រដ្ឋាភិបាលកម្ពុជាឲ្យដឹងថាអាមេរិកបានបដិសេធថាខ្លួនមិនបាននៅពីក្រោយយុទ្ធនាការពាក់អាវព៌ណខ្មៅរបស់មន្រ្តីអង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លី ដែលទាមទារឲ្យដោះលែង មន្រ្តីសិទ្ធិមនុស្ស អាដហុកនិងមន្រ្តីគជបនោះទេ។
ការបដិសេធនេះត្រូវបានធ្វើឡើងក្នុងជំនួបមួយរបស់លោកវីល្លៀម ហេត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃពុធនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី មានប្រសាសន៍ថា ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងថា៖ “ឯកអគ្គរដ្ឋទូតអាមេរិក បានបដិសេធដាច់ខាតថាគឺអាមេរិកអត់មានបានអំពាវនាវឲ្យមានការធ្វើយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅនៅថ្ងៃចន្ទនោះទេ ។គាត់បញ្ជាក់ច្បាស់បញ្ហាហ្នឹង”។
មុនពេលមានយុទ្ធនាការពាក់អាវខ្មៅ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ និងមន្រ្តីគជបម្នាក់នោះ គឺមានអ្នកប្រើហ្វេសប៊ុកមួយចំនួនដែលគេស្គាល់ថា ជាអ្នកគាំទ្ររដ្ឋាភិបាល បានផ្សព្វផ្សាយរូបភាព ដែលថតជុំគ្នា រវាងឯកអគ្គរដ្ឋទូតអាមេរិក និងមន្រ្តីអង្គការសង្គមស៊ីវិល មួយចំនួនទៀត។
ប៉ុន្តែបើតាមអ្នកនាំក្រសួងការបរទេសកម្ពុជា គឺប្រមុខការទូតអាមេរិកទទួលស្គាល់ថា ពិតជាមានការជួបជុំរវាងលោកវីល្លៀម ហេត ជាមួយមន្រ្តីអង្គការក្រៅរដ្ឋាភិបាល មែន តែថាវាជាសកម្មភាពការផ្សាភ្ជាប់គ្នារវាងទូតអាមេរិក ជាមួយ អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ជាធម្មតាតែបុណ្ណោះ។
កាលពីម្សិលមិញ លោក ហ៊ុន សែន បានព្រមានថា ឲ្យ”ប្រយ័ត្ន” ចំពោះអ្នកនៅពីក្រោយយុទ្ធ នាការអាវខ្មៅនោះ ដោយលោកអះអាងថា លោកបានដឹងថា អ្នកណាជាអ្នកចេញលុយបោះពុម្ពអាវនោះទៀតផង៕