មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឲ្យដឹងថារហូតមកដល់ថ្ងៃសុក្រនេះ សមត្ថកិច្ចមិនទាន់បានទទួលដីកាពីតុលាការបង្គាប់ឲ្យចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូឌីតាមទូរស័ព្ទនៅរសៀលនេះថាបើតាមលោកដឹងតុលាការបានចោទប្រកាន់លោក កឹម សុខា រួចរាល់ហើយ និងលោកតុលាការក៏បានដាក់របាយការណ៍ទៅកាន់រដ្ឋសភារួចហើយដែរ។ ទោះយ៉ាងណា លោកថាក្រសួងមហាផ្ទៃមិនទាន់បានទទួលដីកាណាមួយពីតុលាការឲ្យតាមចាប់ខ្លួនលោក កឹម សុខា នៅឡើយ។ លោកបន្ថែមថា៖ “បាទ នៅទេ មិនទាន់មានដីកា ចាប់ខ្លួនទេ គាត់មានបទល្មើសហើយ…រង់ចាំទៅសភាសិន តុលាការធ្វើសេចក្តីរាយការណ៍ទៅសភា ព្រោះគាត់មានអភ័យឯកសិទ្ធិ”។
បើតាមសម្តីលោក ខៀវ សុភ័គ សមត្ថកិច្ចទំនងជាដឹងថាលោក កឹម សុខា កំពុងនៅទីណាមួយរួចហើយដែរ។ លោកបន្តថា៖ “យើងដឹងក៏ធ្វើមិនដឹងទៅឥឡូវហ្នឹង យើងដឹងក៏ធ្វើមិនដឹងឥឡូវ”។
នៅពេលសួរថាតើហេតុអ្វីបានជាសមត្ថកិច្ចបានចេញប្រតិបត្តិការតាមចាប់លោក កឹម សុខា កាលពីថ្ងៃព្រហស្បតិ៍ លោក ខៀវ សុភ័គ ឆ្លើយថានេះដោយសារបទល្មើសជាក់ស្តែង តែសមត្ថកិច្ចរកមិនឃើញ។ នៅពេលថាហេតុអ្វីបានជាសមត្ថកិច្ចមិនចុះប្រតិបត្តិការបន្តទៀត លោកថាករណីនេះរង់ចាំចំណាត់ការបន្តរបស់តុលាការសិន។
ដោយសារការមិនចូលបំភ្លឺរបស់លោក កឹម សុខា នៅម៉ោងប្រមាណ១២និង២០នាទីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សមត្ថកិច្ចបានឡោមព័ទ្ធទីស្នាក់បក្សសង្រ្គោះជាតិមួយភ្លែតដើម្បីរកចាប់ខ្លួនលោក កឹម សុខា តែមិនទាន់អាចចាប់បានភ្លាមៗ។ មុនការឡោមព័ទ្ធទីស្នាក់ការបក្សនៅសង្កាត់ចាក់អង្រែលើ សមត្ថកិច្ចរាប់សិបនាក់ក៏បានឃាត់រថយន្តរបស់លោក កឹម សុខា នៅព្រឹកម៉ោងប្រមាណ១១និង៣៥នាទី នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក តែរថយន្តនោះមិនមានវត្តមានរបស់លោក កឹម សុខានោះទេ គឺមានតែភរិយារបស់លោក កឹម សុខា និងអ្នកបើករថយន្តតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ពីបទបដិសេធមិនចូលបំភ្លឺ ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។
គណបក្សសង្រ្គោះជាតិបានព្រមានថាខ្លួននឹងធ្វើ”មហាបាតុកម្មអហិង្សា” ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា៕