សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយសាកសួរជនជាប់ចោទ២នាក់ក្នុងចំណោម៣នាក់។
កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។
ជនជាប់ចោទទាំងបីរូប គឺឈ្មោះ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ ត្រូវបាននាំចូលបន្ទប់សវនាការនៅម៉ោងប្រមាណ៨និង៣០នាទីព្រឹក ដោយអ្នកទាំងបីដើរចូលបន្ទប់សវនាការដោយដៃជាប់ខ្នោះដៃ។ ចំណែកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូបដែលរងការវាយសម្រេចមិនចូលរួមសវនាការជំនុំជម្រះ ដោយអះអាងថាមិនមានជំនឿលើតុលាការ។
កាលពីសវនាការថ្ងៃទី២៨ខែមេសា ទាំងចៅក្រម តំណាងអយ្យការនិងមេធាវីទាំងពីរភាគីបានសួរដេញដោលតែទៅលើជនជាប់ចោទ ចាយ សារិទ្ធ តែម្នាក់ប៉ុណ្ណោះ រីឯជនជាប់ចោទ២នាក់ផ្សេងទៀតនិងសាក្សីទាំង៥នាក់មិនទាន់បានសួរនាំនៅឡើយទេ។
លោក ចាយ សារិទ្ធ បានឆ្លើយថាលោកជាមន្ត្រីសក្តិ៤ក្នុងកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយថា ម៉ៅ ហឿននិងសុត វណ្ណនី ជាអ្នកធ្វើការក្នុងអង្គភាពជាមួយគ្នា។ លោកក៏ឆ្លើយទៀតថាលោកមិនមែនជាបាតុករចូលរួមបាតុកម្មប្រឆាំងលោក កឹម សុខា នោះទេ តែលោកថាលោកគ្រាន់តែជាអ្នកមកក្តាប់សភាពការណ៍នៃការធ្វើបាតុកម្មនោះប៉ុណ្ណោះ។ លោកឆ្លើយទៀតថាគាត់មិនដឹងថាអ្នកដែលគាត់វាយនោះជាអ្នកតំណាងរាស្រ្តនោះទេ ហើយថាមូលហេតុដែលនាំឲ្យគាត់វាយបុគ្គលនោះដោយថាបុគ្គលនោះបានជេរទៅមនុស្សមួយក្រុម ដែលមានទាំងលោកផងដែរថាជា“អាយ៉ងយួន”។
នៅពេលមេធាវីដើមបណ្តឹងសួរថាតើនរណាជាអ្នកបញ្ជាឲ្យជនជាប់ចោទចុះមកយកព័ត៌មាន លោក ចាយ សារិទ្ធ ឆ្លើយថាលោកមកទីនេះដោយខ្លួនឯង ដោយដឹងដំណឹងតាមសារព័ត៌មាន។ លោកបញ្ជាក់ថាលោកដើរក្តាប់ព័ត៌មានទាំងនេះ ហើយអាចនឹងរាយការណ៍នៅពេលមានអង្គប្រជុំ។
មេធាវីដើមបណ្តឹងបានលើកឡើងថាលោក ចាយ សារិទ្ធ បានឆ្លើយខុសទៅនឹងចម្លើយសារភាពជាមួយមន្រ្តីនគរបាល ត្រង់ចំណុចថាលោកជាអ្នកចូលរួមបាតុកម្ម មិនមែនជាអ្នកចុះយកព័ត៌មាននោះទេ។
លោក ចាយ សារិទ្ធនិងជនជាប់ចោទពីររូបទៀតត្រូវព្រះរាជអាជ្ញាចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លាញដោយចេតនាមានស្ថានទម្ងន់ទោស។ ទោះយ៉ាងណា លោក ចាយ សារិទ្ធ បានសារភាពថាលោកបានប្រើហិង្សាមែន តែលោកថាមិនបានបំផ្លាញទ្រព្យសម្បត្តិនោះទេ។
កន្លងទៅ តំណាងរាស្រ្តទាំងពីររូបបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងទាមទារប្រាក់សំណង ក្នុងម្នាក់ៗចំនួន១០០លានរៀល(ស្មើប្រមាណ២៥០០០ដុល្លារ)។ តំណាងរាស្រ្តក៏បានស្នើឲ្យរកជនដៃដល់បន្ថែមទៀតទៀតនិងអ្នកនៅពីក្រោយការវាយពួកគេ។
គួរបញ្ជាក់ថាក្រោយពីមានការថ្កោលទោសទាំងស្ថាប័នជាតិនិងអន្តរជាតិព្រមទាំងការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រីផងនោះ ជនសង្ស័យ៣នាក់ដែលគេស្គាល់ថាអ្នកខ្លះជាទាហានផងនោះបានចេញសារភាពថាពួកគេជាអ្នកវាយតំណាងរាស្ត្រ។ បុរស៣នាក់នោះមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំរស់នៅសង្កាត់តាខ្មៅ ខេត្តកណ្តាល ម្នាក់ទៀតឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕ ដោយ ទូច សុខា និងស៊ុន ណារិន