ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី បាននិយាយថា កោះតូចៗចំនួន ៥ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានលិចបាត់ក្នុងទឹកសមុទ្រ ដោយសារទឹកសមុទ្រឡើងខ្ពស់។
សារព័ត៌មាន BBC បានរាយការណ៍ថា កោះតូចៗដែលលិចបាត់ទាំងនោះ គឺជាបណ្ដាញនៃជួរកោះសូឡូម៉ុន និងពុំមានមនុស្សរស់នៅនោះឡើយ។
ចំណែកឯកោះតូចៗចំនួន ៦ទៀត ត្រូវបានគេរកឃើញថាកំពុងលិចក្នុងទឹកសមុទ្រជាបណ្ដើរៗផងដែរ ដោយបានបំផ្លិចបំផ្លាញភូមិដ្ឋានអ្នកស្រុកទាំងមូល។
ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា នេះគឺជាការបញ្ជាក់ផ្នែកវិទ្យាសាស្ត្រលើកដំបូង ស្ដីពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុនៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិក។
ការសិក្សានេះ បានតាមដានទៅលើកោះចំនួន ៣៣ តាមរយៈការប្រើប្រាស់រូបភាពពីលើអាកាស និងរូបភាពពីផ្កាយរណបចាប់តាំងពីឆ្នាំ១៩៤៧ ដល់ឆ្នាំ២០១៤ រួមបញ្ចូលជាមួយការចងចាំរបស់ប្រជាជនក្នុងតំបន់។
ការសិក្សាដដែលនេះ បានរកឃើញថា កម្រិតទឹកសមុទ្របានកើនឡើង ១០មីលីម៉ែត្ររៀងរាល់ឆ្នាំនៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។
កោះតូចៗទាំង ៥ ដែលលិចបាត់ក្នុងទឹកសមុទ្រនោះ គឺជាប្រភេទកោះប៉ប្រះទឹកមានទំហំដល់ទៅ ៥ហិកតា ដែលមានអ្នកនេសាទចូលទៅសំចតម្ដងម្កាល ប៉ុន្តែ ពុំមានមនុស្សរស់នៅនោះឡើយ៕ ប្រភព៖ BBC