លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសបញ្ចប់”យុទ្ធនាការទ្រង់ទ្រាយធំ”ក្នុងការដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋក្នុងអំឡុងពេលគ្រោះរាំងស្ងួត តែលោកថាមិនមែនបញ្ចប់ការចែកទឹកជូនប្រជាពលរដ្ឋក្នុងតំបន់ដែលនៅខ្វះខាតទឹកនោះទេ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ហ៊ុន សែន បានថ្លែងថាការបញ្ចប់យុទ្ធនាការទ្រង់ទ្រាយធំនេះ ដោយសារមានភ្លៀងធ្លាក់ឡើងវិញ។ លោកបានបញ្ជាក់ថាយុទ្ធនាការទ្រង់ទ្រាយនេះគឺមានន័យថាបញ្ចប់ការបញេ្ចញថវិការដ្ឋនិងបញ្ចប់ការបញ្ចេញកម្លាំងប្រដាប់អាវុធនិងរថយន្តផ្សេងៗទៅជួយប្រជាពលរដ្ឋ។ តែលោកថាការចុះជួយទឹកដល់ពលរដ្ឋដែលនៅតែរងគ្រោះ នៅតែបន្តដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។
លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យអាជ្ញាធរបន្តជីកស្រះនិងអណ្តូងទឹក ដោយលោកថាដើម្បីជៀសវាងផលលំបាកនៅឆ្នាំក្រោយទៀត។
កាលពីថ្ងៃទី២៦ខែមេសា លោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរសាធារណៈនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាចេញប្រតិបត្តិការជួយប្រជាពលរដ្ឋឲ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ខណៈប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនកំពុងជួបបញ្ហាខ្វះទឹក។ លោកបានបញ្ជាឲ្យក្រសួងធនធានទឹក អាជ្ញាធរខេត្ត កាកបាទក្រហមនិងក្រុមការងារចុះមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរកវិធីផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ “យើងមានអណ្តូងទឹក ឬទឹកពីខាងណាក៏ដោយនិយាយរួមគ្រប់ផ្នែកធ្វើសកម្មភាព ទាំងរដ្ឋ ទាំងឯកជន ទាំងកាកបាទក្រហម ហើយខ្ញុំសុំឲ្យកម្លាំងប្រដាប់អាវុធចេញពីបន្ទាយធ្វើរឿងនេះ…ហើយខ្ញុំសូមអំពាវនាវឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាទុកការងារផ្សេងមួយអន្លើប្រមូលផ្តុំប្រាក់កាសនិងការចុះជួយមូលដ្ឋានមកជួយដោះស្រាយបញ្ហាទឹកវិញ”៕