ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានសម្រេចមិនឲ្យតំណាងរាស្រ្ត៣រូបចូលបំភ្លឺតាមការកោះហៅ ដោយលើកឡើងថាចំណាត់ការនេះបំពានអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅសប្ដាហ៍ក្រោយ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺផងដែរ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទាក់ទងនឹងរឿងអាស្រូវស្នេហាដែលត្រូវបានទម្លាយថាពាក់ព័ន្ធនឹងលោក កឹម សុខា។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថារាល់ដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគឺ”ជាការប្រើប្រាស់អំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត”។ សេចក្តីថ្លែងការណ៍បន្តថា៖ “តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនទៅតាមដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ”។
បើតាមសេចក្តីថ្លែងការណ៍ ក្រុមសមាជិកសភាបក្សប្រឆាំងក៏បានស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវការចេញដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិពីសំណាក់ស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ហើយត្រូវគោរពរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា មានប្រសាសន៍ថាតុលាការនឹងមានចំណាត់ក្រោយទៀត នៅពេលតំណាងរាស្រ្តមិនចូលបំភ្លឺតាមពេលវេលានៃការកោះហៅ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំណាត់ការអ្វីឡើយ។ លោកបន្តថាចំណាត់ការកោះហៅតំណាងរាស្រ្តគឺត្រឹមត្រូវតាមនីតិវិធី។ លោកបញ្ជាក់ថា៖ “វាជាសិទ្ធិអំណាចរបស់តុលាការ គ្រប់បុគ្គលទាំងអស់ដែលតុលាការគិតថាមានប្រយោជន៍សម្រាប់ដំណើរការរឿងក្តី។ ការកោះអញ្ជើញជារឿងត្រឹមត្រូវ តាមនីតិវិធី”។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យក្រសួង លោក ជិន ម៉ាលីន មានប្រសាសន៍ថាការកោះហៅរបស់តុលាការឲ្យតំណាងរាស្រ្តចូលបំភ្លឺគឺត្រឹមត្រូវតាមច្បាប់ដែលលោកថាប្រជាពលរដ្ឋមានកាតព្វកិច្ចចូលរួមសហការជាមួយអាជ្ញាធរក្នុងការស្វែងរកការពិតអ្វីមួយ។ លោកបញ្ជាក់ថា៖ “តាមច្បាប់ ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចចូលរួមសហការពីដំណើរការស្វែងរកការពិត”។ លោកបន្តថាដោយសារតំណែងរាស្រ្តទាំងបីរូបមិនទាន់ត្រូវបានចោទប្រកាន់ ឃាត់ខ្លួនឬចាប់ខ្លួនអ្វីនោះទេ ដូច្នេះនីតិវធី គឺតុលាការអាចកោះហៅសាកសួរបាន ដោយមិនគិតពីអភ័យឯកសិទ្ធិ។
លោក ម៉ាលីន ឲ្យដឹងទៀតថានៅពេលមានការចោទប្រកាន់តំណាងរាស្រ្ត ទើបអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តត្រូវបានយកមកពិចារណា។ លោកមិនទាន់អាចប្រាប់ពីនីតិវិធីបន្តបន្ទាប់ នៅពេលតំណាងរាស្រ្តត្រូវបានតុលាការចោទប្រកាន់នោះទេ។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
កន្លងទៅ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន ដោយរដ្ឋាភិបាលបញ្ជាក់ថានេះជាបទល្មើសជាក់ស្តែង ដោយសារការបង្ហោះសារនិងការអត្ថាធិប្បាយពីផែនទីក្លែងក្លាយនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។ បក្សប្រឆាំងបានរិះគន់ចំណាត់ការនេះថារំលោភលើរដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថាតុលាការបានហៅ លោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១១ ខែឧសភានិងតំណាងរាស្រ្តបក្សប្រឆាំងពីររូបទៀត គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ត្រូវកោះអញ្ជើញឲ្យចូលទៅតុលាការនៅថ្ងៃទី១៦ ខែឧសភា៕