លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតនឹងចូលផ្តល់សក្ខីកម្មនៅក្នុងការជំនុំជម្រះក្តីលើសំណុំរឿង០០២/០២នៅសប្តាហ៍ក្រោយ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃពុធ សាលាក្តីខ្មែរក្រហមបានបញ្ជាក់ថាកាលបរិច្ឆេទស្តាប់ការផ្តល់សក្ខីកម្មរបស់កាំង ហ្កេកអ៊ាវ គឺចាប់ពីថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៦តទៅ។ សេចក្តីប្រកាសបន្ថែមថាឌុចត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។
សេចក្តីប្រកាសបញ្ជាក់ថា៖ “នេះគឺជាលើកទី២ ហើយដែលកាំង ហ្កេកអ៊ាវ ត្រូវបានបង្ហាញខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង០០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/០១ នៅអំឡុងខែ មីនា និង ខែមេសា ឆ្នាំ ២០១២។ កាំង ហ្កេកអ៊ាវ គឺជាជនជាប់ចោទទី១ ដែលត្រូវបានវិនិច្ឆ័យសេចក្តីនៅចំពោះមុខអ.វ.ត.ក”។
គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃអ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌូចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត។
បើតាមសាលាក្តីខ្មែរក្រហម ចាប់តាំងពីដំណើរការសវនាការលើសំណុំរឿង០០២/០២ នៅខែតុលា ឆ្នាំ ២០១៤មក អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មសាក្សីចំនួន ៨៤រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣៩រូបនិងអ្នកជំនាញចំនួន៣រូបសម្រាប់សវនាការចំនួន១៨៥ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការ ស្តីពីមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងរួចហើយ ប្រធានបទបន្ទាប់(ប្រធានបទទីប្រាំ)នៃសវនាការ គឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រហម។
សាលាក្តីខ្មែរក្រហមបញ្ជាក់ថា៖ “បន្ទាប់ពីចប់ប្រធានបទក្រោយនេះ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាមហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជានិង ខៀវ សំផន។ អង្គជំនុំជម្រះរំពឹងថាសវនាការពិភាក្សាដេញដោលលើភស្តុតាងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាសនៅក្នុងឆ្នាំ២០១៧”៕