សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាបានអំពាវនាវឲ្យបញ្ឈប់ការយាយីផ្នែកតុលាការលើប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ខណៈលោកត្រូវបានចោទប្រកាន់ពីបទបដិសេធមិនចូលបំភ្លឺនៅតុលាការ ដោយលោកអាចជាប់ពន្ធនាគារពី១ខែទៅ៦ខែហើយគណបក្សប្រឆាំងព្រមានធ្វើមហាបាតុកម្ម ប្រសិនបើលោក កឹម សុខា ត្រូវបានចាប់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទនេះ ប្រមុខបេសកកម្មការទូតទាំងឡាយនៃសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញបានលើកឡើងថាខ្លួនខកចិត្តយ៉ាងខ្លាំងចំពោះ”ការកើនឡើងកម្តៅនយោបាយដ៏គ្រោះថ្នាក់”នៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអំពាវនាវឲ្យបញ្ឈប់នូវការយាយីផ្នែកតុលាការលើលោក កឹម សុខា និងតំណាងអង្គការសង្គមស៊ីវិលផ្សេងៗ។ សហភាពអឺរ៉ុបបានបញ្ជាក់ថា៖ “យើងជំរុញឲ្យអាជ្ញាធរកម្ពុជាបន្តកិច្ចចរចាមួយដោយស្ថាបនានិងសន្តិវិធី កាន់តែឆាប់អាចធ្វើទៅបានជាមួយបក្សប្រឆាំង ដោយយើងចាត់ទុកថាជាអ្វីដែលត្រូវកើតឡើងសម្រាប់ការបោះឆ្នោតស្របច្បាប់នៅពេលខាងមុខ”។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបធ្វើឡើងក្រោយពីរដ្ឋសភាដែលមានតែតំណាងរាស្រ្ត៦៨រូបមកពីគណបក្សប្រជាជនកម្ពុជាបានសម្រេចបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា។ គណបក្សសង្រ្គោះជាតិបានដង្ហែក្បួនដាក់ញត្តិទៅថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍កាលពីរសៀលថ្ងៃចន្ទនេះ ដោយមានការហាមឃាត់ពីសំណាក់សមត្ថកិច្ចរាប់រយនាក់។ បក្សប្រឆាំងចាត់ទុកថាចំណាត់ការផ្លូវច្បាប់លើលោក កឹម សុខា ជាការរំលោភលើរដ្ឋធម្មនុញ្ញ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីដើមខែឧសភា គណៈប្រតិភូសហភាពអឺរ៉ុបបានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។
កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។
គួរបញ្ជាក់ថាសហភាពអឺរ៉ុបបានបង្កើនការគាំទ្ររបស់ខ្លួនគួរឲ្យកត់សម្គាល់គឺរហូតដល់ចំនួន៤១០លានអឺរ៉ូក្នុងកម្មវិធីជំនួយសម្រាប់ឆ្នាំ២០១៤-២០២០។ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ដោយការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង៤ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៥៕