សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយបានសាកសួរជនជាប់ចោទមួយនាក់ក្នុងចំណោមបីនាក់ ដោយជនជាប់ចោទនោះបានសារភាពថាពិតជាបានបង្កការវាយដំ តែឆ្លើយថាមិនបានដឹងអ្នកដែលគេវាយនោះជាតំណាងរាស្រ្ត។
កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។
ក្នុងសវនាការព្រឹកមិញនេះ សាក្សីចំនួន៥រូបបានចូលរួម រីឯមេធាវីដើមបណ្តឹងមានចំនួន៣រូបនិងមេធាវីការពារជនជាប់ចោទមានចំនួន២រូប។ ជនជាប់ចោទទាំងបីរូប គឺឈ្មោះ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ បាននាំចូលបន្ទប់សវនាការនៅម៉ោងប្រមាណជា៨និង៤៥នាទីព្រឹក ដោយអ្នកទាំងបីដើរចូលបន្ទប់សវនាការដោយគ្មានជាប់ខ្នោះដៃ ដូចជនជាប់ចោទដទៃនោះទេ។ ចំណែកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូបដែលរងការវាយសម្រេចមិនចូលរួមសវនាការជំនុំជម្រះ ដោយអះអាងថាមិនមានជំនឿលើតុលាការ។
នៅព្រឹកនេះ ទាំងចៅក្រម តំណាងអយ្យការ និងមេធាវីទាំងពីរភាគី បានសួរដេញដោលតែទៅលើជនជាប់ចោទ ចាយ សារិទ្ធ តែម្នាក់ប៉ុណ្ណោះ រីឯជនជាប់ចោទ២នាក់ផ្សេងទៀតនិងសាក្សីទាំង៥នាក់មិនទាន់បានសួរនាំនៅឡើយទេ។ សំណួរដែលសួរទៅជនជាប់ចោទនេះ គឺទាក់ទងនឹងតួនាទី មុខរបររបស់ជនជាប់ចោទនិងមូលហេតុដែលធ្វើឲ្យជនជាប់ចោទឈានដល់ការវាយដំអ្នកតំណាងរាស្រ្ត។
លោក ចាយ សារិទ្ធ បានឆ្លើយថាលោកជាមន្ត្រីសក្តិ៤ក្នុងកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយថា ម៉ៅ ហឿននិងសុត វណ្ណនី ជាអ្នកធ្វើការក្នុងអង្គភាពជាមួយគ្នា។ លោកក៏ឆ្លើយទៀតថាលោកមិនមែនជាបាតុករចូលរួមបាតុកម្មប្រឆាំងលោក កឹម សុខា នោះទេ តែលោកថាលោកគ្រាន់តែជាអ្នកមកក្តាប់សភាពការណ៍នៃការធ្វើបាតុកម្មនោះប៉ុណ្ណោះ។ លោកឆ្លើយទៀតថាគាត់មិនដឹងថាអ្នកដែលគាត់វាយនោះជាអ្នកតំណាងរាស្រ្តនោះទេ ហើយថាមូលហេតុដែលនាំឲ្យគាត់វាយបុគ្គលនោះដោយថាបុគ្គលនោះបានជេរទៅមនុស្សមួយក្រុម ដែលមានទាំងលោកផងដែរថាជា“អាយ៉ងយួន”។
លោកមានប្រសាសន៍ថា៖ “ដោយសារតែអស់កម្លាំង ហេវហត់និងស្រេកទឹក ក៏មានអារម្មណ៍មួរម៉ៅនៅពេលឭជេរថាពួកអាយ៉ងយួន អ្នកឯងមកធ្វើបាតុកម្មនៅហ្នឹងធ្វើអី ទ្រាំមិនបានខ្ញុំទៅទាញទ្វារឡាន ហើយដាល់មួយដៃចំមុខនិងទាញទម្លាក់ពីលើឡានហើយទាត់មួយជើងចំដងខ្លួន”។ លោកបញ្ជាក់ថាលោកជាអ្នកចាប់ផ្តើមវាយតំណាងរាស្រ្តមុនគេ គឺលោក គង់ សុភា។
នៅពេលមេធាវីដើមបណ្តឹងសួរថាតើនរណាជាអ្នកបញ្ជាឲ្យជនជាប់ចោទចុះមកយកព័ត៌មាន លោក ចាយ សារិទ្ធ ឆ្លើយថាលោកមកទីនេះដោយខ្លួនឯង ដោយដឹងដំណឹងតាមសារព័ត៌មាន។ លោកបញ្ជាក់ថាលោកដើរក្តាប់ព័ត៌មានទាំងនេះ ហើយអាចនឹងរាយការណ៍នៅពេលមានអង្គប្រជុំ។
មេធាវីដើមបណ្តឹងបានលើកឡើងថាលោក ចាយ សារិទ្ធ បានឆ្លើយខុសទៅនឹងចម្លើយសារភាពជាមួយមន្រ្តីនគរបាល ត្រង់ចំណុចថាលោកជាអ្នកចូលរួមបាតុកម្ម មិនមែនជាអ្នកចុះយកព័ត៌មាននោះទេ។
លោក ចាយ សារិទ្ធនិងជនជាប់ចោទពីររូបទៀតត្រូវព្រះរាជអាជ្ញាចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លាញដោយចេតនាមានស្ថានទម្ងន់ទោស។ ទោះយ៉ាងណា លោក ចាយ សារិទ្ធ បានសារភាពថាលោកបានប្រើហិង្សាមែន តែលោកថាមិនបានបំផ្លាញទ្រព្យសម្បត្តិនោះទេ។
ក្រោយពីមេធាវីចុងចោទនិងដើមបណ្តឹងបញ្ចប់ការសួរដេញដោលជនជាប់ចោទជិតពីរម៉ោង ចៅក្រមជំនុំជម្រះរបស់សាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា បានប្រកាសនឹងបន្តរៀបចំនៅថ្ងៃទី១០ ខែឧសភាម្តងទៀត។ លោកថ្លែងបន្តថាសវនាការសំណុំរឿងនេះ អាចត្រូវធ្វើឡើងម្តងឬពីរដងទៀតទើបអាចចប់។
មេធាវីដើមបណ្តឹង លោក សំ សុគង់ ប្រាប់អ្នកសារព័ត៌មានថាមានការរឹតត្បិតតិចតួចចំពោះសំណួររបស់មេធាវីដើមបណ្តឹង ដូចជាសំណួរថាតើអ្នកណាជាប់ពាក់ព័ន្ធនឹងការវាយតំណាងរាស្រ្តនេះ។ មេធាវីនិងតំណាងអយ្យបានខ្ទាស់នឹងសំណួរនេះ ហើយចៅក្រមជំនុំជម្រះសម្រេចមិនឲ្យសួរ ដោយសារតំណាងអយ្យការបញ្ជាក់ថាសំណុំរឿងអ្នកជាប់ពាក់ព័ន្ធ កំពុងតែត្រូវបានស៊ើបអង្កេតបន្តទៀតនិងខ្លាចធ្វើឲ្យប៉ះពាល់ដល់បុគ្គលនិងអង្គភាពដែលជនជាប់ចោទធ្វើការ។
កន្លងទៅ តំណាងរាស្រ្តទាំងពីររូបបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងទាមទារប្រាក់សំណង ក្នុងម្នាក់ៗចំនួន១០០លានរៀល(ស្មើប្រមាណ២៥០០០ដុល្លារ)។ តំណាងរាស្រ្តក៏បានស្នើឲ្យរកជនដៃដល់បន្ថែមទៀតទៀតនិងអ្នកនៅពីក្រោយការវាយពួកគេ។
គួរបញ្ជាក់ថាក្រោយពីមានការថ្កោលទោសទាំងស្ថាប័នជាតិនិងអន្តរជាតិព្រមទាំងការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រីផងនោះ ជនសង្ស័យ៣នាក់ដែលគេស្គាល់ថាអ្នកខ្លះជាទាហានផងនោះបានចេញសារភាពថាពួកគេជាអ្នកវាយតំណាងរាស្ត្រ។ បុរស៣នាក់នោះមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំរស់នៅសង្កាត់តាខ្មៅ ខេត្តកណ្តាល ម្នាក់ទៀតឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕ ដោយ ទូច សុខា និងស៊ុន ណារិន