បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ហាក់បន្ទន់ជំហររបស់លោកចំពោះការហាមឃាត់ជនមូស្លីមមិនឲ្យចូលទៅសហរដ្ឋអាមេរិក។
ឆ្លើយតបទៅនឹងការលើកឡើងរបស់អភិបាលក្រុងឡុងដ៍ លោក Sadig Khan លោក Trump បានប្រាប់វិទ្យុ Fox News ថា ការហាមឃាត់នោះ គ្រាន់តែមតិមួយប៉ុណ្ណោះ។
លោក Khan បានបង្ហាញក្ដីបារម្ភថា លោកនឹងមិនអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបានទេ ប្រសិនបើលោក Trump ឡើងដឹកនាំសេតវិមាន ដោយសារតែលោកជាជនមូស្លីម។
ប៉ុន្តែ លោក Trump ប្រាប់ថា លោកនឹងលើកលែងចំពោះលោក Khan។
លោក Khan បានច្រានចោលសំណើរបស់លោក Trupm ដោយនិយាយថា ទស្សនៈរបស់មហាសេដ្ឋីទីក្រុងញូវយ៉ករូបនេះ គឺជាទស្សនៈមនុស្សខ្វះការអប់រំ ហើយនឹងធ្វើឲ្យសហរដ្ឋអាមេរិក និងអង់គ្លេស ពុំមានសុវត្ថិភាព។
លោក Trump បានស្នើឲ្យហាមឃាត់ជនមូស្លីមមិនឲ្យចូលទឹកដីអាមេរិក បន្ទាប់ពីមានការវាយប្រហារទៅលើទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្ស ១៣០នាក់កាលពីឆ្នាំមុន។
សំណើរបស់លោក Trump បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លាទាំងនៅសហរដ្ឋអាមេរិក និងនៅឯបរទេស ប៉ុន្តែ លោក Trump រហូតមកដល់ពេលនេះ នៅតែរក្សាជំហររបស់លោក ដោយនិយាយថា វាចាំបាច់សម្រាប់ធានាសន្តិសុខរបស់អាមេរិក៕