តុលាការយោធាថៃកាលពីថ្ងៃសុក្រម្សិលមិញ បានសម្រេចឃុំខ្លួនមនុស្ស៨នាក់ ដោយចោទថា ញុះញង់ឲ្យមានការបះបោរក្នុងសង្គមដោយសារតែការសរសេររិះគន់ ការដឹកនាំរដ្ឋាភិបាលយោធា និងសេចក្តីព្រាងរដ្ឋធម្មនុញ្ញ។
ក្រុមយោធាបានធ្វើរដ្ឋប្រហារហើយឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ២០១៤ ហើយទម្លាក់ចោលរដ្ឋធម្មនុញ្ញចាស់ បច្ចុប្បន្នកំពុងរឹតបន្តឹងលើអ្នកដែលមានគំនិតផ្ទុយ និងសន្យាថា រៀបចំការបោះឆ្នោតថ្នាក់ជាតិនៅពាក់កណ្តាលឆ្នាំ២០១៧។
ប៉ុន្តែទោះជាយ៉ាងណា សេចក្តីព្រាងរដ្ឋធម្មនុញ្ញដែលព្រាងឡើងដោយពួកយោធា គឺមិនមានការឯកភាពគ្នារវាង ក្រុមអ្នកនយោបាយ និង ក្រុមយោធា ដែលកំពុងព្យាយាមរារាំងមិនឲ្យមានការរិះគន់លើចំណុចខ្លះ ហើយសេចក្តីព្រាងនេះ នឹងដាក់ធ្វើប្រជាមតិនៅក្នុងខែសីហាខាងមុខ។
សកម្មជនទាំង៨នាក់ដែលត្រូវពួកក្រុមយោធាឃាត់ខ្លួន ដោយសារកាលពីថ្ងៃពុធ ពួកគេបានសរសេររិះគន់នៅលើហ្វេសប៊ុក លើសេចក្តីព្រាងរដ្ឋធម្មនុញ្ញ និងរិះគន់ការដឹកនាំ របស់លោក ប្រាយុទ្ធ ចាន់អូចា។ សមត្ថកិច្ចចោទពួកគេថា ញុះញង់ឲ្យមានការបះបោរ និង ជាឧក្រិដ្ឋកម្មតាមអ៊ិនធើណែត។ តុលាការបានស្រេច ដាក់អ្នក៨នាក់នោះក្នុងពន្ធនាគារ១២ថ្ងៃ៕