មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានឲ្យដឹងថា អាមេរិកមានគម្រោងបន្តការដាក់ទណ្ឌកម្មប្រឆាំង មីយ៉ាន់យ៉ា ខណៈការកំណត់ដាក់ទណ្ឌកម្មនោះផុតកំណត់នៅសប្តាហ៍ក្រោយ ប៉ុន្តែនឹងមានការបន្ធូរបន្ថយមកជួយលើការវិនិយោគ និង ពាណិជ្ជកម្មខ្លះវិញ។
មន្ត្រីជាន់ខ្ពស់អាមេរិកថ្លែងថា កម្មវិធីសកម្មភាពជួយពង្រឹងសេដ្ឋកិច្ចក្នុងក្របខណ្ឌ អន្តរជាតិ នឹងអាចទៅដល់មីយ៉ាន់ម៉ានៅពេលឆាប់ៗ គឺមុនពេលដែលលោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសអាស៊ាននៅថ្ងៃទី២២ ខែឧសភា។ នេះបើតាមសារព័ត៌មានChannel News Asia។
រតនាគារអាមេរិក បានបញ្ជាក់ពីការបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ដោយការផ្តល់សិទ្ធិដល់ក្រុមហ៊ុន និងអ្នកវិនិយោគរួចផុតពីការដាក់ទណ្ឌកម្មជាង១០០ ក្រុមហ៊ុននិងបុគ្គលឯកជន ក្នុងនោះរួមទាំងអ្នកធ្វើជំនួញសំខាន់របស់មីយ៉ាន់ម៉ាផង។
សហរដ្ឋអាមេរិកបានដកទណ្ឌកម្មសេដ្ឋកិច្ច និង ផ្នែកហិរញ្ញវត្ថុ ប្រឆាំងមីយ៉ាន់ម៉ា ជាបណ្តើរៗតាំងពីមេដឹកនាំយោធានៃប្រទេសនេះ បានធ្វើកំណែទម្រង់ការដឹកនាំ ឆ្ពោះទៅរកការដឹកនាំរដ្ឋាភិបាលដោយពួកស៊ីវិលកាលពីឆ្នាំ២០១១ ដែលជាការចាប់ផ្តើមផ្លាស់ប្តូរចេញពីប្រទេសដែលអន្តរជាតិមើលឃើញក្នុងផ្លូវអាក្រក់៕