រីរ៉ស់ធំៗ ដោយលោកប្រៀបធៀបទៅនឹងថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលលោកថាកំពុងតែប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។
នៅពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញករណីអំពើពុករលួយមួយទៅលើឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដែលអង្គភាពថាលោកមានកំណើនចំណូលដល់ទៅ៣លានដុល្លារអាមេរិកក្នុងរយៈពេលជាង២ឆ្នាំនៃការដឹកនាំស្ថានទូតនៅក្រៅប្រទេស។
គួរបញ្ជាក់ថាការសិក្សាមួយក្នុងឆ្នាំ២០១៥ របស់អង្គការតម្លាភាពកម្ពុជា បានបង្ហាញថាក្នុងចំណោមប្រទេស១៦៨ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ដែលយោងតាមសន្ទសន៍នៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរ៕ រាយការណ៍បន្ថែមដោយលោក ទូច សុខា