វីដេអូផ្សព្វផ្សាយពាណិជ្ជកម្មផលិតសាប៊ូមួយដែលបង្ហាញពីបុរសស្បែកខ្មៅម្នាក់ត្រូវបានចាប់ជ្រមុចទៅក្នុងម៉ាស៊ីនបោកគក់ ហើយប្រែក្លាយទៅជាបុរសអាស៊ីសម្បុរជ្រះស្អាតមួយនោះ បង្កឲ្យមានកំហឹងផ្ទុះឡើងនៅសប្ដាហ៍នេះ ប៉ុន្តែក្រុមហ៊ុនស្ថិតនៅពីក្រោយវីដេអូនេះ បាននិយាយថា ខ្លួនគឺជាអ្នករិះគន់បរទេសដែលត្រូវការការបំភ្លឺ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា វីដេអូផ្សាយពាណិជ្ជកម្មផលិតផល Quiaobi ដែលល្បីល្បាញនៅលោកខាងលិចនោះ បានបង្ហាញបុរសស្បែកខ្មៅម្នាក់កំពុងចែចង់នារីជនជាតិចិនវ័យក្មេងម្នាក់ ដែលបានច្រកដុំសាប៊ូចូលក្នុងមាត់របស់បុរសនោះ និងចាប់ជ្រមុចបុរសនោះចូលក្នុងម៉ាស៊ីនបោកគក់។
នារីនោះបានអង្គុយនៅគម្រប់ម៉ាស៊ីននោះ ខណៈម៉ាស៊ីនក្រឡុកបុរសនោះ។ រំពេចក្រោយមក បុរសអាស៊ីម្នាក់ បានងើបចេញម៉ាស៊ីនបោកគក់ ហើយនារីនោះញញឹមដាក់។
អ្នកនាំពាក្យក្រុមហ៊ុន Leishang ដែលផលិតសាប៊ូនោះ បានប្រាប់កាសែតចិន Global Times ថា ក្រុមហ៊ុនគ្មានន័យផ្សេងទេ ប៉ុន្តែ គ្រាន់តែផ្សព្វផ្សាយផលិតផលប៉ុណ្ណោះ ហើយក្រុមហ៊ុនមិនដែលគិតអំពីបញ្ហារើសអើងជាតិសាសន៍ទេ។
អ្នកនាំពាក្យរូបនោះបន្តថា វីដេអូផ្សាយពាណិជ្ជកម្មនេះ អាចប៉ះពាល់ចំពោះប្រព័ន្ធផ្សព្វផ្សាយបរទេស។
ក្រុមហ៊ុនបានឲ្យដឹងថា ឈុតខ្លីមួយត្រូវបានចាក់ផ្សាយនៅចិន ដោយមិនបង្ហាញពីបុរសស្បែកខ្មៅនោះឡើយ។
វីដេអូផ្សាយពាណិជ្ជកម្មនេះ បានបង្កឲ្យមានការរិះគន់នៅលើទំព័រសារព័ត៌មានអាមេរិក ដែលបានចាត់ទុកវាជាឧទាហរណ៍មួយនៃឥរិយាបថប្រកាន់ជាតិសាសន៍ស្បែកខ្មៅនៅចិន៕