បើទោះជារូបថតដែលបានបង្ហោះឡើងនៅលើហ្វេសប៊ុកកាន់តែបង្ហាញថាសភាពជំងឺរបស់តារាចម្រៀងនាងពេជ្រ សោភា ដែលកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យប្រទេសថៃហាក់មានសភាពធ្ងន់ធ្ងរ លោក អ៊ិន ទីតូដែលជាអ្នកគ្រប់គ្រងកម្មវិធីThe Voice Cambodia បានអះអាងថាមកទល់ពេលនេះនាងបានធូរហើយ។ លោកបានទាំងថ្លែងប្រាប់ថាពេជ្រ សោភា នឹងមិនអវត្តមានក្នុងកម្មវិធីបន្តផ្ទាល់The Voice Cambodia ក្នុងសប្ដាហ៍ទី៣នៅថ្ងៃអាទិត្យនេះផង។
លោក អ៊ិន ទីតូ បានអះអាងថាថ្វីដ្បិតតែក្នុងរូបភាពនៅតែបន្តចែកចាយនូវទិដ្ឋភាពធ្ងន់ធ្ងររបស់ពេជ្រ សោភា នៅក្នុងមន្ទីរពេទ្យថៃ ប៉ុន្តែធាតុពិតដំណឹងចុងក្រោយគឺនាងមានស្ថានភាពដូចដើមវិញហើយ ដោយអាចនិយាយថានៅរង់ចាំតែសម្រាកថែមបន្តិច ដើម្បីអោយមានកម្លាំងដូចមុនប៉ុណ្ណោះ។ លោកថានោះគ្រាន់តែជារូបភាពក្នុង ពេលព្យាបាលតារាចម្រៀងពេជ្រ សោភា ប៉ុណ្ណោះ ហើយជារូបភាពដែលខាងពេទ្យថៃគេប្រើបច្ចេកទេសឲ្យស្របនឹងជំងឺរបស់នាងនោះទេ គឺមិនមានន័យថានាងស្ថិតក្នុងធ្ងន់ខ្លាំង រហូតត្រូវសម្រាកហើយខកខានក្នុងកម្មវិធីបន្តផ្ទាល់ឡើយ។ លោកនិយាយថា៖ “ឥឡូវគាត់ធូរហើយអត់មានអីទេ រូបហ្នឹងគឺពេទ្យគេប្រើបច្ចេកទេសក្នុងការព្យាបាលចឹងហើយ ការពិតគាត់អត់មានអីទេ”។ លោកថានាងពេជ្រ សោភា មិនមានបញ្ហាធ្ងន់ធ្ងរគួរអោយបារម្ភទៀងឡើយ ហើយសភាពដែលនាងបានជួបក៏ជារឿងដដែលៗដែលមិនដល់ថ្នាក់ត្រូវបារម្ភថានាងស្ថិតក្នុងសភាពធ្ងន់ធ្ងរនោះដែរ។ លោកអះអាងថាពេជ្រ សោភា នឹងត្រឡប់មកដល់កម្ពុជានៅថ្ងៃទី២៧ ឧសភា នេះ ប៉ុន្តែមិនទាន់ច្បាស់ថាមកដល់ម៉ោងប៉ុន្មាននោះទេ ដោយរង់ចាំការបញ្ជាក់ពីក្រុមគ្រូពេទ្យថៃសិន។
លោកនិយាយកាលពីរសៀលថ្ងៃទី២៦ ឧសភាថា៖ “គាត់លែងអីហើយគឺអត់មានអីទេ ហើយស្អែក(២៧ ឧសភា) មកដល់វិញហើយ ចឹងគាត់មានបញ្ហាដល់ថ្នាក់មិនបានឡើងកម្មវិធីThe Voice ទេ!”។ លោកទទូចកុំឲ្យមានការជ្រួលច្របល់ បន្ទាប់ពីមានការចែកចាយរូបភាពក្នុងពេលព្យាបាលរបស់ពេជ្រ សោភា ដែលមើលទៅហាក់មានទិដ្ឋភាពគួរអោយបារម្ភ។ យ៉ាងណាមិញ លោកក៏ថ្លែងអំណរគុណចំពោះអ្នកគាំទ្ររបស់នាងដែលបានបង្ហាញទឹកចិត្តក្នុងការបារម្ភពីសុខទុក្ខរបស់តារាចម្រៀងរូបនេះផងដែរ។
អ្នកគ្រប់គ្រងការសម្ដែង និងជាអ្នកទទួលខុសត្រូវកម្មវិធីThe Voice Cambodia រូបនេះនិយាយថា៖ “អាភាតែចឹងទេ(ជំងឺធ្វើទុក្ខ) តែអត់ដែលមានអីទេ ហើយលើកហ្នឹងក៏អត់អីដែរ ចឹងសម្រាប់ថ្ងៃអាទិត្យគាត់នឹងបង្ហាញខ្លួនធម្មតា អត់មានអីទេ!”។ លោកបដិសេធបញ្ជាក់ថាពេជ្រ សោភា មានជំងឺអ្វីទើបបណ្ដាលឲ្យមានការបញ្ជូនទៅសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃនិងមើលទៅហាក់ដូចជាមានសភាពធ្ងន់ធ្ងន់គួរឲ្យបារម្ភនោះ។ ប៉ុន្តែយោងតាមការទទួលស្គាល់នាពេលកន្លងមករបស់សាមីខ្លួននិងការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានគឺនាងមានជំងឺឈាមសស៊ីឈាមក្រហម ដែលជំងឺមួយនេះតម្រូវឲ្យនាងប្រើថ្នាំជាប្រចាំយូរក្រែមកហើយ ដោយខាងវេជ្ជបណ្ឌិតតម្រូវមិនឲ្យនាងគិតច្រើន ហូបចុកមិនពេញលេញនិងអត់ងងុយនោះទេ។ ព័ត៌មានជាច្រើនបានអះអាងថាដោយសារតែនាងប្រឹងធ្វើការក្នុងការនិពន្ធចម្រៀងនិងបំបែកក្បាច់រាំខ្លាំងពេកតាំងពីអំឡុងចូលឆ្នាំភ្លេចគិតពីសុខភាពរបស់ខ្លួន ទើបបណ្ដាលអោយជំងឺចាស់នេះធ្វើទុក្ខឡើងវិញ។
គួរបញ្ជាក់ថាពេជ្រ សោភា ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យថៃកាលពីថ្ងៃទី២៥ ឧសភា ហើយព័ត៌មានជ្រួលច្របល់ពីសភាពជំងឺរបស់នាង ចាប់ផ្ដើមកើតឡើងបន្ទាប់ពីរូបភាពជាច្រើនសន្លឹកដែលស្ដែងពីការសភាពធ្ងន់ធ្ងរក្នុងពេលព្យាបាលត្រូវបានបង្ហោះឡើង៕