លោក ហ៊ុន សែន ថា​បក្ស​កាន់អំណាច​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹងអ្នក​បង្ខូចកេរ្តិ៍ឈ្មោះ​បក្ស​ ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាកំពុងរៀបចំពាក្យបណ្តឹងប្តឹងអ្នកវិភាគនិងអ្នកអត្ថាធិប្បាយមួយចំនួន ដែលលោកចាត់ទុកថាបានបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជា។

ការព្រមានរបស់នាយករដ្ឋមន្រ្តីធ្វើឡើងស្របពេលដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានព្រមានថានឹងចាត់វិធានការផ្លូវច្បាប់លើអ្នកវិភាគមួយចំនួនដែលនិយាយថាគណបក្សកាន់អំណាចនៅពីក្រោយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។

លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថានឹងមិនមានការអត់ឱនឲ្យអ្នកណាដែល មួលបង្កាច់បង្ខូចកិត្តិយសគណបក្សប្រជាជន។ លោកបន្តថាគណបក្សគោរពសិទ្ធិបញ្ចេញមតិ ប៉ុន្តែ ប្រឆាំងដាច់ខាតចំពោះអ្នកមូលបង្កាច់បង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរគណបក្ស។ លោកបន្ថែមថា៖ “សិទ្ធិបញ្ចេញមតិនិងការមួលបង្កាច់មានចរិតខុសគ្នាដូចមេឃនិងដី។ សិទ្ធិរបស់អ្នកមានព្រំប្រទល់ជាមួយនិងសិទ្ធិអ្នកដទៃ។ គណបក្សប្រជាជនចាំបាច់ត្រូវរក្សានូវសិទ្ធិរបស់ខ្លួន ដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងនាមបក្សដឹកនាំរាជរដ្ឋាភិបាល”

លោក ហ៊ុន សែន បានអំពាវនាវទៅកាន់អ្នកវិភាគនិងអ្នកអត្ថាធិប្បាយ “កុំព្យាយាមក្លែងបន្លំ ពណ៌ក្រហម និងពណ៌ផ្កាឈូកថាវាដូចគ្នា”។ លោកបានអំពាវនាវឲ្យគណបក្សរៀបចំពាក្យបណ្តឹងទៅតុលាការករណីទាំងនេះ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំអំពាវនាវសមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រៀបចំមេធាវី ដើម្បីត្រៀមប្តឹងទៅកាន់តុលាការ ក្នុងករណីមានការមួលបង្កាច់រំលោភសិទ្ធិគណបក្សប្រជាជនកម្ពុជាដោយជនណាក៏ដោយ។ កន្លងមកយើងបានអត់ឱនចំពោះជនខិលខូចទាំងនេះ ច្រើនណាស់រួចមកហើយ ប៉ុន្តែពួកគេមិនបានគិតដល់សេចក្តីថ្លៃថ្នូររបស់យើងឡើយ។ ការអត់ឱនពិតជាមានព្រំដែន ដែលបង្ខំឲ្យយើងចាប់ផ្តើមធ្វើសកម្មភាពផ្លូវច្បាប់ប្រឆាំងជនទាំងឡាយណាដែលនៅតែបន្តការមួលបង្កាច់បង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាយើង”

លោកនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់ថាតើជាករណីអ្វីដែលលោកថាបានបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជានោះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូឌី(VOD)នៅថ្ងៃចន្ទនេះថាគណបក្សកំពុងឲ្យមេធាវីសិក្សាផ្លូវច្បាប់ទៅលើពាក្យសម្តីរបស់អ្នកវិភាគមួយចំនួន ដែលលោកចាត់ទុកថាបានលាបពណ៌និងចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថាជាអ្នករៀបចំឲ្យមានរឿងអាស្រូវស្នេហារបស់លោក កឹម សុខា។ លោកបន្ថែម៖ “អេអាហ្នឹងរឿងគាត់ រឿងគាត់អ្នកបង្កើត(លោក កឹម សុខា) គាត់ជាឥស្សរជនម្នាក់សួរថាអ្នកណាអ្នកបង្កើតឲ្យគាត់ អ្នកណាណាត់ស្រីមុំឲ្យទៅជួបនៅថៃនៅអី មានតែគ្នាគាត់ពីរបីនាក់ហ្នឹង ហើយមកនិយាយ(អ្នកវិភាគ)មួលបង្កាច់គណបក្សប្រជាជនដែលអត់ដឹងរឿង អត់ដឹងអីផង អាហ្នឹងអត់បានទេ”។

ទោះយ៉ាងណា លោក សុខ ឥសាន មិនទាន់អាចបញ្ជាក់បានទេថាគណបក្សនឹងគ្រោងប្តឹងអ្នកវិភាគចំនួនប៉ុន្មាននាក់នោះ ដោយលោកថាទុកពេលឲ្យមេធាវីសិក្សាឲ្យបានច្បាស់លាស់សិន។ លោកបន្តថា៖ “នៅមិនទាន់ដឹងទេ កំពុងតែពិគ្រោះគ្នា ដើម្បីឲ្យគាត់ចងក្រងឯកសារច្បាស់លាស់ ហើយពិនិត្យទៅលើលក្ខណៈផ្លូវច្បាប់ ព្រោះយើងមិនអាចចោទប្រកាន់គេតែផ្តេសផ្តាសបានទេ ព្រោះរឿងនេះត្រូវប្រុងប្រយ័ត្ន”

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ កាលពីពេលថ្មីៗនេះ បានលើកឡើងថាចំណាត់ការរបស់តុលាការនាពេលកន្លងមកជាការរៀបចំទាំងស្រុងរបស់គណបក្សប្រជាជនកម្ពុជា។ វីអូឌីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក អ៊ូ វីរៈ បាននៅឡើយទេ។

កាលពីសប្តាហ៍មុន កញ្ញាស្រីមុំ បានសារភាពនៅតុលាការថានាងមានទំនាក់ទំនងជាមួយលោក កឹម សុខា និងថាធ្លាប់បានទៅទីក្រុងបាងកក ប្រទេសថៃទៀតផង។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំនារីម្នាក់ទៅចូលសណ្ឋាគារមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយតែមជ្ឈដ្ឋានជាច្រើនគិតថា លោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានអាស្រូវស្នេហា។ លោកថ្លែងថា៖ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង។ ប៉ុន្តែអ្នកដទៃទៀតវាឈ្លោះ វាឆ្លង វាឆ្លើយ បានរឿងវាកើត សូមផ្តាំទៅ! ទៅឆ្លើយថាទេ ខ្ញុំអត់ដែលមាន Passport ខាង Passport គេថាអ្នកឯងធ្វើ។ ថាខ្ញុំអត់ដែលទៅក្រៅប្រទេសអឺបាងកកអ៊ែវេមានសំបុត្រយន្តហោះជិះនៅព្រលានយន្តពោធ៍ចិនតុងមានថតរូបទុក នៅព្រលានយន្តហោះបាងកកមានទុក នៅសណ្ឋាគារបាងកកមានទុក។ ចប់បាត់មានស្អីទៀត

លោក ហ៊ុន សែន បន្តថាបើនៅតែចោទថារឿងនេះជាការរៀបចំដោយអ្នកនយោបាយ លោកបានព្រមានទៀតថារដ្ឋាភិបាលនឹងលូកដៃចាត់ការរឿងនេះ។ លោកព្រមានថា៖ នេះគ្រាន់តែបណ្តឹងរបស់ផ្នែកឯកជននិងឯកជនធ្វើការបរិហាកេរ្តិ៍បោកបញ្ឆោត។ ប៉ុន្តែតែរាលដាលដល់សភា ដល់រាជរដ្ឋាភិបាល គឺរដ្ឋាភិបាលបង្ខំចិត្តត្រូវធ្វើគឺធ្ងន់ហើយ…”៕ ដោយលោក ស៊ុន ណារិន និងទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered