លោក សម រង្ស៊ី​ ​ថាលោក​ ហ៊ុន សែន ធ្លាប់សន្យា​ផ្តល់លាភសក្ការៈ​ បើ​លោក​បែកគ្នាជាមួយលោក កឹម សុខា​​

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឲ្យរូបលោកនិងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង បែកបាក់គ្នា ដោយលោកថាលោកនាយករដ្ឋមន្រ្តីធ្លាប់បានសន្យាផ្តល់លាបសក្ការៈមួយចំនួនជូនរូបលោក។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី បានថ្លែងថាគណបក្សប្រជាជនកម្ពុជាបានប្រើមធ្យោបាយគំរាមនិងចាប់អ្នកនយោបាយបក្សប្រឆាំងដាក់ពន្ធនាគារ ដោយចង់ឲ្យរូបលោកនិងលោក កឹម សុខា បែកគ្នា។ លោកបន្តថាលោក ហ៊ុន សែន ធ្លាប់បាននិយាយថាលោកពិបាកធ្វើការជាមួយ លោក កឹម សុខា។

លោកមានប្រសាសន៍ថា៖ “កាលខ្ញុំជួបលោក ហ៊ុន សែន លោក ហ៊ុន សែន គាត់បាននិយាយត្រង់ៗ ជាមួយខ្ញុំសម រង្ស៊ី គាត់ថាអូជាមួយឯកឧត្តម ខ្ញុំចូលចិត្តណាស់ ខ្ញុំអត់មានបញ្ហា យើងធ្វើការជាមួយគ្នាបានល្អណាស់ ប៉ុន្តែខ្ញុំមិនអាចធ្វើការជាមួយឯកឧត្តម កឹម សុខា មានន័យបើចង់ឲ្យខ្ញុំហ្នឹងមានទំនាក់ទំនងល្អជាមួយលោក ហ៊ុន សែន បើខ្ញុំចង់ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន លាភសក្ការៈអីហ្នឹង ឲ្យខ្ញុំបែកពី កឹម សុខា”។ លោកបន្ថែមថា៖ “តែខ្ញុំបានធ្វើឲ្យលោក ហ៊ុន សែន ដឹងខ្លួន មិនចាំបាច់លេងល្បែងហ្នឹងទេ ខ្ញុំអត់ត្រូវការ អត់ត្រូវការទៅឲ្យគាត់ឲ្យអីខ្ញុំ ខ្ញុំអត់ត្រូវការ តែខ្ញុំត្រូវការឲ្យជាតិរស់ ខ្ញុំត្រូវការសង្រ្គោះជាតិហើយដើម្បីសង្រ្គោះជាតិឲ្យបានសម្រេច ខ្ញុំត្រូវការឲ្យមានការរួបរួមគ្នារវាងខ្មែរនឹងខ្មែរ អ្នកស្រឡាញ់ជាតិដូចគ្នា អ្នកស្រឡាញ់យុត្តិធម៌ដូចគ្នា ត្រូវតែរួមគ្នាដើម្បីសង្រ្គោះជាតិរបស់យើង ដូច្នេះអត់មានថ្នូរទេ”។ លោកមិនបានបញ្ជាក់ថាតើលាបសក្ការៈនោះជាអ្វីនោះទេ។

លោក សម រង្ស៊ី ឲ្យដឹងទៀតថាលោកធ្លាប់បានឭពីការផ្តល់មតិពីបក្សកាន់អំណាចឲ្យលោក កឹម សុខា ឡើងធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ ខណៈរូបលោកកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន។ ប៉ុន្តែលោកថាលោកមិនច្បាស់នោះទេ ដោយថាលោកមិនបានឭផ្ទាល់ត្រចៀក។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍អ្វីដែលលោក សម រង្ស៊ី ថ្លែងជារឿងមិនពិតនិងគ្មានការទទួលខុសត្រូវ។ លោកបន្ថែមគណបក្សប្រជាជនកម្ពុជាមិនបានបំបែកគណបក្សសង្រ្គោះជាតិនោះទេ។

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ លោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថាការបែកបាក់គ្នាជារឿងរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំង។ លោកបញ្ជាក់ថា៖ “ការបែកឬមិនបែក វាមិនចំណុះលើអ្នកបំបែកទេ។ គណបក្សប្រជាជនមានការងារច្រើនណាស់ គ្មានពេលវេលាទៅបំបែកអស់លោកទេ។ …ទិញមិនលក់ អាណាទៅទិញ ក្បាលលោកឯងអីក៏ថោកម្ល៉េះ។ គំរាមមិនខ្លាច អាណាទៅគំរាម។ បំបែកក៏មិនបែក អាណាទៅបំបែក លោកឯងចង់បែកគ្នា បែកទៅ”

គួរបញ្ជាក់ថាលោក ហ៊ុន សែននិងលោក សម រង្ស៊ី បានបង្កើតវប្បធម៌សន្ទនាជាមួយគ្នា ក្រោយពីរកឃើញដំណោះស្រាយនយោបាយមួយក្រោយការបោះឆ្នោត។ អ្នកទាំងពីរបានបង្កើតភាពស្និទ្ធស្នាលល្អូកល្អើនជាមួយគ្នាជាបន្តបន្ទាប់។ ប៉ុន្តែវប្បធម៌សន្ទនាបានបាត់បង់ ត្រូវបានលោក ហ៊ុន សែន ថាលោក សម រង្ស៊ី បំពានដោយរិះគន់រូបលោកនិងគណបក្សប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ