នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទម្សិលមិញបានច្រានចោលការអំពាវនាវនានា ឲ្យរបបយោធាមួយនេះលុបចោលបម្រាមទៅលើសកម្មភាពនយោបាយ ដោយលោកអះអាងថាអ្នកនយោបាយថៃពុំបានកែប្រែឥរិយាបថរបស់ពួកគេឡើយ។
កាសែតបាងកកប៉ុស្តិ៍របស់ថៃបានរាយការណ៍ថាការអំពាវនាវនានាឲ្យលុបចោលបម្រាមត្រូវបានរីកធំឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិរក្សាសណ្ដាប់ធ្នាប់និងសន្តិភាពកាលពីសប្ដាហ៍មុនបានលុបចោលបម្រាមលើការធ្វើដំណើរដែលបានដាក់ទៅលើបុគ្គលជាង១៥០រូប ក្រោយពីពួកយោធាដណ្ដើមអំណាចកាលពីឆ្នាំ២០១៤។
កាសែតនេះបានដកស្រង់សម្ដីលោក ប្រាយុទ្ធ ដែលបាននិយាយថាលោកនឹងមិនពិចារណាលុបចោលការរឹតបណ្តឹងដទៃទៀតឡើយ ដោយសារវាអាចនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈនិងគំរាមកំហែងដល់ការត្រួសត្រាយនយោបាយរបស់របបនេះ។
លោក ប្រាយុទ្ធ បញ្ជាក់ថាការលុបចោលបម្រាមលើការធ្វើដំណើរគ្មានអ្វីប៉ះពាល់ដល់ការធ្វើប្រជាមតិនៅថ្ងៃទី០៧ ខែសីហាខាងមុខនោះឡើយ។
នៅពេលសួរថា តើក្រុមប្រឹក្សារកឃើញសញ្ញាណាមួយនៃចលាចលនយោបាយឬទេ លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ប្រាប់ថា ខ្លឹមសារនៅលើបណ្ដាញសង្គមនិងកិច្ចសម្ភាសតាមប្រព័ន្ធផ្សព្វផ្សាយនានាបញ្ជាក់ច្បាស់ថា អ្នកនយោបាយថៃមិនទាន់បញ្ឈប់ឥរិយាបថអាក្រក់របស់ពួកគេនៅឡើយទេ៕