មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកចំនួន៤រូប និង អគ្គលេខាធិការរងរបស់ គ.ជ.ប.១រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីទៀត នៅព្រឹកថ្ងៃអាទិត្យនេះ ទាំងមានដាក់ខ្នោះដៃដូចកាលពីល្ងាចមិញ។
នៅម៉ោងប្រមាណ៨និង៣០នាទីព្រឹកនេះ មន្ត្រីទាំង៥រូបនោះត្រូវបានបញ្ជូនចេញពីអង្គភាពប្រឆាំងអំពើពុករលួយដល់ សាលាដំបូងរាជធានីភ្នំពេញ។
កាលពីល្ងាចមិញអ្នកទាំង៥រូបនេះ ក៏បានបញ្ជូនទៅកាន់តុលាការក្នុងរយៈពេលខ្លីមួយដែរ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា ថ្លែងថា នៅព្រឹកថ្ងៃនេះ អយ្យការបន្តនីតិវិធីសួរចម្លើយអ្នកទាំង៥រូបតាមនីតិវិធីធម្មតា។
នៅខាងមុខតុលាការ មានប្រជាពលរដ្ឋអ្នកគាំទ្រប្រមូលផ្តុំនៅទីនោះ រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិតាមផ្តិតរូបភាព និង ស្វែងរកខ្លឹមសារផង។ ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចហាក់មានការប្រុងប្រយ័ត្ន មិនផ្តល់ឱកាសអ្នកទាំង៥រូប នោះជួបសាច់ញាតិរបស់ពួកគេ និង មិនអនុញ្ញាតឲ្យអ្នកព័ត៌មានអាចថតយករូបភាពបានទេ។