លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី បានស្នើជាថ្មីទៅកាន់រដ្ឋាភិបាលរុស្ស៊ីឲ្យបង្វែរបំណុលជំពាក់រុស្ស៊ីប្រមាណ១៥០០លានដុល្លារដែលខ្ចីរុស្ស៊ីបន្ទាប់ពីការផ្ដួលរំលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩នោះ ទៅជាជំនួយនិងការវិនិយោគរួម។
ក្នុងពេលសំណេះសំណាលជាមួយនិស្សិតខ្មែរនៅប្រទេសរុស្ស៊ីនៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងថាបំណុលដែលជំពាក់រុស្ស៊ីជាបំណុលអាចពិនិត្យបាន ដោយលោកបានប្រៀបធៀបទៅនឹងបំណុលជំពាក់អាមេរិកប្រមាណ៤៤៥លានដុល្លារ ដែលលោកចាត់ទុកជា”បំណុលកខ្វក់”មិនអាចពិនិត្យបាន។ លោកមានប្រសាសន៍ថា៖ “តែបំណុលចាស់ជាមួយរុស្ស៊ី គឺជាបំណុលដែលអាចពិនិត្យបាន យកទៅធ្វើស្អី ផ្នែកណា? យើងអាចពិនិត្យបាន។ តែបំណុលជាមួយអាមេរិកគឺជាបំណុលដែលមិនអាចពិនិត្យបានតែម្តង មិនដឹងថាលន់ នល់គឺខ្ចីយកទៅធ្វើអី? ចេះតែមានជាចំណោទចោទសួរ ធម្មតាមរតករបស់រដ្ឋយើងត្រូវតែសងហើយ ប៉ុន្តែសងឲ្យវាត្រឹមត្រូវ ទើបយើងអាចសងបាន”។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ “ប៉ុន្តែយើងនិយាយជាមួយរុស្ស៊ី យើងសុំស្នើឲ្យរុស្ស៊ីបង្វែរបំណុលដែលយើងជំពាក់គាត់ ក្រោយពីការកាត់កងអីហើយ រួចហើយ ឲ្យគាត់ផ្ទេរបំណុលហ្នឹងទៅជាជំនួយផង ទៅជាវិនិយោគរួមគ្នាផង”។ លោកបន្តថាជំនួយនេះអាចជាការបណ្តុះបណ្តាលធនធានមនុស្ស ផ្តោតលើវិស័យសង្គមផ្សេងៗនិងបរិស្ថានជាដើម។
លោក ហ៊ុន សែន មិនបានទម្លាយថាតើភាគីរុស្ស៊ីបានឆ្លើយតបយ៉ាងណាចំពោះសំណើរបស់កម្ពុជានោះទេ។
ក្នុងដំណើរទស្សនកិច្ចលោក ហ៊ុន សែននិងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន៨ ដែលក្នុងនោះមានសន្ធិសញ្ញាស្តីពីបត្យាប័ននិងកិច្ចព្រមព្រៀងលើកិច្ចសហការលើបច្ចេកទេសយោធា អនុស្សរណៈយោគយល់លើប្រព័ន្ធទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយ អនុស្សរណៈយោគយល់ពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជានិងអនុស្សរណៈយោគយល់ស្តីពីការបង្កើតក្រុមការងារកម្ពុជា-រុស្ស៊ីចំពោះកិច្ចសហការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិលជាដើម៕