តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិឲ្យដឹងថាសមាជិករដ្ឋសភា ព្រឹទ្ធសភានិងប្រជាពលរដ្ឋគាំទ្របក្ស នឹងដង្ហែញត្តិតាមរថយន្តនិងម៉ូតូ ដើម្បីយកទៅថ្វាយព្រះមហាក្សត្រនៅរសៀលថ្ងៃចន្ទនេះ ដោយការដង្ហែនេះមិនចាំបាច់មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះថាការដង្ហែក្បួននឹងធ្វើឡើងតាមរថយន្តនិងម៉ូតូ ដោយមានប្រជាជនចូលរួមផងដែរ។ លោកបន្តថាការដង្ហែក្បួននេះមិនបាច់សុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ ដោយលោកថាគ្រាន់តែជូនដំណឹងបានហើយ។ លោកស្នើឲ្យអាជ្ញាធរសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍និងបញ្ចៀសការប៉ះទង្គិចណាមួយ។ លោកបញ្ជាក់ថាការដង្ហែក្បួនសុំច្បាប់អនុញ្ញាតមានតែក្នុងរបបកុម្មុយនីស្តនោះទេ។
លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថាគណបក្សបានប្រមូលស្នាមមេដៃបានជាង២០ម៉ឺននាក់ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រនៅរសៀលនេះ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រាប់សារព័ត៌មានក្នុងស្រុកថាសាលាក្រុងមិនអនុញ្ញាតឲ្យមានការហែក្បួនជាដៃខាត។
គួរបញ្ជាក់ថាកន្លងទៅ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិធ្លាប់បានដាក់លិខិតថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍លើការចាប់ខ្លួនតំណាងរាស្រ្ត លោក អ៊ុំ សំអាន ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបយ៉ាងណានោះទេ។
នៅព្រឹកថ្ងៃចន្ទនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាទាំង៦៨រូប បានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា ខណៈលោកត្រូវបានចោទប្រកាន់ថាមិនបានចូលបំភ្លឺនៅតុលាការ ហើយត្រូវបានចាត់ទុកថាជាបទល្មើសជាក់ស្តែង។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមិនមានវត្តមាននៅក្នុងកិច្ចប្រជុំសភានោះទេ។
តំណាងរាស្រ្តបក្សប្រឆាំងបានចាត់ទុកថាការបោះឆ្នោតគាំទ្រចំណាត់ការរបស់តុលាការមកលើប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ជាការរំលោភលើរដ្ឋធម្មនុញ្ញ។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
គណបក្សប្រជាជនកម្ពុជាបានអះអាងអភ័យឯកសិទ្ធិដែលអាចព្យួរបានដោយសំឡេងពីរភាគបីនៃសមាជិកទាំង១២៣ មិនអាចការពារលោក កឹម សុខា បាននោះទេ។
គណបក្សសង្រ្គោះជាតិបានព្រមានថានឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួន លោក កឹម សុខា។ គណបក្សថានឹងបន្តយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការស្តារស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាការបោះឆ្នោតនាឆ្នាំ២០១៧និង២០១៨ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។
គួរបញ្ជាក់ថាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថាតុលាការនឹងឲ្យអាជ្ញាធរចាប់ខ្លួនលោក កឹម សុខា ឬយ៉ាងណានោះទេ បើទោះជាមានការប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕ ដោយ កាន់ វិច្ឆិកានិងស៊ុន ណារិន