ពូត្រាចាយ៉ា៖ បំណែកដែលគេបានរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូង និងកោះRodrigues នៃ ប្រទេស Mauritian ត្រូវបានគេបញ្ជាក់ថាពិតជាបំណែកយន្តហោះ MH370។ នេះដោយយោងតាមសម្ដីរបស់លោក Liow Tiong Lai រដ្ឋមន្ត្រីគមនាគមន៍ម៉ាឡេស៊ី។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ក្រុមអ្នកជំនាញអន្តរជាតិនៅអូស្ត្រាលី បានពិនិត្យលើបំណែកពីរបន្ទះ ក្នុងនោះមានបំណែកសំបកម៉ាស៊ីនមានស្លាកសញ្ញា Roll-Royce និងបំណែកផ្ទៃខាងក្នុងនៃកាប៊ីនយន្តហោះ។
ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពម៉ាឡេស៊ី បានសន្និដ្ឋានថា បំណែកទាំងពីរនោះ ពិតជាត្រូវគ្នានឹងបំណែកផ្សេងៗទៀតរបស់យន្តហោះអាកាសចរណ៍ម៉ាឡេស៊ី Boeing ៧៧៧។
លោក Liow Tiong Lai បានរៀបរាប់ថា ក្រុមអ្នកជំនាញបញ្ជាក់ថា បំណែកទាំងពីរបន្ទះដែលយកមកពីប្រទេសអាហ្វ្រិកខាងត្បូង និងកោះ Rodrigues គឺពិតជាបំណែកយន្តហោះ MH370។
បំណែកទាំងពីរនេះ គឺជាការរកឃើញថ្មីបន្ថែមទៅលើការត្រួតពិនិត្យកាលពីខែមីនាកន្លងមកទៅលើបំណែកមួយបន្ទះ ដែលក្រុមអ្នកជំនាញប្រមូលបានពីប្រទេសមូហ្សំប៊ិក។
លោក Liow Tiong Lai បន្ថែមថា រដ្ឋាភិបាលម៉ាឡេស៊ី អូស្ត្រាលី និងចិន នៅតែបន្តប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការស្វែងរកយន្តហោះ MH370។ រហូតមកដល់បច្ចុប្បន្ននេះ ប្រតិបត្តិការស្វែងរកយន្តហោះ MH370 ត្រូវបានធ្វើឡើងលើផ្ទៃដី ១០៥ ០០០គីឡូម៉ែត្រការ៉េ។
យន្តហោះអាកាសចរណ៍ម៉ាឡេស៊ីដែលផ្ទុកមនុស្ស ២៣៩នាក់ បានបាត់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៤ នៅអំឡុងពេលហោះហើរពីទីក្រុងគួឡាឡុំពួរ ទៅទីក្រុងប៉េកាំង៕