តុលាការបានចេញដីកាកោះហៅរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី លោក អះម៉ាត់ យ៉ះយ៉ា ឲ្យចូលបំភ្លឺទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍មួយ ដែលប្តឹងដោយរដ្ឋលេខាធិការក្រសួងការងារនិងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីម លោក អូស្មាន ហាស្សាន់ ទាក់ទងនឹងគម្រោងធ្វើផ្លូវនៅវិហារបឹងកក់ដែលកំពុងមានភាពចម្រោងចម្រាស។
ដីកាកោះចុះថ្ងៃទី៤ ខែឧសភា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ឺ វណ្ណនី បានកោះហៅលោក អះម៉ាត់ យ៉ះយ៉ា ឲ្យចូលបំភ្លឺនៅថ្ងៃទី១០ ខែឧសភា វេលាម៉ោង២និង៣០នាទី ទាក់ទងនឹងការអត្ថាធិប្បាយរឿងធ្វើផ្លូវកាត់វិហារឥស្លាមអាល់សារកាល់ភ្នំពេញនៅតំបន់បឹងកក់ ដែលកំពុងស្ថិតនៅភាពចម្រូងចម្រាស ខណៈពលរដ្ឋឥស្លាមមួយចំនួនជំទាស់នឹងគម្រោងធ្វើផ្លូវរបស់សាលារាជធានីភ្នំពេញ។
លោក អះម៉ាត់ យ៉ះយ៉ា ប្រាប់វីអូឌី(VOD)នៅថ្ងៃព្រហស្បតិ៍នេះថាលោកនឹងចូលបំភ្លឺនៅតុលាការ ហើយលោកថានឹងរកភស្តុតាងបញ្ជាក់ទៅតុលាការពីបញ្ហានេះ។ លោកបន្ថែមថាពាក្យបណ្តឹងនេះគឺអាចទាក់ទងនឹងការថ្លែងរបស់លោកទៅកាន់សារព័ត៌មានមួយដែលថា៖ “ខ្ញុំបញ្ជាក់ថាការធ្វើប្លង់គឺអូស្មាន់ ហាស្សាន់ អ្នកធ្វើប្លង់(ផ្លូវឆ្លងកាត់វិហារ)ឲ្យគំនិតទៅសាលាក្រុង”។ លោកបន្ថែមការធ្វើផ្លូវត្រង់ក្បែរព្រះវិហារនឹងរំខានដល់ការថ្វាយបង្គំ។ លោកបញ្ជាក់ថា៖ “សាលាក្រុងគេចង់បានត្រង់…។ បើធ្វើត្រង់ដីហ្នឹងត្រូវពុះជាពីរ ហើយប្លង់វាជិតពេក រំខានការថ្វាយបង្គំ…។ និយាយតាមត្រង់ គេ(លោក អូស្មាន ហាស្សាន់)ចង់យកអាដីផ្លូវ គាត់ចង់ធ្វើខុនដូអីអញ្ចឹងណា”។
លោក យ៉ះយ៉ា ឲ្យដឹងទៀតថានៅថ្ងៃចន្ទសប្តាហ៍ក្រោយ លោកនឹងជួបជាមួយអភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើបញ្ហានេះ។ លោកបញ្ជាក់ប្រជាពលរដ្ឋចង់ឲ្យសាលាក្រុងធ្វើផ្លូវតាមរបងវិហារ ដែលលោកថាអាចបញ្ចៀសសំឡេងរំខាន។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីលោក អូស្មាន ហាស្សាន់ បាននៅឡើយទេ ដោយលោកអះអាងថាជាប់ប្រជុំ។ ទោះជាយ៉ាងណា លោកបានប្រាប់សារព័ត៌មានខ្មែរថាមស៍ថាគម្រោងសាងសង់ផ្លូវកាត់វិហារនេះមានប្រវែងប្រមាណ៩៣ម៉ែត្រ។ លោកបន្ថែមថាផ្លូវនេះមានចម្ងាយពីជញ្ជាំងវិហារជាង៤០ម៉ែត្រនិង៣៣ម៉ែត្រពីចុងកាំជណ្តើរ ដែលលោកថានឹងមិនរំខាន់ដល់ការថ្វាយបង្គំរបស់ពលរដ្ឋខ្មែរឥស្លាមនោះទេ។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថាការធ្វើផ្លូវនេះស្ថិតនៅក្នុងគម្រោងនៅឡើយ ដោយសារមានការជំទាស់ពីប្រជាពលរដ្ឋមួយចំនួន។ លោកបញ្ជាក់ថានឹងមានការពិភាក្សាគ្នាលើបញ្ហាបច្ចេកទេសថែមទៀត។
គម្រោងធ្វើផ្លូវផ្លូវឆ្លងកាត់វិហារបឹងកក់នេះជាគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ពីទួលគោកទៅមហាវិថីព្រះមុនីវង្ស ដែលត្រូវបានគ្រោងឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ។
អតីតនិស្សិតនិងនិស្សិតមូស្លិមកម្ពុជាបានសរសេរលិខិតចំហរមួយចុះថ្ងៃទី២៩ខែមេសា ហើយវីអូឌីទទួលបាន ថាពួកគេមិនគាំទ្រជាដាច់ខាតចំពោះការសាងសង់កាត់តាមដីវិហារឥស្លាមអាល់សារកាល់ភ្នំពេញ ដោយថាការធ្វើផ្លូវនេះនឹងរំខានការគោរពសាក្ការៈព្រះអល់ឡោះ។ លិខិតបញ្ជាក់ថា៖ “បើមានផ្លូវជិតវិហារនាំឲ្យមានសំឡេងរំខាន ប៉ះពាល់ដល់ភាពស្អាតស្អំនៃការថ្វាយបង្គំ ប្រាសចាកពីធម៌វិន័យឥស្លាមនិងជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់និងសោភ័ណភាពរបស់វិហារ”។
គួរបញ្ជាក់ថាវិហារហារអាល់សារកាល់ភ្នំពេញដែលមានតម្លៃជាង២,៦លានដុល្លារស្ថិតនៅតំបន់បឹងកក់ ក្រោយសណ្ឋាគារភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ សម្រាប់សហគមន៍ខ្មែរឥស្លាមប្រតិបតិ្ដគោរពសាសនា។ វិហារនេះអាចផ្ទុកមនុស្សបានជាង២ពាន់នាក់៕