ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងតំណាងរាស្ត្រមួយក្រុមនឹងទៅសួរសុខទុក្ខមន្ត្រី និងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ឃុំនៅថ្ងៃស្អែក ចំណែកតំណាងរាស្ត្ររបស់គណបក្សនេះមួយក្រុមទៀតនឹងទៅសួរសុខទុក្ខតំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ុំ សំអាន។
ក្នុងលិខិតចុះថ្ងៃទី១៩ ខែមេសា មេធាវីរបស់គណបក្សប្រឆាំងលោក សំ សុគង់ បានស្នើទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ សុំការអនុញ្ញាតឲ្យតំណាងរាស្ត្របក្សប្រឆាំង៩រូប និងរូបលោក ព្រមទាំងសហការី៣រូប ទៅសួរសុខទុក្ខតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោគ អ៊ុំ សំអាន នៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស (ម.១) នៅថ្ងៃស្អែក ម៉ោង៩ព្រឹក។ តំណាងរាស្ត្រដែលនឹងចូលសួរសុខទុក្ខនោះរួមមានលោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ចាន់ ចេង លោក យឹម សុវណ្ណ លោក សុនឆ័យ លោក ម៉ៅ មុន្នីវណ្ណ លោក ជា ប៉ូច និងលោក ដាង ចំរើន។
ចំណែកនៅក្នុងលិខិតដាច់ដោយឡែកចុះថ្ងៃទី១៩ដូចគ្នា លោក សំ សុគង់ បានស្នើទៅអគ្គនាយកនៃនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សុំការអនុញ្ញាតឲ្យលោក កឹម សុខា និងតំណាងរាស្ត្របក្សប្រឆាំង៩រូបទៀត និងរូបលោកផ្ទាល់ ទៅសួរសុខទុក្ខមន្ត្រី និងសកម្មជនចំនួន១៥នាក់របស់គណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ នៅម៉ោង២រសៀលថ្ងៃស្អែក។ មន្ត្រី និងសកម្មជនដែលក្រុមតំណាងរាស្ត្រនឹងទៅសួរសុខទុក្ខរួមមានសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និងសកម្មជន១៣នាក់ផ្សេងទៀត។
តំណាងរាស្ត្រដែលទៅសួរសុខទុក្ខមន្ត្រី និងសកម្មជនបក្សប្រឆាំងនៅពន្ធនាគារជាមួយលោក កឹម សុខា រួមមាន លោក យ៉ែម បុញ្ញឫទ្ធិ លោក ឡុង រី លោក គង់ បូរ៉ា លោក ឡុង ប៊ុត្ដា លោក ជាម ច័ន្ទនី លោក លឹម ប៊ុនស៊ីដារ៉េត លោក ហេង ដាណារ៉ូ លោក ទួន យក់ដា និងលោកស្រី លី ស្រីវីណា។
អ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានប្រាប់វីអូឌីថា សំណើទាំងពីរនោះទទួលបានការឯកភាពរួចហើយ ដោយលោកថា ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងនឹងទៅសួរសុខទុក្ខតំណាងរាស្ត្រ មន្ត្រី និងសកម្មជនរបស់ខ្លួនតាមពេលវេលាដែលបានស្នើសុំ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កាលដែលតំណាងរាស្ត្រទាំងពីរក្រុមជ្រើសរើសពេលវេលាខុសគ្នា ដើម្បីទៅសួរសុខទុក្ខអ្នកជាប់ឃុំទាំងនោះគឺដោយសារតែមនុស្សច្រើនពេក មិនអាចទៅសួរសុខទុក្ខក្នុងពេលតែមួយបាន។ លោកបន្ថែមថា៖ “យើងទៅក្នុងនាមគណៈបក្សអ្នកណាទៅក៏ដូចជាអ្នកណាដែរ”។
គួរបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មនឹងរឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ ក្រោយពីការចាប់ខ្លួននេះ នៅថ្ងៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។ លោក អ៊ុំ សំអាន ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដោយស្ថិតនៅក្រោមការពិនិត្យលើបទចោទទាំងពីរ។
ឯលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៥ ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ចំណែកកាលពីខែកក្កដា ឆ្នាំ២០១៥ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសសកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំក្រោមបទចោចូលរួម និងដឹកនាំកុប្បកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤៕