នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិនស៊ូ អាបេ មានផែនការពន្យារការបង្កើនពន្ធលើការលក់ទំនិញរបស់ប្រទេសជប៉ុនរយៈពេល ២ឆ្នាំកន្លះ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះមានកំណើនលូតលាស់ ហើយលោក អាបេ កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិខាងមុខ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីមន្ត្រីរដ្ឋាភិបាលជប៉ុន បានរាយការណ៍ថា លោក អាបេ បានប្រាប់ទៅរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក តារ៉ូ អាសូ និងអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចថា កាលពីថ្ងៃសៅរ៍ម្សិលមិញ លោកមានផែនការស្នើពន្យារពេលដំឡើងពន្ធលើការលក់ទំនិញជាលើកទីពីរ រហូតដល់ខែតុលា ឆ្នាំ២០១៩ខាងមុខ។
បន្ទាប់ពីធ្វើជាប្រធាននៃជំនួបកំពូលប្រទេសប្រជាធិបតេយ្យធំៗប្រាំពីរ ឬក្រុម G7 កាលពីថ្ងៃសុក្រកន្លងមក លោក អាបេ បាននិយាយថា ជប៉ុន នឹងប្រមែប្រមូលគោលនយោបាយចាំបាច់ទាំងអស់ ក្នុងនោះមានទាំងការពន្យារពេលដំឡើងពន្ធផងដែរ ដើម្បីបញ្ចៀសនូវអ្វីដែលលោក អាបេ ហៅថា វិបត្តិសេដ្ឋកិច្ច ផ្អែកតាមវិបត្តិហិរញ្ញវត្ថុសកល ដែលបានកើតឡើងក្រោយការក្ស័យធន់របស់ធនាគារ Lehman Brothers កាលពីឆ្នាំ២០០៨។
លោក អាបេ នឹងប្រកាសពីផែនការរបស់លោកនៅចុងបញ្ចប់នៃកិច្ចប្រជុំសភានៅថ្ងៃពុធខាងមុខ បន្ទាប់ពីមានជំនួបជាមួយលោក Natsuo Yamaguchi ប្រមុខគណបក្ស Komeito ដែលជាដៃគូចម្រុះរបស់គណបក្សប្រជាធិបតេយ្យសេរី៕