បក្សកាន់អំណាច​ប្តឹង​លោក អ៊ូ វីរៈ ឲ្យ​ផ្តល់សំណង១០ម៉ឺនដុល្លារ ករណី​ស្រីមុំ​

អ្នកវិភាគឯករាជ្យ​ លោក អ៊ូ វីរៈ(រូបថតពីហ្វេសប៊ុក​របស់​លោក​)

អ្នកនាំពាក្យនិងជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតនិងជាអ្នកវិភាគឯរាជ្យ ករណីការអត្ថាធិប្បាយរបស់លោកថាគណបក្សកាន់អំណាចនៅពីក្រោយករណី ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

ពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែមេសា ឲ្យដឹងថាលោក សុខ ឥសាន តំណាងឲ្យគណបក្សប្រជាជកម្ពុជា ប្តឹងលោក អ៊ូ វីរៈ ពីការអត្ថាធិប្បាយប្រាប់វិទ្យុអាស៊ីសេរីថា៖ “យុទ្ធសាស្រ្តរបស់គណប្សកាន់អំណាច នៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក…”។ ពាក្យបណ្តឹងបន្តថាលោក អ៊ូ វីរៈ ក៏បានលើកឡើងថាគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាក់គូប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំងហើយមន្រ្តីនៅក្នុងបក្សនេះមួយចំនួនក៏មិនពេញចិត្តចំពោះយន្តការនេះដែរ។

លោក សុខ ឥសាន បានបញ្ជាក់ថាលោក អ៊ូ វីរៈ បានលើកឡើងថារឿងរ៉ាវស្នេហាបុគ្គលឯកជនរបស់លោក កឹម សុខា និងស្រីមុំថាជាយុទ្ធសាស្រ្តរបស់គណប្រជាជនកម្ពុយជា។ លោក ឥសាន ចាត់ទុកថានេះជា”ចេតនាបំផ្លើស ទម្លាក់កំហុសដោយអសុទ្ធចិត្តដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទនិងជាការបរិហារកេរ្តិ៍ជាសាធារណៈនិងបានបំពានទៅនឹងមាត្រា៣០៥នៃក្រមព្រហព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា”។

បើតាមពាក្យបណ្តឹងនោះ គណបក្សកាន់អំណាចស្នើឲ្យតុលាការចោទប្រកាន់និងផ្តន្ទាទោសទៅតាមច្បាប់និងទាមទារឲ្យលោក អ៊ូ វីរៈ ផ្តល់សំណង៤០០លានរៀលស្មើប្រមាណ១០ម៉ឺនដុល្លារ។

លោក សុខ ឥសាន ប្រាប់វីអូឌីថារហូតមកដល់ពេលនេះ គណបក្សទើបតែដាក់ពាក្យប្តឹងលោក អ៊ូ វីរៈមួយទេ។ លោកបន្តថាគណបក្សនឹងប្តឹងបុគ្គលណាដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះគណបក្ស។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីលោក អ៊ូ វីរៈ បាននៅឡើយទេ។

មាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ គ្រប់ការអះអាងបំផ្លើសឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលនៃស្ថាប័នគឺជាការបរិហារកេរ្តិ៍សាធារណៈ ត្រូវពិន័យជាប្រាក់ពី១០ម៉ឺនទៅ១០លានរៀល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាកំពុងរៀបចំពាក្យបណ្តឹងប្តឹងអ្នកវិភាគនិងអ្នកអត្ថាធិប្បាយមួយចំនួន ដែលលោកចាត់ទុកថាបានបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថានឹងមិនមានការអត់ឱនឲ្យអ្នកណាដែល មួលបង្កាច់បង្ខូចកិត្តិយសគណបក្សប្រជាជន។ លោកបន្តថាគណបក្សគោរពសិទ្ធិបញ្ចេញមតិ ប៉ុន្តែប្រឆាំងដាច់ខាតចំពោះអ្នកមូលបង្កាច់បង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរគណបក្ស។ លោកបន្ថែមថា៖ “សិទ្ធិបញ្ចេញមតិនិងការមួលបង្កាច់មានចរិតខុសគ្នាដូចមេឃនិងដី។ សិទ្ធិរបស់អ្នកមានព្រំប្រទល់ជាមួយនិងសិទ្ធិអ្នកដទៃ។ គណបក្សប្រជាជនចាំបាច់ត្រូវរក្សានូវសិទ្ធិរបស់ខ្លួន ដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងនាមបក្សដឹកនាំរាជរដ្ឋាភិបាល”

លោក ហ៊ុន សែន បានអំពាវនាវទៅកាន់អ្នកវិភាគនិងអ្នកអត្ថាធិប្បាយ “កុំព្យាយាមក្លែងបន្លំ ពណ៌ក្រហម និងពណ៌ផ្កាឈូកថាវាដូចគ្នា”។ លោកបានអំពាវនាវឲ្យគណបក្សរៀបចំពាក្យបណ្តឹងទៅតុលាការករណីទាំងនេះ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំអំពាវនាវសមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រៀបចំមេធាវី ដើម្បីត្រៀមប្តឹងទៅកាន់តុលាការ ក្នុងករណីមានការមួលបង្កាច់រំលោភសិទ្ធិគណបក្សប្រជាជនកម្ពុជាដោយជនណាក៏ដោយ។ កន្លងមកយើងបានអត់ឱនចំពោះជនខិលខូចទាំងនេះ ច្រើនណាស់រួចមកហើយ ប៉ុន្តែពួកគេមិនបានគិតដល់សេចក្តីថ្លៃថ្នូររបស់យើងឡើយ។ ការអត់ឱនពិតជាមានព្រំដែន ដែលបង្ខំឲ្យយើងចាប់ផ្តើមធ្វើសកម្មភាពផ្លូវច្បាប់ប្រឆាំងជនទាំងឡាយណាដែលនៅតែបន្តការមួលបង្កាច់បង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាយើង”

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំនារីម្នាក់ទៅចូលសណ្ឋាគារមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយតែមជ្ឈដ្ឋានជាច្រើនគិតថា លោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានអាស្រូវស្នេហា។ លោកថ្លែងថា៖ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង។ ប៉ុន្តែអ្នកដទៃទៀតវាឈ្លោះ វាឆ្លង វាឆ្លើយ បានរឿងវាកើត សូមផ្តាំទៅ! ទៅឆ្លើយថាទេ ខ្ញុំអត់ដែលមាន Passport ខាង Passport គេថាអ្នកឯងធ្វើ។ ថាខ្ញុំអត់ដែលទៅក្រៅប្រទេសអឺបាងកកអ៊ែវេមានសំបុត្រយន្តហោះជិះនៅព្រលានយន្តពោធ៍ចិនតុងមានថតរូបទុក នៅព្រលានយន្តហោះបាងកកមានទុក នៅសណ្ឋាគារបាងកកមានទុក។ ចប់បាត់មានស្អីទៀត

លោក ហ៊ុន សែន បន្តថាបើនៅតែចោទថារឿងនេះជាការរៀបចំដោយអ្នកនយោបាយ លោកបានព្រមានទៀតថារដ្ឋាភិបាលនឹងលូកដៃចាត់ការរឿងនេះ។ លោកព្រមានថា៖ នេះគ្រាន់តែបណ្តឹងរបស់ផ្នែកឯកជននិងឯកជនធ្វើការបរិហាកេរ្តិ៍បោកបញ្ឆោត។ ប៉ុន្តែតែរាលដាលដល់សភា ដល់រាជរដ្ឋាភិបាល គឺរដ្ឋាភិបាលបង្ខំចិត្តត្រូវធ្វើគឺធ្ងន់ហើយ…”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ