សមត្ថកិច្ចមូលដ្ឋាន ឲ្យដឹងថា ព្រៃលិចទឹកនៅតំបន់ទេសចរណ៍ធម្មជាតិឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលអគ្គីភ័យឆាបឆេះកាលពីថ្ងៃទី១០ខែឧសភានេះ មិនទាន់រលត់នៅឡើយទេ ដោយអះអាងថាកំពុងរាលដាលបន្ថែមទៀត។
អធិការនគរបាលស្រុកប្រាសាទបាគងលោក មិន ចន្ថា ប្រាប់វីអូឌីនៅថ្ងៃនេះថា ព្រៃលិចទឹកនៅតំបន់ទេសចរណ៍ធម្មជាតិនៅឃុំកំពង់ភ្លុក មិនទាន់រលត់នៅឡើយទេ ដែលលោកថា កំពុងឆេះរាលដាលបន្ដដែលគិតមកដល់ថ្ងៃទី១៣នេះ អស់ព្រៃប្រមាណ៥០ហិកតា ។លោកបន្ដថា កងកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពង់អន្ដរាគមន៍បូបទឹកពន្លត់ ខណៈរថយន្ដពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចមិនអាចចូលបាញ់ទឹកពន្លត់បានដោយសារគ្មានផ្លូវ។ លោកមានប្រសាសន៍ថា៖វារឿងរលត់អត់រលត់ទេ គ្រាន់តែវាឆេះខាងកើតភូមិឥឡូវវាដេញយើងទប់ស្កាត់ឆ្លងវាដេញមកខាងជើងភូមិវិញបាទ ឥឡូវបើគិតមកដល់ថ្ងៃនេះការខូចខាតប្រហែល៥០ហិកតាបាទ។
អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្ដសៀមរាបលោក ប៊ុន ថាឬទ្ធិ មានប្រសាសន៍ថា ការឆេះព្រៃលិចទឹកនេះ មិនមានផលប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋនៅតំបន់នោះឡើយ។លោកបន្ដថា អាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ និងធ្វើផ្លូវកាត់មុខភ្លើងដើម្បីកុំឲ្យឆេះរីករាលដាលបន្ដទៀត។លោកមានប្រសាសន៍ថា៖យើងប្រើម៉ាស៊ីនបូមទឹកភាគច្រើនវិញ ឡានទឹកគឺចូលមិនចុះហើយយើងព្យាយាមគ្រប់គ្រងធ្វើមិចដើម្បីទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែធំ។
នាយខ័ណ្ឌរដ្ឋបាលជលផលខេត្ដសៀមរាបលោក ព្រិន សាវិន មានប្រសាសន៍ថា អគ្គីភ័យនេះ បណ្ដាលមកពីជនខិលខូចមួយចំនួនកាប់ឆ្កាព្រៃរួចដុតយកដីធ្វើស្រែ និងមួយចំនួនទៀត កើតឡើងដោយសារមនុស្សដុតព្រៃយកឃ្មុំផងដែរ។លោកបន្ដថា លោកន្ថែមថា៖បាទៗពីដើមខែ១មកមាន២៩ចំណុចយើងរកមុខអត់ឃើញ ដូចអ្នកឃ្វាលគោគាត់ដុតអ្នករកឃ្មុំ។
លោកព្រិន សាវិន អះអាងថា ចាប់ពីដើមឆ្នាំ២០១៦នេះព្រៃលិចទឹក សរុបជាង៨៥៥ហិកតានៅខេត្ដសៀមរាប រងការឆេះបំផ្លាញ។ ព្រៃលិចទឹកដែលត្រូវអគ្គីភ័យឆេះបំផ្លាញនេះ ស្ថិតនៅស្រុកចំនួន៦ខាងជើងបឹងទន្លេសាប រួមមានស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគងជាដើម៕