មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក ៤រូប និង អគ្គលេខាធិការរងគ.ជ.ប ១រូប ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចនេះក្នុងរយៈពេលខ្លីទាំងដៃជាប់ខ្នោះ។

នៅម៉ោងប្រមាណ៥ល្ងាច នេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្ត្រី សមាគមអាដហុក និង អគ្គលេខាធិការរងគ. ជ. ប ទៅសាលាដំបូងរយៈពេលខ្លី ដើម្បីបំពេញនីតិវិធីមួយចំនួន រួចក៏ដឹកអ្នកទាំងនោះទៅអង្គភាពវិញ។

ពេលដឹកទៅនិង ដឹកមក អ្នកទាំង៥នាក់នោះបានលើកដៃឲ្យអ្នកឈរគាំទ្រ នៅមុខអង្គភាពប្រឆាំងអំពើពុករលួយរាប់រយនាក់បានឃើញគឺដៃមានដាក់ខ្នោះ។ ពេលដែលរថយន្តដឹកចេញពីអង្គភាព អ្នកគាំទ្រប្រុសស្រីស្រែកថា អយុត្តិធម៌ ចំណែកអ្នកខ្លះទៀតភាគច្រើនជាស្ត្រីនាំគ្នា ស្រែកទ្រហោយំ។
មន្រ្តីអាដហុក៤រូបរួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី។ ចំណែកអគ្គលេខាធិការរងគ.ជ.ប គឺលោក នី ចរិយា។ ទាំង៥រូបនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅទៅសាកសួរនិង ចោទប្រកាន់ថា ជាប់ព័ន្ធ និងការណែនាំឲ្យកញ្ញាស្រីមុំផ្តល់ចម្លើយក្លែងក្លាយដល់សមត្ថកិច្ច។