តៃវ៉ាន់៖ ភ្នាក់ងារភូមិសាស្ត្រអាមេរិក បាននិយាយថា រញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រមួយ បានវាយប្រហារភាគឦសានកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ ស្ថិតនៅឆ្ងាយពីទីក្រុងតៃប៉ិ។
ទីភ្នាក់ងារដដែល បាននិយាយថា រញ្ជួយដីនេះ មានអង្កត់ផ្ចិត ១៤គីឡូម៉ែត្រ ស្ថិតនៅឆ្នេរភាគឦសាននៃទីប្រជុំជនស៊ូអ៊ៅ។
ទីភ្នាក់ងារព័ត៌មាន AFP នៅទីក្រុងតៃវ៉ាន់ បានរាយការណ៍ថា រញ្ជួយដីនៅថ្ងៃនេះ បានវាយប្រហារទៅលើអគារខ្ពស់ៗ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏បានរាយការណ៍ផងដែរអំពីការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី ហើយមនុស្សជាប់នៅក្នុងជណ្ដើរយន្ត។
ភ្លាមៗ គេមិនទាន់ដឹងពីមនុស្សរងគ្រោះ និងមហន្តរាយនោះឡើយ។
ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក ដំបូងឡើយ បានវាយតម្លៃថាមានរញ្ជួដីទំហំ ៥.៩រ៉ិចទ័រ មុននឹងកែប្រែមកនៅត្រឹម ៥.៦រ៉ិចទ័រវិញ។ ទីភ្នាក់ងារនេះបន្ថែមថា រញ្ជួយដីបានកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រខាងក្រោមផ្ទៃផែនដី។
រញ្ជួយដីបានកើតឡើងជាធម្មតានៅកោះតៃវ៉ាន់។ កាលពីខែកុម្ភៈកន្លងមក រញ្ជួយដីទំហំ ៦.៤រ៉ិចទ័រ បានវាយប្រហារផ្ដួលរំលំអគារធំមួយនៅភាគខាងត្បូងកោះតៃវ៉ាន់ ដោយបានសម្លាប់មនុស្សជាង ១០០នាក់។ ហេតុការណ៍រញ្ជួយដីដ៏អាក្រក់បំផុតនៅកោះតៃវ៉ាន់ បានកើតឡើងកាលពីខែកញ្ញា ឆ្នាំ១៩៩៩ នៅពេលរញ្ជួយដីទំហំ ៧.៦រ៉ិចទ័រ បានសម្លាប់មនុស្សប្រហែល ២៤០០នាក់៕