ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានសម្តែងក្តីបារម្ភចំពោះភាពទុកចិត្តទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ស្របពេលតុលាការបានសើរើករណីហិង្សានៅផ្លូវវ៉េងស្រេង ដែលលោក រ៉ុង ឈុន សមាជិកគ.ជ.ប ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាត បានចេញលិខិតជូនដំណឹងមួយចុះថ្ងៃទី២៦ ខែមេសា ទៅលោក រ៉ុង ឈុន ដោយបញ្ជាក់ថាលោកបានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងហិង្សានៅផ្លូវវ៉េងស្រេងដែលកើតឡើងតាំងពីដើមខែមករា ឆ្នាំ២០១៤ ទៅជំនុំជម្រះ។
លោក សម រង្ស៊ី ប្រាប់វីអូឌីតាមអ៊ីម៉េលនៅថ្ងៃព្រហស្បតិ៍នេះថា៖ “ប្រសិនបើការគាបសង្កត់ផ្នែកនយោបាយបច្ចុប្បន្ននេះនៅតែបន្តថា គ.ជ.បថ្មីនឹងបាត់បង់ភាពទុកចិត្តរបស់ខ្លួន ដោយសារវានឹងមិនអាចរៀបចំការបោះឆ្នោតមួយដោយទុកចិត្តបាន”។
កាលពីថ្ងៃពុធ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “សេណារ៉េយ៉ូ(scenario) ដ៏អាក្រក់បំផុត នៅឆ្នាំ២០១៧និង២០១៨ គឺពេលណាសហគមន៍អន្តរជាតិនៅតែយល់ច្រឡំអំពីលទ្ធិប្រជាធិបតេយ្យក្លែងក្លាយនៅប្រទេសកម្ពុជា ហើយនៅតែផ្តល់ភាពស្របច្បាប់ឲ្យទៅរបបលោក ហ៊ុន សែន ដោយចាញ់ការឃោសនារបស់គណបក្សកាន់អំណាចសព្វថ្ងៃ។ ទន្ទឹមនេះ ក្នុងសេណារ៉េយ៉ូ ដ៏អាក្រក់បំផុតនេះ ប្រជាពលរដ្ឋម្នាក់ៗនឹងភ្ញាក់ផ្អើលហើយខកចិត្ត ដោយសារតែ គ.ជ.ប. ថ្មី នៅតែស្ថិតក្រោមឥទ្ធិពលគណបក្សប្រជាជនកម្ពុជាហើយនៅតែបំភ្លៃឆន្ទៈប្រជារាស្ត្រខ្មែរ ដែលចង់ឲ្យមានការផ្លាស់ប្តូរ”។
អតីតប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលត្រូវបានជ្រើសរើសដោយគណបក្សសង្រ្គោះជាតិឲ្យក្លាយជាសមាជិកគ.ជ.បម្នាក់ក្នុងចំណោម៩នាក់ ប្រាប់វីអូឌីថាប្រសិនជាតុលាការអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន នោះសំណុំរឿងនេះត្រូវបានបញ្ចប់រួចយូរមកហើយ មិនបណ្តោយឲ្យរឿងនេះនៅបន្តយូររហូតមកទល់ពេលនេះនោះទេ។ លោកមានប្រសាសន៍ថា៖ “ តាមការពិតទៅគឺថាភ្ជាប់ឲ្យយើងមានករណីបែបហ្នឹងដើម្បី បង្កការលំបាកដល់ការងាររបស់យើងប្រចាំថ្ងៃនោះ យើងដឹងហើយគេថា ពាក្យសាមញ្ញគេថារាយមង គេដាក់មងសម្រាប់អ្នកដែលការពារសិទ្ធិកម្មករ ការពារពលរដ្ឋការពារគ្រូបង្រៀនអីហ្នឹងគេរាយមង ដាក់ចោលទៅបើថាគេមិនសប្បាយចិត្តទេគេលើកសំណុំរឿងចាស់ហ្នឹងយកមករំឭកឡើងវិញទៅ”។ លោកបន្ថែមថា៖ “តាមការពិតទៅសមាជិកគ.ជ.ប វាមិនមានអីធំដុំទេ ទំរាំតំណាងរាស្រ្តមានអភ័យឯកសិទ្ធិ សមាជិកគ.ជ.ប អត់មានអភ័យឯកសិទ្ធិផងហ្នឹង យើងមានអីទៅធំដុំអី គេចង់អូសទៅថ្មើម៉ានក៏បានដែរ អាហ្នឹងទៅតាមអារម្មណ៍របស់គេ ពីព្រោះឥឡូវគេធ្វើការតាមអារម្មណ៍ គេមិនមែនធ្វើការតាមច្បាប់ឯណា! ”។
វីអូឌីមិនអាចសុំការបញ្ជាក់ពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប និងជាសមាជិកម្នាក់ក្នុងចំណោម៩នាក់ បាននៅឡើយទេ។
លោក រ៉ុង ឈុន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធាន ធ្លាប់បានចូលបំភ្លឺនៅតុលាការកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ុន្តែពួកគេមិនត្រូវបានចាប់ខ្លួននោះទេ។ តុលាការកោះហៅពួកគេបន្ទាប់ពីមានករណីប៉ះទង្គិចដោយហិង្សារវាងកងកម្លាំងសមត្ថកិច្ចរាប់រយនាក់និងក្រុមកម្មករដែលតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ កាលពីថ្ងៃទី២និងទី៣ខែមករា នៅផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករ៥នាក់ស្លាប់ ជាច្រើននាក់រងរបួសនិងមួយចំនួនទៀតត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថាលោក រ៉ុង ឈុន បានក្លាយជាសមាជិកគ.ជ.ប កាលពីថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៥។ ចំណែកអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្រ្តីសង្គមស៊ីវិល ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាកសាក្សី ទាក់ទងនឹងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។
មាត្រា១៣នៃច្បាប់គ.ជ.ប ចែងថាប្រធាន អនុប្រធាននិងសមាជិកគ.ជ.ប ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យឬការបង្គាប់បញ្ជាដោយផ្ទាល់ឬដោយប្រហារពីបុគ្គលឬស្ថាប័នណាមួយឡើយ។ ប្រធាន អនុប្រធាននិងសមាជិកត្រូវទទួលបានការធានាការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ ក្នុងករណីចំបាច់តាមសំណូមពររបស់សាមីខ្លួន។
ក្នុងបទសម្ភាសន៍ជាមួយVOAកាលពីពេលថ្មីៗនេះ ប្រវត្តិវិទូដ៏ល្បីល្បាញមួយរូបឈ្មោះDavid Chandler បានទស្សន៍ទាយថាលោក ហ៊ុន សែន នឹងមិនអនុញ្ញាតឲ្យមានការបោះឆ្នោតត្រឹមត្រូវទេនៅឆ្នាំ២០១៧ និង២០១៨ខាងមុខហើយទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន ច្បាស់ជាមិនសុខចិត្តចុះចេញពីតំណែងឡើយ។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកជាការឆ្លើយតបថា៖ “កិច្ចការនយោបាយមិនមែនជារឿងគ្រូទាយទេ។ គ្រូទាយគឺទាយពីស្ថានការណ៍មួយក្នុងអនាគត ដូចជាព្រហ្មលិខិត ដែលគ្មាននរណាអាចកែប្រែបាន។ ទោះជាខិតខំកែប្រែយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីស្ថានការណ៍បែបនោះឡើយ។ តែតាមការពិត កិច្ចការនយោបាយ ជាដំណើរការមួយ ដែលអាចប្រែប្រួលគ្រប់ពេលវេលា អាស្រ័យលើទង្វើទៅវិញទៅមក នៃអ្នកចូលរួមក្នុងដំណើរការនោះ”។
លោក សម រង្ស៊ី បានបញ្ជាក់ថា៖ “ទន្ទឹមនឹងការវិភាគអំពីហានិភ័យទាំងនេះ ក៏មានការរៀបចំផែនការនិងគម្រោង ដើម្បីទប់ស្កាត់ឬបញ្ជៀសហានិភ័យទាំងនោះ។ ផែនការនិងគម្រោងទាំងនោះនឹងជួយឲ្យយើងគេចផុតពីសេណារ៉េយ៉ូ ដ៏អាក្រក់បំផុតនេះ គឺធ្វើយ៉ាងដូចម្តេច មិនឲ្យការទស្សន៍ទាយរបស់លោក David Chandlerក្លាយទៅជាការពិតឡើយ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថានេះគ្រាន់តែជាការទស្សន៍ទាយរបស់លោកDavid Chandlerតែប៉ុណ្ណោះ។ ចំពោះការថ្លែងរបស់លោក សម រង្ស៊ី លោក សុខ ឥសាន មានប្រសាសន៍ថាការរៀបចំថ្នាក់ដឹកនាំគ.ជ.បនិងច្បាប់គ.ជ.ប មានការចូលរួមពីគណបក្សសង្រ្គោះជាតិ៕ រាយការណ៍បន្ថែមដោយលោក ហ៊ុន សិរីវឌ្ឍន៍