សាលាដំបូងរាជធានីភ្នំពេញបានអញ្ជើញប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ឲ្យចូលមកសវនាការជំនុំជម្រះនៅខែកក្កដាខាងមុខនេះ ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍ដែលប្តឹងដោយលោក ហេង សំរិន ប្រធានរដ្ឋសភា។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយថា៖ “យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ”។
ក្នុងដីកាហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ចុះថ្ងៃទី២២ ខែមេសា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ កោះហៅលោក សម រង្ស៊ី មកចូលសវនាការនៅថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង៨និង៣០នាទី។ បើតាមដីកានោះ លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តលើទំព័រហ្វេសប៊ុក តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីលោក សម រង្ស៊ី បានកំពុងគេចពីការចាប់ខ្លួននៅក្រៅប្រទេសបាននៅឡើយទេ។
កន្លងទៅ លោក សម រង្ស៊ី ធ្លាប់បានថ្លែងថាលោក ហេង សំរិន ពុំមានមូលដ្ឋានក្នុងការចោទរូបលោកពីបទបរិហាកេរ្តិ៍តាមប្រព័ន្ធសង្គមហ្វេសប៊ុកនោះទេ ដោយអះអាងថាលោកមិនបាននិយាយឈ្មោះនរណាម្នាក់ក្នុងការសរសេររបស់លោកលើហ្វេសប៊ុកនោះទេ។ លោកបន្តថាសម្តេចសីហនុបាននិយាយពីឈ្មោះលោក ហេង សំរិន នៅក្នុងវីដេអូដែលលោកបង្ហោះភ្ជាប់ជាមួយសារលើហ្វេសប៊ុកនោះ។ លោក សម រង្ស៊ី បានបញ្ជាក់ថា៖ “ដូច្នេះលោក ហេង សំរិន ពុំមានមូលដ្ឋានណាមួយក្នុងការប្តឹងប្រឆាំងខ្ញុំ ពីព្រោះខ្ញុំបង្ហោះវីដេអូក្លីបដែលគេបង្ហោះនៅលើប្រព័ន្ធអ៊ិនធើណែតយូធ្យូប(Youtube)ជាង៣០ឆ្នាំមកហើយ”។
លោក គី តិច មេធាវីរបស់លោក ហេង សំរិន ធ្លាប់ប្រាប់វីអូឌីថាក្នុងរបប៧មករា ១៩៧៩ ពុំមានការកាត់ទោសសម្តេចសីហុនថាក្បត់ជាតិនោះទេ ដោយថាមានតែការអញ្ជើញសម្តេចសីហនុឲ្យយាងចូលស្រុកវិញ។ លោកបញ្ជាក់ថាវីដេអូដែលលោក សម រង្ស៊ី បង្ហោះជាការបំភាន់មតិសាធារណៈ ដោយថារបបនោះមានពាក់ព័ន្ធនឹងការបញ្ចូលកងទ័ពវៀតណាមទៅជាមួយកងទ័ពរបស់លោក ហេង សំរិន។
គួររំឭកថា លោក សម រង្ស៊ី កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ទាក់ទងនឹងបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានវឹងកវរធ្ងន់ដល់សន្តិសុខសង្គម។ លោកក៏ត្រូវបានតុលាការចេញដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាផងដែរ។ លោក សម រង្ស៊ី ក៏ជាប់បណ្តឹងមួយទៀតរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ដែលបានប្តឹងលោកពីបទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត៕