គណបក្សសង្គ្រោះជាតិនៅរសៀលថ្ងៃព្រហស្បតិ៍នេះចេញសេចក្តីថ្លែងការណ៍ច្រានចោលការចោទប្រកាន់មួយណាមួយដែលថាគណបក្សនេះបានប្រឌិតរឿងថាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីមិនមែនជាកូនបង្កើតរបស់លោក តែជាកូនរបស់មេដឹកនាំវៀតណាមម្នាក់ទៅវិញ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាយ អាយ ស៊ី បច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកមិញថា ពួកប្រឆាំងបានប្រឌិតរឿងថាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹងនាំវៀតណាម។
លោកថ្លែងថា៖ “នេះជារឿងអាណោចអាធមប៉ុន្តែខ្ញុំអត់នឹកថាពួកប្រឆាំង អាចធ្វើអំពើថោកទាបបែបនេះ។ដូច្នេះខ្ញុំក៏ត្រូវប្រកាន់ឥរិយាបថមួយដូចខ្ញុំបាននិយាយហើយ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកសុខ ដែរ។ ថ្នាក់ដល់កម្រិតថា កូនរបស់ខ្ញុំនេះ ប្រពន្ធខ្ញុំជាប្រពន្ធរបស់មេដឹកនាំ វៀតណាម ណាមួយនោះ។ រួចហើយបានកូន ហ៊ុន ម៉ាណែតនេះ យកទៅឲ្យ សុខ អាន ចិញ្ចឹម។គេអាចមួលបង្កាច់បែបនេះទៅរួច”។
ទោះយ៉ាងណា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ចេញឈ្មោះរបស់ក្រុមដែលលោកហៅថាពួកប្រឆាំងនោះទេ។
បើតាមសេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិថាខ្លួនជាគណបក្សដែលប្រកាន់នូវសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប និងមិនយកខ្មែរណា ឬគណបក្សនយោបាយណាជាសត្រូវឡើយ។ គណបក្សនេះបន្តថា ខ្លួនតែងតែចង់ឲ្យខ្មែរត្រូវរូវគ្នា ដោយថាដើម្បីបង្រួបបង្រួម និងផ្សះផ្សាជាតិ។ គណបក្សនេះសរសេរទៀតថា បើចង់ឲ្យខ្មែរជានាគ្នាបានលុះត្រាតែខ្មែរគ្រប់ភាគីឈប់ធ្វើឲ្យខ្មែរដទៃទៀតឈឺចាប់។
គួរបញ្ជាក់ថា កន្លងមកនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការលើកឡើងថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់មន្ត្រីយោធាជាន់ខ្ពស់របស់វៀតណាម គឺលោក ឡេដឹកថូ៕ ដោយសារតែមានការលើកឡើងនេះ លោកនាយករដ្ឋមន្ត្រីថា កូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទាមទារឲ្យមានការពិនិត្យលើDNA ដើម្បីបញ្ជាក់ការពិតផងដែរ តែលោកថា លោកមិនឲ្យកូនប្រុសរវល់ជាមួយរឿងនេះ៕