ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករថានឹងមានភ្លៀងធ្លាក់ច្រើនក្នុងសប្ដាហ៍នេះ ហើយអាកាសធាតុនឹងចាប់ផ្តើមចុះត្រជាក់វិញ។
សេចក្ដីជូនដំណឹងមួយចេញថ្ងៃទី២២ ខែឧសភា ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថាតាមការ ព្យាករលើរបាយទឹកភ្លៀងប្រចាំសប្ដាហ៍ ក្នុងរយៈពេលនេះដោយគិតចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ខែឧសភា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើនស្ទើរទូទាំងប្រទេស។
ក្រសួងធនធានទឹកបានឲ្យដឹងទៀតថានៅក្នុងអំឡុងពេលនេះ រាជធានីភ្នំពេញក៏អាចនឹងទទួលទឹកភ្លៀងពីមធ្យមទៅច្រើនផងដែរ។ ក្រសួងក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឲ្យាមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ពិសេសពេលមេឃរកកលភ្លៀង។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យវីអូឌីដឹងថាចាប់ពីរយៈពេលដែលមានភ្លៀងធ្លាក់នេះតទៅ អាកាសធាតុក៏នឹងចុះត្រជាក់ជាងមុនដោយសារតែបាតុភូតែEl Nino(ក្ដៅ)ថយឥទ្ធិពល៕