លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានប្រកាសថានឹងមានការប្រារព្ធពិធីអុំទូកនៅឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃ១៣,១៤និង១៥ ខែវិច្ឆិកា នៅខាងមុខព្រះបរមរាជវាំង ដោយលោកថាកម្រិតទឹកនឹងមានភាពអំណោចផលសម្រាប់ការអុំទូក។
រដ្ឋាភិបាលបានផ្អាកការអុំទូកចំនួន៤លើកមកហើយ ក្នុងនោះបីឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០១១, ២០១២ ២០១៣ហើយប្រារព្ធឡើងវិញក្នុងឆ្នាំ២០១៤។ រដ្ឋាភិបាលបានផ្អាកការអុំទូកនៅឆ្នាំ២០១៥ ដោយថាមកពីមូលហេតុទឹករាក់ពេកមិនអាចអ៊ុំបាន។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានថ្លែងថានៅឆ្នាំនេះ ត្រូវតែមានការអ៊ុំទូក។ លោកបានថ្លែងថា៖ “ហើយធ្វើម៉េចជម្រៅទឹកឲ្យបានល្អបំផុត ដែលត្រូវអុំទូក ព្រោះបើមិនអុំទៀតគឺឡើងបីឆ្នាំជាប់គ្នា… ឆ្នាំនេះត្រូវតែអុំ អញ្ចឹងត្រៀមទូក ង ឲ្យហើយទៅ អុំបាន ប៉ុន្តែឆ្នាំទៅបើអុំ ប្រហែលជាមានបញ្ហា ព្រោះអាទឹកដែលមិនត្រូវខ្នាតនេះ គឺនឹងធ្វើឲ្យលំបាកសម្រាប់ចំណុះទូកអុំ”។
គួរបញ្ជាក់ថាការសម្រចមិនឲ្យមានការអុំទូកនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៥ ត្រូវបានអ្នកវិភាគមួយចំនួនថាដោយសារមហាជនធ្វើប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ក្រោយពីមានការវាយតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិកាលពីចុងខែតុលា ឆ្នាំ២០១៥និងការដកតំណែង លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា៕