តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលត្រូវបានចាប់ខ្លួនរឿងនិយាយពីផែនទីក្លែងក្លាយ បានអះអាងថាអ្នកការពារទឹកដីត្រូវជាប់ពន្ធនាគារ ចំណែកអ្នកធ្វើឲ្យបាត់បង់ទឹកដីគឺជា”អ្នកស្នេហាជាតិ”។
នៅព្រឹកថ្ងៃអង្គារនេះ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនមកសាលាឧទ្ធរណ៍ ដើម្បីស្តាប់សវនាការរឿងសុំនៅក្រៅឃុំបណ្តោះអាសន្ន។ ទាំងដៃជាប់ខ្នោះ លោក អ៊ុំ សំអាន បានថ្លែងថា៖ “រឿងដែលអយុត្តិធម៌ អ្នកការពារទឹកដី ត្រូវជាប់ពន្ធនាគារ ឯអ្នកធ្វើឲ្យបាត់បង់ទឹកដីគឺជាអ្នកស្នេហាជាតិនិងរួចខ្លួនទៅវិញ”។ លោកបញ្ជាក់ថាការចាប់ខ្លួនរបស់លោកផ្ទុយនឹងរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
កាលពីថ្ងៃទី២២ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាការចាប់ខ្លួនតំណាងរាស្រ្តគណបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដោយថាតំណាងរាស្រ្តរូបនោះបានញុះញង់បង្កឲ្យមានភាពស្មុគស្មាញនិងមានជម្លោះជាមួយប្រទេសជិតខាង។
គួរបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មនឹងរឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ ក្រោយពីការចាប់ខ្លួននេះ នៅថ្ងៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕