ប្រមុខរដ្ឋាភិបាលនៅថ្ងៃអង្គារនេះបញ្ជាឲ្យអាជ្ញាធរសាធារណៈនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាចេញប្រតិបត្តិការជួយប្រជាពលរដ្ឋឲ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ខណៈប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនកំពុងជួបបញ្ហាខ្វះទឹក។
ក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១តភ្ជាប់ខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងធនធានទឹក អាជ្ញាធរខេត្ត កាកបាទក្រហមនិងក្រុមការងារចុះមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរកវិធីផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។ បើតាមលោកនាយករដ្ឋមន្ត្រី ខេត្តមួយចំនួនកំពុងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនិងខេត្តមួយចំនួនទៀត កំពុងឈានទៅរកការប្រឈមនេះដែរ។ លោកថាបើតាមការព្យាករណ៍ ភ្លៀងអាចនឹងធ្លាក់នៅក្នុងអំឡុងខែមិថុនា។
លោក ហ៊ុន សែន ឲ្យដឹងទៀតថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតែឯងមិនអាចធ្វើការងារនេះបានទាន់ពេលនោះទេ ដោយលោកថាត្រូវមានការចូលរូមពីអាជ្ញាធរនិងផ្នែកផ្សេងៗទៀត។ លោកបន្ថែមថា៖ “យើងមានអណ្តូងទឹក ឬទឹកពីខាងណាក៏ដោយនិយាយរួមគ្រប់ផ្នែកធ្វើសកម្មភាព ទាំងរដ្ឋ ទាំងឯកជន ទាំងកាកបាទក្រហម ហើយខ្ញុំសុំឲ្យកម្លាំងប្រដាប់អាវុធចេញពីបន្ទាយធ្វើរឿងនេះ…ហើយខ្ញុំសូមអំពាវនាវឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាទុកការងារផ្សេងមួយអន្លើប្រមូលផ្តុំប្រាក់កាសនិងការចុះជួយមូលដ្ឋានមកជួយដោះស្រាយបញ្ហាទឹកវិញ”។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានឆ្លៀតអំពាវនាវដល់គណបក្សក្រៅរដ្ឋាភិបាលឲ្យចេញមុខជួយដោះស្រាយបញ្ហាទឹកនេះជូនប្រជាពលរដ្ឋ។ លោកបន្តថា៖ “យើងនឹងរង់ចាំមើលតើបក្សនយោបាយណាខ្លះចេញមុខជួយប្រជាជនដោះស្រាយទឹកសម្រាប់ប្រជាពលរដ្ឋ ចាំមើល តើគាត់ចាំយកសន្លឹកឆ្នោតឆ្នាំ២០១៧ ឬ២០១៨ ឬគាត់ដោះស្រាយទឹក ចាំមើលអាហ្នឹង បងប្អូនប្រជាពលរដ្ឋចាំមើលថាគណបក្សនយោបាយណាខ្លះចេញមុខដោះស្រាយទឹកជូនប្រជាពលរដ្ឋ”។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍ថាឆ្នាំនេះភាពរាំងស្ងួតអូសបន្លាយយូរជាងឆ្នាំមុនៗដោយសារឆ្នាំនេះកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានទទួលរងនូវបាតុភូតក្តៅ ហើយស្ងួត និងមានសំណើមបរិយាកាសទាប។ លោកថាបាតុភូតនេះអាចចុះខ្សោយទៅវិញនៅចុងខែកក្កដាឬដើមខែសីហា។ ទោះយ៉ាងណា លោកថាទឹកភ្លៀងអាចចាប់ធ្លាក់នៅចុងខែមេសាឬដើមខែឧសភា នេះបណ្តើរៗផងដែរ។
លោកបន្ថែមថា៖ “ដូចដែលសេចក្តីជូនដំណឹងសរបស់ក្រសួងធ្លាប់បានជម្រាបជូន ឥឡូវនេះ(បាតុភូតក្តៅ)បានថយបន្តិចរហូតដល់ដ៏ចុងខែ៧ ឬដើមខែ៨ ទើបយើងបាតុភូត La Nina (ត្រជាក់)មកជំនួសវិញ តែមិនមែនថាពីពេលនេះរហូតដល់ចុងខែ៧ ឬដើមខែ៨មិនមានភ្លៀងធ្លាក់នោះទេ គ្រាន់តែមានតិច”។
បើតាមលោក ចាន់ យុត្ថា ការកត់ត្រារយៈពេល៤០ឆ្នាំចុងក្រោយគឺនៅឆ្នាំ២០១៦នេះ កម្ពុជាបានជួបការឡើងកម្តៅបរិយាកាសនិងភាពរាំងស្ងួតនេះខ្លាំងជាងគេ។ លោកឲ្យដឹងដែរថាខេត្តដែលរងគ្រោះខ្វះខាតទឹកខ្លាំងជាងគេគឺខេត្តបន្ទាយមានជ័យ៕