តំណាងរាស្រ្ត​លោក អ៊ុំ សំអាន បដិសេធមិនឆ្លើយសំណួររបស់ចៅក្រមស៊ើបសួរ

តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក អ៊ុំ សំអាន កាលពីកន្លងទៅ

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានបដិសេធមិនឆ្លើយទៅនឹងសំណួររបស់ចៅក្រមស៊ើបសួរ ដោយថាខ្លួនជាតំណាងរាស្រ្តនៅមានអភ័យឯកសិទ្ធិ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានសាកសួរលោក អ៊ុំ សំអាន ប្រហែលជាមួយម៉ោងនៅព្រឹកថ្ងៃពុធនេះទាក់ទងនឹងអ្វីដែលលោកបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។

មេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន គឺលោក សំ សុគង់ ថ្លែងថាកូនក្តីរបស់ខ្លួនថាគាត់ជាតំណាងរាស្រ្តនៅមានអភ័យឯកសិទ្ធិនិងថាខ្លួនប្រើប្រាស់សិទ្ធិនេះមិននិយាយជាមួយចៅក្រម។ លោកបន្តថាកូនក្តីរបស់លោកលើកឡើងទៀតថាបើសិនជាចង់ឲ្យខ្លួននិយាយជាមួយចៅក្រម លុះត្រាតែសភាដកអភ័យឯកសិទ្ធិរបស់គាត់ជាមុនសិន។ លោកបន្ថែមថា៖ “កូនក្តីរបស់ខ្ញុំក៏បាននិយាយដែរថា បើសិនជាចង់ឲ្យគាត់និយាយជាមួយចៅក្រម ចង់ឲ្យគាត់ឆ្លើយសំណួររបស់ចៅក្រម លុះណាតែមានការសម្រេចរបស់រដ្ឋសភាដោយដក ឬព្យួរអភ័យឯកសិទ្ធិគាត់ជាមុនសិន…សំណួរដែលសំខាន់(ចៅក្រម)ទាក់ទងទៅនឹងអង្គហេតុការបង្ហោះហ្វេសប៊ុករបស់គាត់ហ្នឹង…ប៉ុន្តែគ្រាន់តែគាន់មិនឆ្លើយតបនៅនឹងចៅក្រមហ្នឹង”

លោក សំ សុគង់ មិនទាន់ដឹងថាតើតុលាការនឹងមាននីតិវិធីអ្វីបន្តទៀតចំពោះកូនក្តីរបស់លោកនៅឡើយទេ តែលោកថាមេធាវីការពារក្តីនឹងប្រជុំពិភាក្សាគ្នាសិក្សាលើនីតិវិធីច្បាប់ ដោយថាមេធាចង់បង្ហាញថាការឃុំខ្លួនកូនក្តីរបស់ខ្លួននេះផ្ទុយទៅនឹងច្បាប់។

គួររំឭកដែរថាកាលពីថ្ងៃទី១៧ ខែឧសភា សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយអះអាងថាដំណើរការស៊ើបអង្កេតរបស់សាលាដំបូងមិនទាន់បញ្ចប់នៅឡើយ។

គួរបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាម ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ ក្រោយពីការចាប់ខ្លួននេះ នៅថ្ងៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ