ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានដាក់លិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ ដោយស្នើសុំធ្វើបាតុកម្មនៅខែកក្កដាខាងមុខ ទាមទារឲ្យដោះលែងមន្ត្រីសង្គមស៊ីវិលនិងអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា។
លោក ម៉ម សូណង់ដូ បានឲ្យវីអូឌីដឹងថាកាលពីថ្ងៃព្រហស្បតិ៍ លោកបានដាក់លិខិតសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយដកពាក្យបណ្តឹងប្រឆាំងនឹងមន្ត្រីអាដហុកទាំង៤នាក់ រួមទាំងអគ្គលេខាធិការរងគ.ជ.ប ម្នាក់ផងដែរនោះ។ លោកយល់ថាការឃុំខ្លួនពួកគេគឺជារឿងអយុត្តិធម៌មួយ។ លោកបន្តថាបាតុកម្មដែលគ្រោងធ្វើនៅថ្ងៃទី៩ ខែកក្កដានៅទីលានប្រជាធិបតេយ្យ នឹងមានអ្នកចូលរួមមិនលើសពី២០០នាក់ដែលលោកថាអ្នកចូលរួមមិនមែនជាសកម្មជនរបស់គណបក្សនោះទេ។
លោកមានប្រសាសន៍ថា៖ “ការបោសសម្អាតអំពើពុករលួយហ្នឹងទាក់ទងទៅអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង ពូគាំទ្រ១០០% ក៏ប៉ុន្តែសុំឲ្យយកច្បាប់ហ្នឹងទៅអនុវត្តគ្រប់ស្ថាប័ន គ្រប់ប្រជាពលរដ្ឋ កុំឲ្យមានភាពលម្អៀង។ ហើយប្រសិនបើយើងកាត់ទោសតែសង្គមស៊ីវិល ហើយស្ថាប័នផ្សេងៗទៀតដែលប្រព្រឹត្តអំពើពុករលួយហ្នឹងវាច្រើនលើសលប់ហើយយើងមិនអើពើ ហើយយើងគិតតែសង្គមស៊ីវិល ត្រង់ហ្នឹងហើយដែលជាបញ្ហាសម្រាប់សង្គមខ្មែរដែលយើងមិនអាចផ្សះផ្សាគ្នាបាន”។
លោក ម៉ម សូណង់ដូ ឲ្យដឹងបន្ថែមទៀតថាហេតុដែលលោកទុកពេលជាង១ខែដើម្បីធ្វើបាតុកម្មនេះក៏ព្រោះតែលោកចង់ទុកពេលឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជារដ្ឋាភិបាលក្នុងការពិចារណាទៅលើសំណើដែលលោកចង់ធ្វើបាតុកម្ម។ លោកក៏បានជំរុញផងដែរឲ្យលោកកឹម សុខា ចេញមុខមកបកស្រាយទៅលើខ្សែអាត់សំឡេងដែលបែកធ្លាយនិងត្រូវបានចោទប្រកាន់ថាជាសំឡេងសន្ទនាជាមួយស្រីកំណាន់។ លោកថា៖ “អាហ្នឹងហើយវាជាបញ្ហា! ហើយដល់ពេលដែលយើងមិនហ៊ានសារភាពការពិត អាហ្នឹងហើយដែលអាចដូរពុតគ្នាទៅវិញទៅមកថាអ្នកនេះវាមិនល្អអ្នកនេះវាអាក្រក់ អារឿងតូចវាទៅជារឿងធំ។ ពូថាកំហុសធំបំផុតគឺ កឹម សុខា ហ្នឹងតែម្តង! ប្រសិនជាគាត់ចេញមកបកស្រាយតាំងពីដំបូងបញ្ហាហ្នឹងវាមិនរហូតដល់ប៉ុនហ្នឹងទេ”។
វីអូឌីមិនអាចសុំការបកស្រាយពីលោក កឹម សុខា បាននៅឡើយទេ តែលោកធ្លាប់បញ្ជាក់ថាគូបដិបក្ខបានយករឿងបុគ្គលមកផ្តួលរូបលោក។ កន្លងទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង តែងតែបញ្ជាក់ថាចំណាត់ការរបស់អង្គភាពធ្វើឡើងដោយមានភស្តុតាងត្រឹមត្រូវ។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថាសាលារាជធានីនឹងហៅ លោក ម៉ម សូណង់ដូ មកពិភាក្សានៅពេលខាងមុខ។
កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្ត្រីគ.ជ.បពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្ត្រីអាដហុក៤ រូបនោះ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ ចំណាត់ការរបស់តុលាការធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថាពួកគេជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សីនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវចោទថាជាស្រីកំណាន់របស់លោក កឹម សុខា។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។ បើរកឃើញកំហុស ពួកគេអាចជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។ កន្លងទៅ សហភាពអឺរ៉ុបបានអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សទាំងនោះ។
គួរបញ្ជាក់ថានៅរៀងរាល់ថ្ងៃចន្ទ សង្គមស៊ីវិលនិងប្រជាពលរដ្ឋមួយចំនួនបានចេញយុទ្ធនាការពាក់អាវខ្មៅជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យដោះលែងមន្រ្តីការពារសិទ្ធិមនុស្ស៕