លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានថ្លែងកុំឲ្យបរទេសណាមួយលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងបែបនេះស្របពេលដែលនៅកម្ពុជាមានការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ ក្នុងនោះមានតំណាងរាស្រ្តបក្សប្រឆាំងនិងមន្រ្តីសង្គមស៊ីវិលនិងមានការប្តឹងផ្តល់អ្នកវិភាគសង្គម លោក អ៊ូ វីរៈ ពីបទបរិហារកេរ្តិ៍ផងដែរ។
ក្នុងពិធីសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានថ្លែងថាសូមឲ្យបរទេសគោរពឯករាជ្យភាពនិងអធិបតេយ្យរបស់កម្ពុជា។ លោកបន្តថាកម្ពុជាមិនដែលលូកដៃកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ។ លោកបញ្ជាក់ថា៖ “សូមបរទេស កុំលូកដៃចូលផ្ទៃក្នុងប្រទេសកម្ពុជា”។ លោកមិនបានបញ្ជាក់ពីប្រទេសណាមួយនោះទេ។
លោក ហ៊ុន សែន បានថ្លែងរំឭកដល់ជំនួបរវាងលោកនិងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១២ ដែលលោកថានៅពេលនោះលោកបានប្រាប់លោក អូបាម៉ាថានៅកម្ពុជាមិនមាន”អ្នកទោសនយោបាយ”នោះទេ គឺមានតែ”អ្នកនយោបាយជាប់គុក”។ លោកបញ្ជាក់ថាលោកមិនខ្លាចការនិយាយបែបនេះទៅប្រធានាធិបតីអាមេរិកនោះទេ។ លោកថា៖ “ចាំតែ ហ៊ុន សែន ខ្លាចតើ”។
គណបក្សសង្រ្គោះជាតិបានចាត់ទុកស្ថានការណ៍នយោបាយនៅកម្ពុជាកាន់តែធ្ងន់ធ្ងរទៅៗ។ កាលពីថ្ងៃទី២៨ ខែមេសា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូប បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។
លោក ហ៊ុន សែន បានថ្លែងថានយោបាយនៅកម្ពុជាមិនមានវិបត្តិដូចបក្សប្រឆាំងលើកឡើងនោះទេ។ លោកមានប្រសាសន៍ថា៖ “បោកប្រជាពលរដ្ឋមិនគ្រប់គ្រាន់ទេ ទៅបោកព្រះមហាក្សត្រទៀត”៕