រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ថ្លែងថា បើធ្វើផ្លូវពុះបរិវេណវិហារអ៊ីស្លាម នៅបឹងកក់នឹងធ្វើឲ្យខ្មែរអ៊ីស្លាមនៅកម្ពុជាបែកជាពីរក្រុម ដោយម្ខាងជំទាស់ទៅនឹងគម្រោងនេះ និងម្ខាងស្រប។
បន្ទាប់ពីធ្វើពីធីថ្វាយបង្គំនៅវិហារអ៊ីស្លាមអាល់សាកាល់ ដែលមានទីតាំងស្ថិតនៅបឹងកក់ នៅរសៀលថ្ងៃសុក្រ លោក អះម៉ាត់ យ៉ះយ៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចំពោះផ្លូវដែលធ្វើកាត់តាមវិហារអ៊ីស្លាមអាល់សាកាល់នេះគឺកំពុងស្ថិតក្នុងគម្រោងនៅឡើយទេ តែលោកថាប្រសិនបើគម្រោងដែលគ្រោងធ្វើផ្លូវកាត់ក្នុងដីវិហារនេះចេញមែននឹងធ្វើឲ្យសាសនិកខ្មែរអ៊ីស្លាមបែកជាពីរ ដោយម្ខាងជំទាស់ និងម្ខាងស្របទៅនឹងការធ្វើផ្លូវនេះ។
លោកថា “បើថាចង់ធ្វើៗរាងកោងបន្តិចទៅ វាកាត់តាមរបងបន្តិចទៅ វាចប់បាត់ទៅហើយ ប្អូនៗកាន់ព្រះពុទ្ធសាសនា បើគេធ្វើកាត់វត្តប្អូនៗតើប្អូនៗសប្បាយចិត្តទេ អាចថាសប្បាយចិត្ត អាចថាយើងសុំឲ្យគេធ្វើតាមរបងទៅវាចប់បាត់ទៅហើយ! ហើយខ្ញុំអត់នៅជាមួយអូស្ម័នហាសាន់ ហើយនឹងក្រុមគាត់ទេ … បងប្អូនចំណាំចុះបងប្អូនអ៊ិស្លាមអត់ចង់មានការបែកបាក់គ្នាទេ! ក៏ប៉ុន្តែបើពុះផ្លូវបងប្អូនអ៊ីស្លាមបែកជាពីរ មួយក្រុមជំទាស់មួយក្រុមធ្វើ ហើយរឿងវាទៅមិចទៀតទុកឲ្យអាល់ឡះដឹងរឿងហ្នឹង!”។
រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សុះ មុះសិន បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចេញពីថ្វាយបង្គំដែរថា គម្រោងនេះកំពុងស្ថិតក្រោមការពិចារណា ដោយសាលារាជធានីជាអ្នកសម្របសម្រួល ជាមួយអ្នកគាំទ្រ និងអ្នកជំទាស់មិនឲ្យធ្វើផ្លូវនេះ។ ប៉ុន្តែលោក សុះ មុះសិន បានគាំទ្រទៅនឹងគម្រោងធ្វើផ្លូវនេះ ដោយលោកលើកឡើងថា វាបានផ្តល់ផលប្រយោជន៍ជាច្រើនដល់សាសនិកអ៊ីស្លាម ក៏ដូចជាផលប្រយោជន៍សម្រាប់វិហារនេះ។
លោកថា យ៉ាងណាមិញបើយើងមានតែផ្លូវតែមួយពេលដែលសូត្រគម្ពីកូអានថ្នាក់ជាតិម្តងៗ ប្រជាជនពិបាកហ្នឹងមក ហើយបើមកជិះឡានក្រុងទំលាក់នៅផ្លូវមុនីវង្ស ឡានក្រុងនោះយតកទៅចតនៅខាងមុខគណៈរដ្ឋមន្ត្រី ពិបាកប្រជាជនដើរមកទាំងពាន់ៗ ពិបាកចេញចូល … ដីសល់ពីធ្វើវិហារយើងត្រូវយកមកអភិវឌ្ឍន៍យើងមិនមែនទុកចោលទេ អញ្ចឹងពេលហ្នឹងពេលមានផ្លូវហ្នឹងនៅក្បែរហ្នឹងយើងធ្វើអី សូម្បីអ្នកនៅក្បែហ្នឹង អ្នកនៅក្នុងស្រុកយើងអ្នករកស៊ី គាត់អាចមកជួលទីតាំងហ្នឹងដើម្បីរកស៊ីអីមួយ ហើយយើងបានពីជួលហ្នឹងដែរ មិនទាន់គិតពីដល់រឿងថាធ្វើអាផាតមិន ធ្វើខុនដូ ឬធ្វើអីដើម្បីរកចណូលផង ។
ប្រជាពលរដ្ឋអ៊ីស្លាមម្នាក់ លោក រ៉ូ សាលី បានស្នើឲ្យសាលារាជធានីធ្វើផ្លូវនេះស្របតាមរបងវិហារជាជាងកាត់តាមវិហារ។ លោកបន្តទៀតថា ការដែលខ្មែរអ៊ីស្លាមខ្លះគាត់គាំទ្រទៅនឹងការធ្វើផ្លូវនេះក៏ព្រោះតែពួកគាត់មិនបានយល់ពីទីតាំងនៃវិហារនេះ។
លោកថា “ ខ្ញុំសំណូមពរទៅសាលាក្រុងគឺធ្វើផ្លូវហ្នឹងទៅតាមគៀនរបង ទី២ខ្ញុំសំណូមពរទៅកាន់សាលាក្រុងប្រសិនជាគាត់គ្នានដីសងក៏ខ្ញុំព្រមដែរ! និយាយឲ្យចំ អ្នកដែលមកថ្វាយបង្គំអំបាញមិញនេះគឺមិនក្រោ៩០%ទេដែលទាមទារឲ្យផ្លូវនោះគឺធ្វើតាមគៀនរបង ដើម្បីទុកបរិវេណវិហារនេះឲ្យនៅធំ មិនមែនដូចឯកឧត្តមមួយចំនួន គាត់ចង់យកទៅធ្វើនេះធ្វើនោះ វាអត់បានទេព្រោះសាសនាអ៊ីស្លាមអត់មានអញ្ចឹងទេ បរិវេណដីវិហារឲ្យចំជាដីវិហារ។
គម្រោងធ្វើផ្លូវឆ្លងកាត់វិហារនៅបឹងកក់នេះជាគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ពីទួលគោកទៅមហាវិថីព្រះមុនីវង្ស ដែលត្រូវបានគ្រោងឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ។
អតីតនិស្សិតនិងនិស្សិតមូស្លិមកម្ពុជាបានសរសេរលិខិតចំហរមួយចុះថ្ងៃទី២៩ខែមេសា ដោយថាពួកគេមិនគាំទ្រជាដាច់ខាតចំពោះការសាងសង់ផ្លូវកាត់តាមដីវិហារឥស្លាមអាល់សារកាល់ភ្នំពេញដោយថាការធ្វើផ្លូវនេះនឹងរំខានការគោរពសាក្ការៈព្រះអល់ឡោះ។ គួរបញ្ជាក់ថាវិហារអាល់សារកាល់ភ្នំពេញដែលមានតម្លៃជាង២,៦លានដុល្លារស្ថិតនៅតំបន់បឹងកក់ ក្រោយសណ្ឋាគារភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ សម្រាប់សហគមន៍ខ្មែរឥស្លាមប្រតិបតិ្ដគោរពសាសនា៕