នៅពេលថ្មីៗនេះមន្ត្រីការពារសិទ្ធិមនុស្សនៅសមាគមអាដហុក៥នាក់ត្រូវរដ្ឋាភិបាលចាប់ឃុំខ្លួនចោទថាជាប់ពាក់ព័ន្ធនឹងការសមគំនិតនិងសូកប៉ាន់សាក្សីឲ្យផ្តល់ចម្លើយភូតកុហកតុលាការទាក់ទិននឹងសំនុំរឿងជីវិតឯកជនរបស់ ខុម ចាន់តារ៉ាទី និងមេដឹកនាំប្រឆាំងមួយរូប។
តំណាងសហគមន៍តវ៉ាដោយសន្តិវិធីជំរុញឲ្យរដ្ឋាភិបាលពិចារណាដោះលែងមន្ត្រីសង្គមស៊ីវិលដែលកំពុងជាប់ឃុំនោះក៏ត្រូវបានបង្ក្រាបនិងចាប់ឃាត់ខ្លួនបណ្តោះអាសន្នឲ្យចុះលក្ខខណ្ឌបញ្ឈប់ការតវ៉ានោះ ដោយតម្រូវឲ្យរងចាំមានច្បាប់អនុញ្ញាតិពីអាជ្ញាធរជាមុនទើបអាចសម្តែងមតិនៅទីសាធារណៈបានបើទោះបីការតវ៉ានោះមានអ្នកតវ៉ាមានតែ៣នាក់ឬ៥នាក់ក៏ដោយ។
មួយវិញទៀតស្ថាប័នសារព័ត៌មានក្នុងស្រុកមួយចំនួនដែលមិនបានប្រើគោរមងារសម្តេចរបស់ថ្នាក់ដឹកនាំក្នុងសារព័ត៌មានរបស់ពួកគេក៏ត្រូវក្រសួងគំរាមចាត់វិធានការលុបឬព្យួរអាជ្ញាប័នពួកគេដែរ បើម្ចាស់ស្ថាប័ននោះមិនព្រមធ្វើតាមការណែនាំ របស់ក្រសួង។
ជាងនេះទៅទៀតអ្នកអត្ថាធិប្បាយនយោបាយឬអ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យខ្លះដែលរិះគន់រដ្ឋាភិបាលត្រូវបានប្តឹង ចោទពីបទបរិហាកេរ្តិ៍ទារសំណងរហូត១០ម៉ឺនដុល្លារ។
ប៉ុន្តែរដ្ឋធម្មនុញ្ញមាត្រា៣៥ចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវិតនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចសង្គម និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងម្មត់ចត់ពីអង្គការរដ្ឋ»។
មាត្រា៥១ថ្មីចែងថា «ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ពលរដ្ឋ។ ពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី»។
បើសង្គមស៊ីវិលធ្វើការលើកស្ទួយសិទ្ធិមនុស្សត្រូវបានចាប់ឃុំខ្លួន សេរីភាពនៃការបញ្ចេញមតិ ត្រូវបានរឹតបន្តឹង តើប៉ះពាល់អ្វីខ្លះ ដល់ការពង្រឹងយន្តការប្រជាធិបតេយ្យនិងស្មារតីនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា?
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថាការឆ្លើយតបរបស់រដ្ឋាភិបាលកន្លងទៅថ្មីៗនេះបង្ហាញថា សេរីភាពជាមូលដ្ឋានដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញ ព្រមទាំងកតិកាសញ្ញាអន្តរជាតិ ដែលកម្ពុជាផ្តល់សច្ចាប័នស្តីពីសិទ្ធិជាមូលដ្ឋានរបស់មនុស្ស លោកថាត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ។ លោកគិតថា វិធានការ របស់រដ្ឋាភិបាលនេះធ្វើឲ្យមជ្ឈដ្ឋាននានាបារម្ភពីជំរុញល្បឿនប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ “កាលណាសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋត្រូវបានរំលោភបំពានដូចជាសេរីភាពក្នុងការជួបជុំ សេរីភាពក្នុងការបញ្ចេញមតិ ត្រូវបានរឹតបន្តឹងគឺវាបានប៉ះពាល់ធ្ងន់ធ្ងរទៅដល់លទ្ធិប្រជាធិបតេយ្យ។ អញ្ចឹងឥឡូវនេះវាចូលដល់ដំណាក់កាលមួយទៀត ថាតើការបោះឆ្នោតនៅពេលខាងមុខហ្នឹង វាប្រាកដថាវាយុត្តិធម៌ឬមួយយ៉ាងម៉េច? អាហ្នឹង! វាជាសំនួរដែលអ្នកឃ្លាំមើលទាំងអស់កំពុងតែសម្លឹងមើលទាំងអស់គ្នា”។
លោក មឿន តុលា ឲ្យដឹងទៀតថាការលុបចោលគម្រោងជួបជុំគ្នាមុខពន្ធនាគារព្រៃសទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សដែលរដ្ឋាភិបាលចាប់ឃុំខ្លួននោះ លោកថាមិនមែនជាការបោះបង់ចោលការតស៊ូមមតិជំរុញឲ្យមានយុត្តិធម៌សង្គមនោះទេ លោក មឿន តុលា អះអាងការបន្ធូរដៃនេះដោយសារតែក្រុមអង្គការសង្គមស៊ីវិលកំពុងរកយុត្តិសាស្ត្រជំរុញដោយសន្តិវិធីមិនចង់ឲ្យអ្នកតវ៉ាប្រឈមនឹងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលនិងប្រកាន់ភ្ជាប់នូវការធ្វើយុទ្ធនាការមួយតាមបែបអហិង្សា។
អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ លើកឡើងប្រហាក់ប្រហែលដែរថាការជំរុញដោយសន្តិវិធីឲ្យដោះលែងមន្ត្រីសិទ្ធិនុស្សនៅពេលនេះ លោកថាមិនមែនជាការបន្ធូរដៃទេ ដោយលោកអះអាងថាវិធានការរបស់រដ្ឋាភិបាលពេលនេះបង្ហាញពីការរូមតូចនៃការជំរុញយន្តការប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ “បើសិនជាស្ថានការណ៍នៅតែបែបហ្នឹងទេ ប៉ះពាល់ដល់ដំណើការប្រជាធិបតេយ្យច្រើនណាស់បាទ ត្រង់ថា នៅក្នុងរបបប្រជាធិបតេយ្យគឺប្រជាពលរដ្ឋនៅក្នុងរដ្ឋហ្នឹងដែលប្រកាន់លទ្ធិប្រជាធិបតេយ្យហ្នឹង គឺមានសិទ្ធិជួបជុំ មានសិទ្ធិបញ្ចេញមតិអំពីបញ្ជាកង្វល់ដែលគេចង់និយាយ អញ្ចឹងបើរដ្ឋនៅតែមានវិធានការរដ្ឋបាលក៏ដូចជាវិធានការតុលាការទៅលើប្រជាពលរដ្ឋដែលចង់បញ្ចេញមតិហ្នឹង អាហ្នឹងគឺជាការប៉ះពាល់ដល់ដំណើការប្រជាធិបតេយ្យខ្លាំងក្លាបាទ”។
ប៉ុន្តែសម្រាប់រដ្ឋាភិបាលវិញអះអាងថាចំណាត់ការនោះជាវិធានការច្បាប់ដែលរដ្ឋាភិបាលថាដើម្បីរក្សាសណ្តាប់ធ្លាប់និងស្ថេរភាពសង្គម និងបារម្ភថាចលនានោះអាចនឹងបង្កឲ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរលំរដ្ឋាភិបាល។
ប៉ុន្តែសម្រាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៦ខែឧសភាបានក្រើនរំឭកមន្ត្រីក្រោមឱវាទថាបដិវត្តពណ៌នឹងមិនកើតមាននៅកម្ពុជាបានទេ បើការគ្រប់គ្រងមួយធ្វើឲ្យពលរដ្ឋមានសេចក្តីសុខនោះ។
លោកថា៖ “ចលនាឬបដិវត្តន៍ពណ៌អាចនឹងកើតឡើងនោះដោយសារមានភាពអសកម្មនៃការគ្រប់គ្រងរបស់យើង អាហ្នឹងយើងនិយាយការពិត បើការគ្រប់គ្រងរបស់យើងមិនថាល្អឥតខ្ចោះទេ ប៉ុន្តែបើអាចនឹងរួមរស់បានសង្គមនឹងអាចរួមរស់បាន សុខបានទាំងអស់គ្នា គ្មានហេតុផលនៃការធ្វើបដិវត្តពណ៌នោះទេ”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី លើកឡើងថាវិធានការបង្ក្រាបរបស់អាជ្ញាធរទៅលើអ្នកតស៊ូមតិ លោកថា ជាម៉ែត្រវ៉ាស់ ថាតើរដ្ឋាភិបាលបច្ចុប្បន្នបានគោរពរដ្ឋធម្មនុញ្ញបានកម្រិតណាសម្រាប់ពលរដ្ឋពិចារណា។
បើតាមលោក កែម ឡី ដើម្បីជំរុញល្បឿនប្រជាធិបតេយ្យនៅកម្ពុជា លោកថាត្រូវចូលរួមពីគ្រប់ភាគីពោលគឺបក្សប្រឆាំងត្រូវដើរតួសំខាន់ក្នុងការជំរុញឲ្យមានការគោរពច្បាប់។ សង្គមស៊ីវិលត្រូវសកម្មនិងរឹងមាំក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស។ ពលរដ្ឋត្រូវចូលរួមសកម្មក្នុងកិច្ចការសង្គមនិងចេះតាមដានទង្វើរបស់អ្នកនយោបាយ។ បក្សកាន់អំណាចដែលជាអ្នកអនុវត្តច្បាប់ត្រូវគោរពរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន៕